អតីតតារាឯកធម្មជាតិ 2013 វិលចូលសិល្បៈវិញ គ្រោងធ្វើឱ្យផ្ទុះទីផ្សារសិល្បៈស្រុកខ្មែរ

បន្ទាប់ពីទទួលបានជោគជ័យចំពោះវិស័យសិល្បៈនៅឯបរទេស​ ព្រមទាំងទទួលបានបទពិសោធជាច្រើនអំពីការងារសិល្បៈ រួចមក អតីតតារាឯកធម្មជាតិ 2013 ដែលបានឆ្លងកាត់ការប្រកួតនៅប្រទេស ហ្វីលីពីន បានវិលចូលមកប្រឡូកក្នុងពិភពសិល្បៈខ្មែរវិញម្ដង ដោយងាកមកចាប់អារម្មណ៍បើកផលិតកម្មរបស់ខ្លួនមួយដែលបាញ់ឆ្ពោះតែលើចម្រៀងបុរាណ មរតកដើម យីកេ ភ្លេងការ…ជាដើម-ល- ក្នុងគោលបំណងធ្វើឱ្យទីផ្សារសិល្បៈស្រុកខ្មែរល្បីល្បាញឡើង។

លោក សន សុវណ្ណារ៉ា បានប្រាប់គេហទំព័រព័ត៌មាន ឡារ៉ែន ថា ក្នុងមួយជីវីតរបស់លោក លោកស្រឡាញ់សិល្បៈណាស់ មានសិល្បៈទើបលោកអាចស្គាល់ពិភពលោក និងមានជីវិតបែបសុខស្រួលមួយនេះ។ ពីដើមឡើយ លោកថា លោកកើតចេញពីក្រុមគ្រួសារមានជីវភាពក្រីក្រ គ្មានអាហារហូបចុកគ្រប់គ្រាន់ទេ ។ លុះដល់លោកចម្រើនវ័យធំឡើងមានឱកាសបានធ្វើការជាមួយមិត្តភ័ក្ដិដែលធ្លាប់ប្រឡូកក្នុងសិល្បៈ ហើយដោយសារតែមានរូបរាងសង្ហាគួបផ្សំផងនេះ ទើបលោកសម្រេចចិត្តប្រឡងជាបុរសឯកសម្រស់ធម្មជាតិនៅប្រទេសហ្វីលីពីនឆ្នាំ2013 និងបានជាប់ជយលាភីលេខ 2 ។ តាំងពីនោះមក លោកក៏បានចុះកិច្ចកុងត្រាទៅបម្រើការងារសិល្បៈនៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ដែលជាមូលហេតុបណ្ដាលឱ្យលោកអវត្តមានពីសិល្បៈនៅស្រុកខ្មែរ។

អតីតប្រុសស្អាតបែបធម្មជាតិរូបនេះបានអះអាងទៀតថា លោកទើបតែសម្រេចចិត្តត្រឡប់មករស់នៅប្រទេសកម្ពុជាវិញបានប្រមាណជាង1 ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ហើយដោយឡែករាល់ថ្ងៃលោកមានតួនាទីជាពិធីករ អ្នករៀបចំពិធីការ តាមកម្មវិធីក្រុមហ៊ុនមួយចំនួន និងជាអ្នករៀបចំកម្មវិធីប្រគំតន្ត្រីនានាផងដែរ។ និយាយពីការវិលត្រឡប់ចូលសិល្បៈវិញ  បច្ចុប្បន្ននេះ លោកបានសម្តែងរឿងមួយចំនួន និងបានថតស្ប៉តពាណិជ្ជកម្មជាច្រើន ព្រមទាំងមានក្រុមហ៊ុនផលិតកម្មក្នុងស្រុកជាច្រើនបានទាក់ទងលោកចុះកិច្ចកុងត្រាធ្វើជាតារាក្នុងទ្រនំរបស់គេផងដែរ។

យ៉ាងណាក៏ដោយ ពេលនេះលោកមិនបណ្តោយឲ្យពេលវេលារំលងទៅមុខទៀតដោយមិនបានរំលេចសកម្មភាពសំខាន់ៗឡើយ ព្រោះយូរបំផុតពាក់កណ្តាលឆ្នាំ2018នេះ  លោកគ្រោងបើកផលិតកម្មមួយដែលនឹងថតចម្រៀងបែបបុរាណ មរតកដើម យីកេ ភ្លេងការប្រពៃណីខ្មែរ ពោលគឺគាស់រំលើងពីមរតកចម្រៀងរបស់សម័យទសវត្សរ៍ទី60 និង70 ដោយចំណាយទុនប្រមាណ៥ម៉ឺនដុល្លារ ដែលលោកអះអាងថា មានការសហការជួយពីបរទេស 50 ភាគរយ។ លោកមិនខ្លាចការខាតបង់នោះទេ ព្រោះមិនរំពឹងទីផ្សារក្នុងស្រុកខ្មែរឡើយ តែពឹងលើក្រៅស្រុក​ ស្របពេលដែលបងប្អូននៅក្រៅប្រទេសគាត់សំណូមពរផង ទើបដុះគំនិតបែបនេះឡើង។ ណាមួយបងប្អូនយើងនៅឯនាយសមុទ្រក៏ជួយជ្រោមជ្រែងបរិច្ចាគថវិកាពាក់កណ្តាលផង លោកក៏រឹតតែមានទឹកចិត្តទៅទៀត ព្រោះចង់ចូលរួមថែរក្សាបទសម័យដើមដែលបង្កប់ន័យជ្រាលជ្រៅបំផុតហ្នឹងឯង។

ជាពិសេសលោកបានបញ្ជាក់ផងដែរថា លោក និងសហការផលិតបទចម្រៀង និងស្រាវជ្រាវពីវប្បធម៌ខ្មែរ អរិយធម៌ខ្មែរជាមួយអ្នកគ្រូ គង់ ណារី ព្រមទាំងថ្លែងអំណរគុណអ្នកគ្រូដែលជាអ្នកជួយបណ្តុះបណ្តាលថ្នាលវិស័យសិល្បៈកាលពីពេលមុនឲ្យ​មានមុខមាត់ក្នុងវិស័យសិល្បៈនេះផងដែរ៕

Advertisement