កំពូល​តារាចម្រៀង Taylor Swift នឹង​ក្លាយជា​មហា​សេដ្ឋិនីឆាប់ៗនេះ

Taylor Swift ត្រូវបាន​គេ​ព្យាករ​ថា អាច​ក្លាយជា​មហា​សេដ្ឋិនី​បន្ទាប់ពី​ព្រឹត្តិការណ៍​ទេសចរណ៍​ចម្រៀង​ថ្មី​បំផុត​របស់​នាង​បញ្ចប់​នៅក្នុង​ខែកញ្ញា​ខាងមុខ។

កំពូល​តារាចម្រៀង​រូបនេះ​កំពុង​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ខន​សឺត The Eras Tour ដែលមាន​រយៈពេល 52 ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក។ រាត្រី​ខន​សឺត​នៅ​ទីក្រុង Glendale រដ្ឋ Arizona កាលពី​ថ្ងៃទី 17 មីនា មាន​ទស្សនិកជន​ប្រមាណ 69,000 នាក់​ចូល​មើល។ តួលេខ​នេះ​ជួយ​ឱ្យ Taylor Swift ក្លាយជា​តារាចម្រៀង​ស្រី​ដែលមាន​ទស្សនិកជន​ចូលរួម​ខន​សឺត​ថ្ងៃ​ដំបូង​ច្រើនជាងគេ​នៅ​សហរដ្ឋ​អាម៉េរិក។ Taylor Swift ច្រៀង 44 បទ​ក្នុង​រយៈពេល​បី​ម៉ោង ក្នុងនោះ មួយវគ្គៗសុទ្ធតែ​មានការ​រៀបចំ​យ៉ាង​អស្ចារ្យ។

ទំព័រ Billboard អធិប្បាយ​ថា តម្រូវ​ការចូល​ទស្សនា​ខន​សឺត Eras Tour គឺ​ច្រើន​មិន​ធ្លាប់មាន ធ្វើឱ្យ​គេហទំព័រ​លក់​សំបុត្រ​ត្រូវ​ជួប​បញ្ហា​នៅពេល​មាន​អ្នក​ចូល​ទិញ​ច្រើនហួស។ តម្លៃ​សំបុត្រ​ទាប​បំផុត​គឺ 289 ដុល្លារ និង​ថ្លៃ​បំផុត​គឺ 485 ដុល្លារ (មិនទាន់​គិត​ពន្ធ)។

យោងតាម Forbes សាស្ត្រាចារ្យ David Herlinhy មកពី​សាកលវិទ្យាល័យ Northeastern បាន​គណនា​ឃើញថា Taylor Swift អាច​រកប្រាក់​ចំណូល​បាន​ប្រហែល 620 លាន​ដុល្លារ​ពី​ព្រឹត្តិការណ៍​ខន​សឺត​ខាងលើ និង​ក្លាយជា​​តារាចម្រៀង​​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​ 1,000 លាន​ដុល្លារ បន្ទាប់ពី Rihanna។ ចំណែក Billboard វិញ យល់ថា Taylor Swift នឹង​រកបាន​ប្រហែល 591 លាន​ដុល្លារ ខណៈដែល​ប្រាក់ចំណេញ​ត្រូវ​ចែករំលែក​ឱ្យ​គេហទំព័រ​លក់​សំបុត្រប្រមាណ​ 12.9 លាន​ដុល្លារ។

បច្ចុប្បន្ន Taylor Swift មានទ្រព្យ​សុទ្ធ 570 លាន​ដុល្លារអាម៉េរក ច្រើនជាង Britney Spears (70 លាន​ដុល្លារ), Ariana Grande (240 លាន​ដុល្លារ) និង Adele (220 លាន​ដុល្លារ)។

Taylor Swift កើត​ឆ្នាំ 1989 និង​ចាប់ផ្ដើម​ច្រៀង​ជា​អាជីព​តាំងពី​អាយុ 15 ឆ្នាំ។ នាង​ត្រូវបាន​វាយតម្លៃថា ជា​ម្នាក់​ក្នុងចំណោម​តារាចម្រៀង​ដែល​ជោគជ័យ​ជាងគេ​ក្នុង​រយៈពេល​ជាង​ដប់ឆ្នាំ​មកនេះ ដោយ​លក់​ចម្រៀង​បាន 50 លាន​អាល់​ប៊ុ​ម រួម​នឹង​ថាស​ចម្រៀង​ប្រមាណ 150 លាន​ថាស​នៅ​ទូទាំង​សកលលោក។ ក្នុង​អាជីព Taylor Swift ទទួលបាន​ពានរង្វាន់ Grammy ចំនួន​ដប់, ពាន AMA ចំនួន 29។ ឆ្នាំ 2019 AMA បានផ្ដល់​កិ​ត្តិ​យស​ជូន Taylor Swift ថា​ជា «តារាចម្រៀង​របស់​ទស​វត្សរ៍​ឆ្នាំ 2010»។ Taylor Swift ក៏​ទទួលបាន​ពានរង្វាន់ «និមិត្តរូប​សកល» នៅ Brit Award 2021 ផងដែរ៕

Advertisement