Will Smith ទទួលបាន​ពានរង្វាន់​លើកដំបូង​ក្រោយហេតុ​វាយ​មនុស្ស​លើ​វេទិកា

កំពូលតារាសម្ដែង Will Smith

(សហរដ្ឋ​អាម៉េរិក) – កំពូល​តារា​សម្ដែង Will Smith បាន​ឡើង​ឆាក​ទទួល​ពានរង្វាន់​ភា​ព​យន្ត​ជា​លើកដំបូង បន្ទាប់ពី​មាន​រឿងរ៉ាវ​វាយតប់ Chris Rock នៅក្នុង​ព្រឹត្តិការណ៍ Oscar 2022។

កាលពី​ថ្ងៃទី 02 មីនា 2023 Will Smith បានទទួល​ពានរង្វាន់ Beacon នៅក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​សមាគម​អ្នក​រិះគន់​ភាពយន្ត​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក (AAFCA) នៅ Los Angeles។ Will Smith និយាយថា «Emancipation គឺជា​គម្រោង​ភាពយន្ត​ដែល​ពិបាក​បំផុត​សម្រាប់​ខ្ញុំ។ … ខ្ញុំ​សូម​អរគុណ AAFCA …ដែល​​ជួយ​ឱ្យ​រឿងនេះ​បាន​រស់»។

Emancipation ទទួលបាន​ខ្ទង់​ថវិកា​វិនិយោគ​ប្រហែល 120 លាន​ដុល្លារ​ពី Apple TV។ សាច់​រឿងនេះ​ត្រូវបាន​​បង្កើតឡើង​ដោយយោង​ទៅតាម​រឿងរ៉ាវ​ពិត​ស្ដីពី​ទាសករ​ម្នា​ក់នៅ Louisiana ក្នុង​ទសវត្សរ៍​ឆ្នាំ 1860។ បុរស​​ជា​ទាសករ​នេះ​បាន​រត់ចោល​ចំការ​របស់​ម្ចាស់​គាត់ ហើយ​រក​ផ្លូវ​ទៅកាន់​ភាគ​ខាងជើង​សហរដ្ឋ​អាម៉េរិក ដើម្បី​សុំចូល​ធ្វើ​ទាហាន​ក្នុង​សង្គ្រាមស៊ីវិល។ ក្រៅពី Smith គម្រោង Emancipation ក៏មាន​ការចូលរួម​សម្ដែង​ពី​តារាល្បីៗមួយចំនួន មាន​ជាអាទិ៍ Ben Foster, Steven Ogg ឬ Charmaine Bingwa ជាដើម។

AAFCA គឺជា​ទី​ដែល Will Smith បង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​ភាពយន្ត ក្រោយពី Oscar 2022។ កំពូល​តារា​សម្ដែង​រូបនេះ​ត្រូវបាន​ហាម​ចូលរួម​ព្រឹត្តិការណ៍​នានា​របស់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​សិល្បៈ​ភាពយន្ត​រយៈពេល 10 ឆ្នាំ បន្ទាប់ពី​គាត់​បាន​វាយ Chris Rock នៅលើ​ឆាក។ Will Smith នៅតែ​អាច​ក្លាយជា​បេក្ខភាព​សម្រាប់​ពានរង្វាន់​នានា​នៅក្នុង​អំឡុងពេល​ទទួល​ការពិន័យ ប៉ុន្តែ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទទួល​ពានរង្វាន់​បើសិនជា​ឈ្នះ។

អាជីព​របស់ Will Smith រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ក្រោយ​ហេតុការណ៍​ខាងលើ។ គម្រោង​ភាពយន្ត​រឿង Fast and Loose និង Bad Boys 4 ត្រូវបាន​ផ្អាក​ការផលិត​ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ។ ចំណែក​គម្រោង​ភាពយន្ត​ដទៃទៀត​ដែល​គ្រោង​នឹងមាន​វត្តមាន​របស់ Smith ក៏​អាច​ត្រូវគេ​ផ្លាស់ប្ដូរ៕

Advertisement