ឱក​ សុគន្ធ​កញ្ញា​ បំផុសគំនិតយុវវ័យខ្មែរ​ឱ្យចាប់ផ្ដើមអាន និងស្រឡាញ់សៀវភៅ

នាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម​ Facebook កំពុងតែចាប់អារម្មណ៍ជាខ្លាំងចំពោះសៀវភៅ “មនោសញ្ចេតនា” ដែលជាស្នាដៃថ្មីរបស់កវីនិពន្ធទំនុកច្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក សុខ ចាន់ផល ព្រមទាំងរចនាម៉ូដរូបលើក្របសៀវភៅគឺ កញ្ញា ឱក​ សុគន្ធ​កញ្ញា ដែលជាកំពូលតារាចម្រៀងល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាទៀតផង។

នៅលើ Fcaebook Page របស់ ឱក​ សុគន្ធ​កញ្ញា បានរៀបរាប់បំផុសគំនិតយុវវ័យខ្មែរ​ឱ្យចាប់ផ្ដើមអាន និងស្រឡាញ់សៀវភៅយ៉ាងដូច្នោះថា «បើយើងក្លាយជាអ្នកដទៃ ​អ្វីៗនឹងល្អមែនទេ? មនោសញ្ចេតនា ជាសៀវភៅទីពីរដែលខ្ញុំទទួលបានពីអ្នកនិពន្ធដែលពោពេញដោយ​មនោសញ្ចេតនា សុខ​ ចាន់​ផល​ អរគុណ​បងប្រុស​ដែលបានចងក្រងសៀវភៅនេះឡើង។ ចាប់ផ្តើម​អានជាមួយនាងខ្ញុំ ឱក​ សុគន្ធ​កញ្ញា​»។ យ៉ាងណាក្ដីពីប្រភពអ្នកនិពន្ធវេទមន្ដក៏បានលើកឡើងនូវសម្ដីរបស់ ឱក​ សុគន្ធ​កញ្ញា ថា «ការងាររបស់ខ្ញុំរាល់ថ្ងៃ គឺពឹងលើការអាន បើខ្ញុំមិនអាន គឺខ្ញុំមិនដឹងថា ពាក្យដែលខ្ញុំយកទៅនិយាយជាមួយនឹងទស្សនិកជន ឬកូនក្រុមរបស់ខ្ញុំ​​​​ ត្រូវនិយាយថាម៉េចនោះទេ តែគឺខ្ញុំតែងតែសិក្សាយកពីសៀវភៅ ទើបខ្ញុំអាចយល់ដឹងពីការរស់នៅ ការប្រើប្រាស់ភាសា សិល្បៈនៃការនិយាយ តើថាយ៉ាងណាខ្លះ… »។

ឱក សុគន្ធកញ្ញា បានបន្ដលើកឡើងថា «ក្នុងមួយទំព័រៗគឺមានពាក្យពេចន៍ច្រើនណាស់ ដូច្នេះមនុស្សម្នាក់អានសៀវភៅចប់មួយក្បាល នឹងទទួលចំណេះដឹងរាប់ម៉ឺនរាប់សែនពាក្យ យកមកប្រើមិនអស់ផង។ សៀវភៅមួយក្បាលផ្ដល់ចំណេះដឹងឱ្យអ្នកអានច្រើនលើសលប់ លើសពីអ្វីដែលយើងគិតទុក។ ហើយក្នុងទស្សនៈខ្ញុំ អ្នកនិពន្ធគឺជាមនុស្សដែលរៀនបានច្រើនមែនទែន គឺច្រើនជាងអ្វីដែលយើងកំពុងតែអាននោះផង»។

គួរបញ្ជាក់ផងដែរថា ពិតជាគួរឱ្យកោតសរសើរណាស់ ដែលមានតារាល្បីៗនៅក្នុងប្រទេសកម្ពុជាដូចជា ឱក​ សុគន្ធ​កញ្ញា បានចូលរួមជំរុញការអាន ការស្រឡាញ់សៀវភៅ និងលើកទឹកចិត្តក្នុងការបន្ដវប្បធម៌នៃការអានសៀវភៅនៅកម្ពុជា បែបនេះ។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍  អាចរកជាវនៅថ្ងៃនេះបាននៅតាមហាង នស២រ និង បណ្ណាល័យបញ្ញវន្ត ឬក៏តាមរយៈទូរស័ព្ទលេខ 093 482 578 និង 077 765 063៕

 

Advertisement