«អាម៉ាប់» ត្រូវ​បាន​លើក​តម្កើង​​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពាន​រង្វាន់ភាព​យន្ត​អាស៊ី 2023

Sammo Hung (Sammo Hung Kam-bo) ដែល​ទស្សនិកជន​នៅ​កម្ពុជា​ហៅ​ថា «អាម៉ាប់» នឹង​ទទួល​ពាន​រង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​នៅ​ឯព្រឹត្តិការណ៍ Asian Film Awards 2023 ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 12 មីនា 2023 នៅ​ហុងកុង​។

កាល​ពី​ថ្ងៃទី 01 មីនា គណៈកម្មការ​គ្រប់​គ្រង​ព្រឹត្តិការណ៍​ផ្ដល់​​ពានរង្វាន់ភាពយន្តអាស៊ីឆ្នាំ 2023 (Asian Film Awards 2023) បាន​ប្រកាស​ថា កំពូល​តារា​សម្ដែង​ផ្នែក​ក្បាច់គុន​ Sammo Hung ទទួល​បាន​ពាន​រង្វាន់​នេះ​ក៏​ព្រោះ​តែ​ការ​រួម​ចំណែក​នៅក្នុង​វិស័យ​ភាព​យន្ត។ តាម​រយៈ​លិខិត​ផ្ញើ​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក Sammo Hung សរសេរ​ថា «ខ្ញុំ​ពិត​ជា​រីក​រាយ និង​ភ្ញាក់​ផ្អើល​នៅ​ពេល​ឈ្នះពាន​រង្វាន់​នានា​នៅ​ក្នុង​វ័យ​នេះ​។ ពាន​រង្វាន់​នេះ​ថែម​ទាំង​មាន​អត្ថន័យ​ពិសេស​ បញ្ជាក់​ពី​អាជីព​​សម្ដែង​ទាំង​មូល​​របស់ខ្ញុំ»។

អាម៉ាប់​កើត​ឆ្នាំ 1952 និង​បានចូល​​រៀន​នៅ​សាលា​ល្ខោន​ចិន Yu Jim Yuen ពេល​មាន​អាយុ 10 ឆ្នាំ​។ ក្នុង​ដំណាក់​កាល​នោះ អាម៉ាប់ ក៏​មាន​ឱកាស​សម្ដែង​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​ចំនួន​។ ចាប់ពី​អាយុ 18 ឆ្នាំ​ អាម៉ាប់​ ចាប់​ផ្ដើម​មាន​អាជីព​ជា​អ្នក​សម្ដែង​ជំនួស​​នៅ​ក្នុង​ឈុត​ឆាក​គ្រោះថ្នាក់ និង​ក្បាច់​គុន។

លោក Sammo Hung ហៅ​ អាម៉ាប់

ក្នុង​អំឡុង​ប្រហែល 60 ឆ្នាំ​នៅ​ក្នុង​វិស័យ​ភាព​យន្ត លោក Sammo Hung បាន​កាន់​តួនាទី​ជា​ច្រើន​ ចាប់​ពី​អ្នក​សម្ដែង អ្នក​ដឹក​នាំ​សម្ដែង​ក្នុង​ឈុតឆាក​សកម្ម អ្នក​ដឹក​នាំ​រឿង និង​ផលិតករ​ភាព​យន្ត​។ អាម៉ាប់ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ និង​មាន​ភាព​ល្បី​ល្បាញ​បន្ទាប់​ពី​មាន​វត្តមាន​នៅ​ក្នុង​ខ្សែភាព​យន្ត​មួយ​ចំនួន​ មាន​ជា​អាទិ៍​ រឿង Iron Fisted Monk, Winners and Sinners, Eastern Condors (បេសកកម្ម​ឥន្ទ្រីបូព៌ា) ឬ Kill Zone ។ល។

Advertisement