«បវរកញ្ញា​កែ​ភេទ​ស្អាត​បំផុត​នៅ​ថៃ» ពាក់​មកុដ​ដាំ​មាស​​​ក្នុង​ថ្ងៃ​រៀបការ

Nong Poy ដែល​ត្រូវបាន​អ្នកសារព័ត៌មាន​មួយចំនួន​ហៅថា «បវរកញ្ញា​ប្ដូរ​ភេទ​ស្អាត​បំផុត​ប្រចាំ​ប្រទេស​ថៃ» ពាក់​មកុដ​ដាំ​មាស ពេជ្រ​​ និង​យំ​ខ្សឹក​ខ្សួល​ពេលធ្វើ​ពិធី​រៀប​មង្គលការ។

នា​ថ្ងៃទី 01 មីនា ស្រី​ស្អាត​វ័យ 37 ឆ្នាំ និង​អ្នកជំនួញ Oak Phakwa Hongyok រៀប​មង្គលការ​តាមបែប​ប្រពៃណី​របស់​ប្រជាជន​ដើមកំណើត​ចិន​នៅ Phuket ប្រទេស​ថៃ។ នាង​ពាក់​មកុដ​ដែលមាន​ដាំ​ផ្កា​ធ្វើ​ពី​មាស​។

Praew ឱ្យដឹងថា តារា​សម្ដែង​រូបនេះ​ជូត​ទឹកភ្នែក​ច្រើនដង​នៅពេល​ធ្វើ​ពិធី​នៅ​ចំពោះមុខ​ដូនតា និង​ស្ដាប់​ពាក្យ​ជូនពរ​របស់​ញាតិមិត្ត។ Nong Poy ទទួលបាន​អំណោយ​ជា​គ្រឿងអលង្ការ​ប្រចាំត្រកូល​ជាច្រើន​ពី​គ្រួសារ​ខាង​ប្រុស។ គ្រួសារ​របស់ Oak Phakwa Hongyok ក៏​ត្រៀម​អាវប៉ាក់​​សរសៃអំបោះ​មាស រួម​នឹង​គ្រឿងអលង្ការ​បុរាណ​ធ្វើ​ពី​មាស និង​ត្បូង​មានតម្លៃ​ផងដែរ។

ក្រោយពេល​ធ្វើ​ពិធី​តាមបែប​បុរាណ គូ​ស្វាមីភរិយា​ថ្មី​នេះ​នឹង​ធ្វើ​ពិធី​រៀបការ​តាមបែប​សម័យ​ទំនើប​នៅ​ថ្ងៃទី 02 មីនា។ គ្រួសារ​របស់ Oak Phakwa Hongyok បិទទ្វារ​ហាង​នានា​របស់ខ្លួន​ដើម្បី​ធ្វើ​ពិធី​រៀបការ។ Oak Pahkwa Hongyok ឆ្នាំនេះ​អាយុ 41 ទទួល​មរតក​ក្រុមហ៊ុន​គ្រប់គ្រង​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​សេវាកម្ម​ទេសចរណ៍​នៅ Phuket។

Oak Phakwa Hongyok បាន​ស្គាល់ Nong Poy កាលពី​ជាង​ម្ភៃ​ឆ្នាំមុន ពេល​នាង​មិនទាន់​វះកាត់​ប្ដូរ​ភេទ។ ពួកគេ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ពីរ​ឆ្នាំ មុនពេល​សម្រេចចិត្ត​រៀបការ។

Nong Poy វះកាត់​ប្ដូរ​ភេទ​កាលពី​វ័យ 17 ឆ្នាំ ហើយ​មួយឆ្នាំ​ក្រោយមក នាង​ក៏​ដណ្ដើមបាន​តំណែង​បវរកញ្ញា​នៅ Miss International Queen។ នាង​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ទូរទស្សន៍​មួយចំនួន​របស់​ហុងកុង និង​ថៃ។ Nong Poy ក៏​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ផងដែរ។

Nong Poy គឺជា​​ជនជាតិ​ថៃប្ដូរភេទ​​ដំបូង​គេ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី «ស្រី​ស្អាត​ជាងគេ​ទាំង 100 នាក់​របស់​ពិភពលោក» ប្រកាស​ដោយ TC Candler (គេហទំព័រ​ផ្សាយ​ពី​សិល្បៈ) ​កាលពី​ឆ្នាំ 2015៕

Advertisement