ពេជ្រ ថៃ ទ្រាំមិនបាន បញ្ចេញសំបុត្រកំណើតរបស់ខ្លួន

បន្ទាប់ពីផ្ទុះឡើងនូវការរិះគន់លើម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី 1 កុមារា ពេជ្រ ថៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងក្លារួចមក ថ្មីៗនេះស្រាប់តែ ពេជ្រ ថៃ បានបញ្ចេញសំបុត្រកំណើតពិតរបស់ខ្លួន ក្នុងគោលបំណងចង់បញ្ឈប់នូវបញ្ហាដ៏ឈឺក្បាលមួយនេះ។

ការរិះគន់ចំពោះ ពេជ្រ ថៃ មានពាក្យឆ្លើយឆ្លងតិះដៀលគ្នាជាច្រើនហូរហែបន្ដបន្ទាប់ រហូតមកដល់ថ្ងៃម្សិលមិញនេះ មានតារាចម្រៀងជើងចាស់ជាងកុមារា ពេជ្រ ថៃ បានរិះគន់ខ្លាំងៗរហូតដល់ថ្នាក់ទទូចទាមទារ ឱ្យអ្នករៀបចំកម្មវិធី The Voice Kids Global សើរើឡើងវិញនូវប្រវត្តិរូបរបស់ ពេជ្រ ថៃ ព្រមទាំងទាមទារឱ្យពិនិត្យ DNA របស់ពេជ្រ ថៃ ថែមទៀតផង ដើម្បីបញ្ជាក់ថា កុមារារូបនេះ គឺជាមនុស្សក្រិន និងក្លែងបន្លំអាយុមកចូលរួមប្រកួត។ ហើយក្នុងបំណងនេះទៀតសោត ក៏បានដាក់ការបន្ទោសទៅដល់ក្រុមអ្នករៀបចំកម្មវិធី The Voice Kids Cambodia ផងដែរ។

ដោយឡែកនៅថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2017 នេះ ប្រភពដែលសារព័ត៌មាន ឡារ៉ែន ទទួលបានគឺ ពេជ្រ ថៃ បានបញ្ចេញសំបុត្រកំណើតពិតរបស់ខ្លួនដែលបញ្ជាក់ថា បានកើតនៅថ្ងៃអង្គារ ទី24 ខែមីនា ឆ្នាំ2004 នៅក្នុងភូមិជ្រៃមួយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ប្រសិនបើគិតមកទល់ពេលនេះ កុមារារូបនេះមានអាយុ 13 ឆ្នាំ សមស្របទៅនឹងពេលដាក់ពាក្យប្រឡងពិតប្រាកដមែន មិនបានក្លែងបន្លំអាយុដូចពាក្យរិះគន់ចោទប្រកាន់នោះឡើយ៕

Advertisement