ឈិន ឡុង និយាយ​ថា «ជំនាន់​របស់ខ្ញុំ​បាន​កន្លងផុត​ទៅហើយ»

ឈិន ឡុង (Jackie Chan) ដែលជា​កំពូល​តារា​សម្ដែង​ភាពយន្ត​ហុងកុង​ដ៏​ល្បីឈ្មោះ បាន​និយាយថា បច្ចុប្បន្ន​លែងមាន​អ្នកណា​ព្រម​សម្ដែង​ឈុត​គ្រោះថ្នាក់​ដូច​កាល​ជំនាន់​របស់គាត់​ទៀត​ហើយ។

យោងតាម​ទំព័រ Sohu ចុះផ្សាយ​កាលពី​ថ្ងៃទី 10 មេសា ប៉ុន្មាន​ថ្ងៃ​កន្លងទៅ កំពូល​តារាភាពយន្ត​ហុងកុង​វ័យ 69 ឆ្នាំ លោក ឈិន ឡុង បាន​ចូលរួម​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ថ្មី «ម្ចាស់​សេះ​ចិត្តសឿង» (Ride On)។ លោក ឈិន ឡុង សម្ដែង​ជា​តួអង្គ Lao Luo ជា​អ្នក​គុន​និយម​ជើងចាស់​ដែល​មាន​បញ្ហា​ច្រើន​ជាមួយនឹង​កូនស្រី Xiaobao (សម្ដែង​ដោយ Liu Haocun)។

នៅក្នុង​ពិធី​ចួប​ជុំ​ទស្សនិកជន លោក ឈិន ឡុង បាន​រម្លឹក​អំពី​សម្ដី​ដែល Xiaobao និយាយ​ជាមួយ Lao Luo ៖ «ជំនាន់​របស់​ពុក​បាន​កន្លងផុត​ទៅហើយ»។ តារា​វ័យ 69 ឆ្នាំ​ឱ្យដឹងថា សម្ដី​ដែល Xiaobao និយាយ​ក៏​ត្រឹមត្រូវ បើ​ពិនិត្យ​ក្នុងវិស័យ​ភាព​យន្ត​បច្ចុប្បន្ន​។

ភាពយន្ត​ថ្មី​រឿង «ម្ចាស់​សេះ​ចិត្តសឿង» ដែល​ដឹកនាំ​សម្ដែង​ដោយ Yang Larry ត្រូវបាន​ចាត់ទុកថា​ជា​ស្នាដៃ​ស្ដីពី​អាជីព​របស់លោក ឈិន ឡុង ហើយក៏​ជាការ​ដឹងគុណ​ចំពោះ​ក្រុម​អ្នក​គុន​និយម​ដែល​ជំនាញ​ខាង​សម្ដែង​ឈុត​ឆាក​គ្រោះថ្នាក់​ក្នុង​ភាពយន្ត​ហុងកុង។ «ម្ចាស់​សេះ​ចិត្តសឿង» មាន​ឈុត​ខ្លះ​រម្លឹក​អំពី​ខ្សែភាពយន្ត​មួយចំនួន​ដែល​បាន​ជួយ​ឱ្យ​លោក ឈិន ឡុង មាន​ឈ្មោះ​​ល្បី មានដូចជា​រឿង «ខ្ញុំ​ជា​អ្នកណា», «កំពូល​ក្បាច់​ស្រវឹង – វគ្គ II», «ផែន​ការ A»។ល។

អ្នកផ្ដល់​មតិ​យល់ថា តាមរយៈ​ឈុត​ឆាក​មួយចំនួន​នៅក្នុង​ភាពយន្ត​រឿង «ម្ចាស់​សេះ​ចិត្តសឿង» ឈិន ឡុង ព្រម​ទទួលយក​ការផ្លាស់ប្ដូរ​នៃ​សម័យកាល។ ឧទាហរណ៍ ក្នុង​ឈុត​ឆាក Lao Luo មានឱកាស​ត្រលប់​មកកាន់​កន្លែង​ថតកុន​ដើម្បី​សម្ដែង​ឈុត​ឆាក​គ្រោះថ្នាក់​ដោយ​​មិន​ព្រម​ប្រើប្រាស់​កម្មវិធី​កាត់ត​វីដេអូ​បែប​ទំនើប តែ​លោក​​ប្ដេជ្ញា​ប្រើប្រាស់​សេះ​ដើម្បី​សម្ដែង​ឈុត​លោត​ពី​ជណ្ដើរ។ ក៏ប៉ុន្តែ បន្ទាប់ពី​បាន​ពិចារណា​មួយស្របក់ Lao Luo ក៏​បញ្ជា​សេះ​ឱ្យ​ឈប់ និង​បោះបង់​ការថត​ឈុត​គ្រោះថ្នាក់​នេះ ដោយ​ទុកឱ្យ​ក្រុម​អ្នក​កាត់ត​វីដេអូ​ជា​អ្នកធ្វើ​ជំនួស។

ឈុត​សំខាន់​ៗ​របស់​ភាព​យន្ត​​រឿង «ម្ចាស់​សេះ​ចិត្តសឿង»

លោក ឈិន ឡុង និយាយថា លោក និង​ក្រុម​អ្នក​ថត​ឈុត​គ្រោះថ្នាក់​ធ្លាប់​ផ្សងគ្រោះថ្នាក់​នៅ​កន្លែង​ថត តាំងពី​ការ​លោត​ពី​អគារ​មួយ​ទៅ​អគារ​មួយ លោត​ពី​រថយន្ត​កំពុង​បរ ដាល់​ទម្លុះ​កញ្ចក់ លោត​ពី​ភ្នំ​ឡើង​ឧទ្ធម្ភាគចក្រ​ជា​ដើម ដែល​ឈុត​ទាំងនេះ​ត្រូវបាន​បញ្ចូល​ទាំង​ដុល​ទៅក្នុង​ខ្សែភាពយន្ត​ដោយ​មិន​ឆ្លងកាត់​ការកាត់ត​វីដេអូ​អ្វី​ទាំងអស់។ លោក ឈិន ឡុង ថ្លែងថា «ជំនាន់​នោះ ពួកយើង​មិនបាន​ចាត់ទុក​ខ្លួន​ឯង​ថា​ជា​មនុស្ស​នោះទេ…។ ប៉ុន្តែ​បច្ចុប្បន្ន បរិស្ថាន​ធ្វើការ​បាន​ប្រែប្រួល​ហើយ។ ទោះជា​អ្នក​សម្ដែង​ចង់​ប្រថុយ​ជីវិត​ក៏​អ្នកដឹកនាំ​ឈុត​ក្បាច់គុន​មិន​អនុញ្ញាត ព្រោះថា ពេល​អ្នក​សម្ដែងរ​ងរ​បួស ក្រុមការងារ​ទាំងមូល​ក៏ត្រូវ​ផ្អាក​ការថត»។

យោងតាម​លោក ឈិន ឡុង ការ​ប្រថុយ​គ្រោះថ្នាក់​លែង​នៅ​ជា​កត្តាចាំបាច់​ដែល​ត្រូវមាន​​របស់​អ្នក​សម្ដែង​ទៀតហើយ ភាពយន្ត​ក្បាច់គុន​ក៏​លែង​ជា​ប្រភេទ​ដែលមាន​អ្នកគាំទ្រ​ច្រើនជាងគេ​ទៀត​ដែរ។

ឈុត​ផ្សង​គ្រោះ​ថ្នាក់​មួយចំនួន​របស់​លោក លោក ឈិន ឡុង

ទោះជា​យ៉ាងណាក៏ដោយ លោក ឈិន ឡុង នៅតែមាន​តំណែង​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​វិស័យ​ភាពយន្ត​ចិន និង​អន្តរជាតិ។ ឈាន​ចូល​ដល់​វ័យ 70 ឆ្នាំ ការចូល​ចិត្ត​ថតកុន​របស់លោក​នៅតែ​មិន​ថមថយ។ ការថត​កុន​គឺជា​ពេលដែល​លោក​សប្បាយ​បំផុត។ លោក​សង្ឃឹមថា ជា​រៀងរាល់ឆ្នាំ​ លោក​អាច​ថត​បាន​មួយ​រឿង។ គម្រោង​ភាពយន្ត​បន្ទាប់​របស់លោក ឈិន ឡុង រួមមាន «The Myth វគ្គ​ពីរ», «ថ្វីដៃ​ប៉ូលីស​ថ្មី ឈិន​ឡុង វគ្គ​ពីរ» (New Police Story II) និង​រឿង «Chinese Zodiac វគ្គ​ពីរ»។ល។

Advertisement