អស្ចារ្យមែន!!  ឈុត “នាងឧសភី” ត្រៀមទៅបង្ហាញលើវេទិកា បវរកញ្ញា Miss Earth 2017

នៅពេលថ្មីៗនេះ បើតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Facebook របស់ Roat Nimul Menn  បានឱ្យដឹងថា ឈុត ” នាងឧសភី”  ជាឈុតតំណាងជាតិ (National Costume) ដែលសម្រាប់ស្លៀកចូលប្រកួតក្នុងកម្មវិធី Miss Earth 2017​នៅប្រទេសហ្វ៊ីលីពីន។ ឈុតនេះគឺ រចនា និងច្នៃម៉ូដដោយក្រុម La Chhouk Recycled & Creative Fashion ហើយមួយផ្នែកធំទៀតនៃរ៉ូបឈុតនេះត្រូវបានច្នៃចេញពីសំរាមស្ងួត ឬសម្ភារដែលគេប្រើប្រាស់រួច (Recycled Materials) មានដូចជាបន្ទះឌីស គម្របដប និងសម្បកបាវជាដើម។

ជាការពិតណាស់ ឈុតនេះបានផ្សារភ្ជាប់នូវអត្តសញ្ញាណខ្មែរ ដោយយកលំនាំតាមសត្វគោព្រៃ ដែលជាសត្វតំណាងជាតិ ហើយយើងក៏បានបញ្ចូលផ្នែកខ្លះនៃសម្លៀកបំពាក់របាំខ្មែរ ដូចជាសុរងក ខ្សែឈៀង -ល-  រីឯឈ្មោះ “នាងឧសភី” បានសំដៅដល់ន័យជាស្ដេចគោញី ដោយយោងតាមពាក្យថា ឧសភ ឬ ឧសភរាជ ដែលប្រែន័យសេចក្ដីថា ស្ដេចគោ ហ្នឹងឯង។

មិនត្រឹមតែប៉ុណ្ណោះ ឈុតនេះផងដែរនៅពេលបង្ហាញ វានឹងឮសំឡេងកណ្ដឹងដែលយោលទៅ​យោលមក ប្រៀបបាននឹងសំឡេងត្រដោកសត្វគោពេលធ្វើដំណើរ ហើយក៏ជាចំណុចមួយដែលបង្កើននូវភាពទាក់ទាញមួយកម្រិតទៀតដល់អ្នកទស្សនាផងដែរ ។

ពិសេសជាងនេះទៅទៀត មូលហេតុបានជាយើងយកសត្វព្រៃ និងវត្ថុដែលប្រើប្រាស់រួចជាទស្សនទាន ឬ ជាConcept ក៏ហេតុតែចង់បង្ហាញអត្ថន័យពីការចូលរួមការពារសត្វព្រៃ និង​បរិស្ថានឱ្យសមស្របទៅតាមកម្មវិធី Miss Earth 2017 ដែលគោលដៅធំរបស់កម្មវិធីនេះគឺ ការអប់រំ និងការការពារបរិស្ថាន។

គួរបញ្ជាក់ផងដែរថា ឈុត “នាងឧសភី” នេះនឹងត្រូវបានបង្ហាញម៉ូដដោយបវរកញ្ញាផែនដី តំណាងប្រទេសកម្ពុជាគឺ ​កញ្ញា អែម គន់ថង។ ជាចុងក្រោយ យើងសង្ឃឹមថា ឈុតមួយនេះនឹងបានចូលរួមចំណែកលើកមុខមាត់ប្រទេសជាតិ តាមរយៈការបង្ហាញរបស់ Miss Earth Cambodia ​ទៅដល់បណ្ដាទស្សនិកជននៃប្រទេសដទៃទៀត៕

ប្រភពរូបភាព៖ Roat Nimul Menn

 

 

Advertisement