ស្រី​ស្រស់ គីម​លាង មាន​មោទនភាព​ដែល​​ក្លាយជា​អ្នកតំណាង​ផលិតផល​ល្បី​ពី​អី​ុ​តា​លី

ចាប់តាំងពី​បាន​បោះជំហាន​ឈាន​ជើង​ចូលមក​ប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ​តាមរយៈ​ការចូល​ហ្វឹកហាត់​ខាង​ផ្នែក​របាំ​បុរាណ ជាពិសេស បន្ទាប់ពី​ចាប់​ទទួល​ការថត​ម៉ូដ​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​តែម្ដង កញ្ញា សុគា គីម​លាង ហៅ​ស្រី​ស្រស់Kon Ant ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា បាននិងកំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​គួរសម ដែល​ក្នុងនោះ​ភាគច្រើន គេ​តែង​ឃើញ​រូបភាព​ដ៏​ស្រស់ស្អាត​របស់​កញ្ញា​ផុសចេញ​នៅតាម​បណ្តា​ផ្ទាំង​ផ្សព្វផ្សាយ​សម្អាងការផ្សេងៗ ក៏ដូចជា​ក្នុង​សៀវភៅ​ម៉ូដ​សម្លៀកបំពាក់​ជាដើម។ បន្ថែម​ពីនេះ
អ្វីដែល​កាន់តែ​ជា​មោទនភាព​ចំពោះ​តារា​ស្រី​វ័យក្មេង​មុខ​កូនកាត់​រូបនេះ គឺ​កញ្ញា​ថែមទាំង​ទទួលបាន​ការពេញចិត្ត និង​ផ្តល់​ជា​កិត្តិយស​ក្នុងនាម​ជា​អ្នកតំណាង​ផលិតផល​ដ៏​ល្បីឈ្មោះ​មកពី​ប្រទេស​អី​ុ​តា​លី ប្រចាំ​នៅ​កម្ពុជា​ថែមទៀត​ផង។

ថ្វីដ្បិតតែ​កញ្ញា សុគា គីម​លាង ទើបតែ​បានបង្ហាញ​វត្តមាន​ជា​សាធារណៈ​ត្រឹម​មួយរយៈ​ពេល​ខ្លី​ក្នុងនាម​ជាតា​រា​ស្រី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្នែក​សម្អាងការ​ក៏ពិតមែន ប៉ុន្តែ​បើ​ក្រឡេកមើល​ពី​កិត្តិ​ស័ព្ទ​របស់​កញ្ញា​វិញ​គឺមាន​ភាព​ល្បី​ខ្ចរខ្ចាយ​សាយភាយ​មិន​ចាញ់​តារា​ជំនាន់មុនៗនោះឡើយ។ ផ្ទុយទៅវិញ​ថែមទាំង​មានឱកាស​បាន​ចាក​ចេញទៅ​សម្ដែង​របាំ​បែប​បុរាណ​ខ្មែរ​នៅក្រៅ​ប្រទេស​ក្នុងនាម​ជា​អ្នកតំណាង និង​បង្ហាញ​ពី​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ តាមរយៈ​ក្រសួងទេសចរណ៍ និង​ក្រសួងពាណិជ្ជកម្ម​ជា​ញឹកញាប់ ដែល​ក្នុងនោះ​រួមមាន​ដូចជា ប្រទេស​ចិន វៀតណាម ថៃ និង​ប្រទេស​ជប៉ុន​ជាដើម។ បន្ថែម​ពីនេះ កាលពីពេល​កន្លងទៅ កញ្ញា គីម​លាង ថែមទាំង​មានឱកាស​ទទួលបាន​កិត្តិយស​ក្នុងនាម​ជា​អ្នកតំណាង​ផលិតផល​ដ៏​ល្បីឈ្មោះ​មកពី​ប្រទេស​អី​ុ​តា​លី ប្រចាំ​នៅ​កម្ពុជា​ថែមទៀត​ផង។

សម្រាប់​ស្រី​ស្រស់ Kon Ant ដែលមាន​អាយុ​ត្រឹម20ឆ្នាំ និង​ទើបតែ​បានបញ្ចប់​ការសិក្សា​លើ​មុខជំនាញ​ផ្នែក​របាំ​បុរាណ​ក្នុងនាម​ជា​នាដកា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​កាលពីពេល​កន្លង​ទៅថ្មីៗនេះ បានបង្ហាញ​ពី​អារម្មណ៍​រីករាយ និង​រំភើប​ជាមួយនឹង​សមិទ្ធផល​ផ្នែក​សិល្បៈ​ដែល​ខ្លួន​កំពុង​ទទួលបាន​នាពេលនេះ​ថា “ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា​រីករាយ​មែនទែន ព្រោះ​ការងារ​ទាំងនេះ សុទ្ធតែជា​ចំណូលចិត្ត​របស់ខ្ញុំ​តាំងពី​តូច​មកម៉្លេះ ជាពិសេស​គឺ​ការងារ​ជា​អ្នករាំ​របាំ​បុរាណ។ ប៉ុន្តែ​អ្វីដែល​កាន់តែ​ធ្វើឱ្យ​ខ្ញុំ​មាន​មោទនភាព​បំផុត​នោះ​គឺ ថែមទាំង​ទទួលបាន​ងារ​ជា​អ្នកតំណាង​ផលិតផល​ដ៏​ល្បីឈ្មោះ​គឺ​កាបូប​ម៉ាក Cromia នាំចូល​មកពី​ប្រទេស​អី​ុ​តា​លី និង​ធ្វើការ​ចែកចាយ​ផ្ដាច់មុខ​នៅ​កម្ពុជា​ដោយ​ក្រុមហ៊ុន Unique Fashion Cambodia ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​បឹង​កេងកង1ខណ្ឌចំការមន រាជធានី​ភ្នំពេញ”។

គួរបញ្ជាក់​ផងដែរ​ថា កញ្ញា គីម​លាង ដែល​បាន​ក្លាយជា​តារា​មួយ​ដួង​ស្ថិតនៅក្នុង​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន​ម្នាក់នេះ មាន​ស្រុកកំណើត​នៅក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ឪពុកម្តាយ​គឺជា​អ្នក​ប្រកប​អាជីវកម្ម និង​មាន​បងប្អូន​ចំនួន5នាក់ ក្នុងនោះ​ប្រុស2នាក់ ស្រី3នាក់ ហើយ​កញ្ញា​គឺជា​កូនស្រី​ច្បង​នៅក្នុង​គ្រួសារ៕

Advertisement