បវរកញ្ញា ខ្លឹម ស្រីគា ទោះមិនជោគជ័យ តែក៏ស្ថិតក្នុងបេះដូងអ្នកគាំទ្រកម្ពុជាដែរ

នៅរាត្រីថ្ងៃទី25 ខែតុលា ឆ្នាំ2017 នេះ កម្មវិធីប្រកួតបវរកញ្ញា Miss Grand International 2017បានរកឃើញម្ចាស់មកុដ ហើយ គឺកញ្ញា Maria Jose Lora  មកពីប្រទេស ប៉េរូ និងបើទោះបីជាបេក្ខភាពពីកម្ពុជា កញ្ញា ខ្លឹម ស្រីគា មិនបានជាប់ជយលាភី និងនិយាយភាសាអង់គ្លេសមិនសូវបានល្អក្ដី ក៏មជ្ឈដ្ឋានអ្នកគាំទ្រកម្ពុជានៅតែបន្ដគាំទ្រនាង និងលើកទឹកចិត្តនាង ព្រមទាំងមានមោទនភាពចំពោះរូបនាងដែលជាតំណាងប្រទេស កម្ពុជា ទៅប្រកួតនៅលើឆាកអន្ដរជាតិដែរ។

នេះបើតាមការរៀបរាប់របស់ Facebook Page Miss Grand Cambodia ដែលបានផ្ដល់កម្លាំងចិត្ត​ដល់កញ្ញា ខ្លឹម ស្រីគា ថា «សូមចូលរួមសោកស្តាយ និងលើកទឹកចិត្តចំពោះកញ្ញាខ្លឹម ស្រីគា។ កញ្ញានៅតែស្ថិតក្នុងដួងចិត្តរបស់យើង កញ្ញានៅតែជា Miss Grand Cambodia ជាទីស្រឡាញ់នៃប្រជាជនកម្ពុជា។ បោះជំហានទៅមុខជាមួយគ្នា ជាមួយប្អូនៗជំនាន់ក្រោយ យើងសង្ឃឹមថា ថ្ងៃមួយនឹងមានបេក្ខនារីកម្ពុជាទទួលបានមកុដមាសដ៏មានកិត្តិយសនេះមិនខាន។ សូមថ្លែងអំណរគុណគ្រប់កម្លាំងចិត្តពីមហាជនកម្ពុជាគ្រប់ៗរូប។ សូមជូនពរសំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ »។

គួរបញ្ជាក់ផងដែរថា ទោះមិនបានជ័យលាភីគ្រងតំណែងមកុដក្ដី ក៏ប៉ុន្ដែ ខ្លឹម ស្រីគា បាន​ទទួល​ពាន​រង្វាន់​ពិសេស​១ គឺ ពាន​ប្រជាប្រិយភាព​ ដោយសារតែនាងមានភាពរីករាយរាក់ទាក់លេចធ្លោជាងគេ៕

 

Advertisement