មតិ​ចម្រូងចម្រាស​ស្ដីពី​ការស្លាប់​របស់​តួអង្គ Jack ក្នុង​រឿង «Titanic» នៅ​តែ​បន្ត​កើត​មាន

អ្នកដឹកនាំ​រឿង​របស់ «Titanic» បាន​ទទួលស្គាល់ថា តួអង្គ Jack អាច​នៅ​មាន​ជីវិត បន្ទាប់ពី​បាន​បង្កើត​​ឡើង​វិញ​នូវ​ស្ថានការណ៍​ដូច​ទៅ​នឹង​ឈុត​ឆាក​ក្នុង​ខ្សែភាពយន្ត​​។

យោងតាម​ទំព័រ Complex ការជជែក​គ្នា​អំពី​ការស្លាប់​របស់ Jack បានអូសបន្លាយ​ពេល​ពេញ 25 ឆ្នាំ ធ្វើឱ្យ​អ្នក​ដឹក​រឿង James Cameron ត្រូវ​ចេញមុខ​បកស្រាយ​ជាច្រើនលើក។ កាលពី​ឆ្នាំ 2019 លោក James បាន​ប្រាប់​ទំព័រ The Toronto Sun ថា ការស្លាប់​របស់ Jack (សម្ដែង​ដោយ Leonardo DiCaprio) គឺជា «ជម្រើស​សិល្បៈ» មិនទាន់​ទង​នឹង​កត្តា​រូបវិទ្យា​ឡើយ។ «គាត់​ត្រូវតែ​ស្លាប់។ ដូច​ទៅនឹង Romeo និង Juliet។ នេះ​គឺជា​ភាពយន្ត​ស្ដីពី​ស្នេហា ការលះបង់ និង​ការស្លាប់។ ស្នេហា​ត្រូវបាន​គណនា​ដោយ​ការលះបង់» លោក James Cameron ថ្លែង​ដូច្នេះ។

ក្នុងឱកាស​ខួប 25 ឆ្នាំ​នៃ​ការបង្ហាញ​វត្តមាន​របស់​ភាពយន្ត Titanic លោក James Cameron បាន​យល់ព្រម​ចូលរួម​ក្នុង​ការពិសោធ​អំពី​ឱកាស​នៃ​ការរស់រានមានជីវិត​របស់​តួអង្គ Jack។ ដោយមាន​ការចូលរួម​របស់​ក្រុម​អ្នកស្រាវជ្រាវ​អំពី​ឥទ្ធិពល​នៃ​ភាព​ត្រជាក់​ទៅលើ​រាងកាយ​មនុស្ស ក្រុម​ផលិត​ភាពយន្ត​បាន​បង្កើត​បន្ទះ​​ក្ដារ​អណ្ដែត​ដូច​ក្នុង​រឿង Titanic និង​ជួល​អ្នក​សម្ដែង​ពីរ​នាក់​ដែលមាន​អាយុ កម្ពស់ ​ទម្ងន់ និង​ស្លៀក​ពូក​ដូច​ទៅនឹង Jack និង Rose ហើយ​ធ្វើ​ត្រាប់​តាម​សកម្មភាព និង​សម្ដី​ដូច​ក្នុង​ភាពយន្ត​នេះ។

បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិសោធ អ្នក​ដឹក​រឿង Titanic លោក James Cameron ទទួលស្គាល់​ថា Jack អាច​នៅ​មាន​ជីវិត

ក្នុងការ​ពិសោធ​ដំបូង Jack និង Rose សុទ្ធតែ​នឹង​ត្រូវ​លិច​ក្នុង​ទឹក បើសិន​ឡើងលើ​បន្ទះក្ដារ​ជាមួយគ្នា។ ក្នុងការ​ពិសោធ​ទី​ពីរ អ្នក​ទាំងពីរ​តោង​បន្ទះក្ដារ និង​បណ្ដែត​ខ្លួន​មួយ​កំណាត់​នៅលើ​ផ្ទៃ​ទឹក។ James Cameron យល់ថា វិធី​នេះ​មិនអាច​ទៅរួច ព្រោះ​ពួកគេ​អស់កម្លាំង​ទៅហើយ​ក្រោយពី​កប៉ាល់​បាន​លិច។ ក្នុងការ​ពិសោធ​ទី​បី Rose យក​​អាវ​ពោង​ឱ្យ Jack ចំណែក​នាង​ឡើង​ទៅលើ​បន្ទះក្ដារ ជួយ​ឱ្យ​កំលោះ​នេះរ​ស់បាន​ច្រើន​ម៉ោង​បន្ថែមទៀត។

«ស្ថានភាព​របស់​កំលោះ​នេះ​នៅ​ល្អ អាច​រង់ចាំ​រហូត​ដល់​​ទូក​សង្គ្រោះ​មកដល់។ Jack អាច​រស់រានមានជីវិត។ ប៉ុន្តែ​នឹង​នៅមាន​បញ្ហា​ជាច្រើន​ទៀត​ដែល​អាច​នឹង​កើតឡើង» លោក James Cameron និយាយ​ដូច្នេះ និង​បន្តថា Jack អាច​នឹងមិន​ព្រម​ទទួលយក​អាវ​ពោង​ពី Rose ព្រោះ​គិតថា «ខ្ញុំ​នឹងមិន​ធ្វើ​អ្វីដែល​នាំឱ្យ​នាង​ជួប​គ្រោះថ្នាក់»។ ក្រោយពី​បាន​ទទួលស្គាល់ថា Jack មាន​លទ្ធភាព​អាច​​រស់​រាន លោក James Cameron បញ្ជាក់​ថា «ខ្ញុំ​គួរ​ណាស់​តែ​ធ្វើ​បន្ទះក្ដារ​តូច​ជាង​នេះ»។

ទិដ្ឋភាព​ Jack បាន​ស្លាប់ ខណៈ​ Rose អស់សង្ឃឹម

ក្នុង​កម្មវិធី podcast Happy Sad Confused កាលពី​ចុងឆ្នាំ​កន្លង ពិធីករ Josh Horowitz បាន​និយាយ​ដល់​ស្ថានការណ៍​ខាងលើ​ជាមួយនឹង​តារា​សម្ដែង​ Kate Winslet ដែល​បាន​សម្ដែង​ជា​​តួអង្គ​ឯក Rose។ ដោយមាន​បទពិសោធន៍​ច្រើន​ទាក់ទង​នឹង​កីឡា​មុជទឹក​សមុទ្រ ជិះ​ស្គី​លើ​រលក​សមុទ្រ អ្នកស្រី Kate Winslet និយាយថា «បើ​សិន​​អ្នក​ដាក់​មនុស្ស​ពីរ​នាក់​ឡើងលើ​បន្ទះក្ដារ វា​នឹង​បាត់បង់​តុល្យភាព​ភ្លាម។ … ខ្ញុំ​ពិតជា​មិន​ជឿថា អ្នក​ទាំងពីរ​នឹង​នៅមាន​ជីវិត បើសិន​ឡើងលើ​បន្ទះក្ដារ​នោះ។

ឈុតឆាកនៃ​ការ​ស្លាប់​របស់តួអង្គ Jack បន្ទាប់ពី​កប៉ាល់ Titanic បាន​លិច

នៅលើ​បណ្ដាញ​សង្គម Quora ប្រធានបទ​ស្ដីពី «រឿងរ៉ាវ​អ្វីខ្លះ​នឹង​កើតឡើង​បើសិន Jack មិន​ស្លាប់​ក្នុង​ហេតុ​ការណ៍​លិច​កប៉ាល់ Titanic» បាន​ទាក់ទាញ​មតិ​រាប់​​ពាន់​លើក។ ទស្សនិកជន​ជាច្រើន​ស្រមៃ​ថា គូស្នេហ៍​នេះ​អាច​បែក​​គ្នា​ ដោយសារ Rose រង​សម្ពាធ​ពី​គ្រួសារ វណ្ណៈ​របស់​ពួកគេ​ខុសគ្នា​ឆ្ងាយ ពិសេស​គឺ​នៅពេល Jack ជា​អ្នកក្រ មិនមាន​ប្រាក់​មួយ​សេន​នៅក្នុង​ថង់។ ចំណែក​ទស្សនិកជន​ខ្លះ​ទៀត​ជឿថា Rose មិន​គប់​ខ្សែក​ដែលមាន​តម្លៃ​ខ្ពស់​ចូលទៅក្នុង​សមុទ្រ ប៉ុន្តែ​​ពួកគេ​នឹង​លក់​វា ហើយ​​អាច​រស់នៅ​ជាមួយគ្នា។ ទស្សនិកជន​ភាគច្រើន​យល់ថា បើ​សិន Jack មិន​ស្លាប់ ខ្សែភាពយន្ត​នេះ​នឹង​បាត់បង់​អត្ថន័យ​មួយចំនួន៕

Advertisement