«Ant-Man 3» ៖ មហាសង្គ្រាម​នៅក្នុង​ពិភព​ល្អិត «កង់​ទិច»

«Ant-Man and the Wasp: Quantumania» (Ant-Man 3) ត្រូវបាន​ប្រដូច​ទៅនឹង​កំណែ «Star Wars» របស់​ពិភព​ភាពយន្ត Marvel។

ស្នាដៃ​​ភាព​យន្ត​នេះ​គឺជា​វគ្គ​ដោយឡែក​ទី​បី​ស្ដីពី​កំពូល​វីរបុរស​មនុស្ស​ស្រមោច​របស់ Marvel បន្ទាប់ពី​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​របស់​វគ្គ Ant-Man (2015) និង Ant-Man and the Wasp (2018)។ សាច់​រឿង​ក្នុង​​ខ្សែភាពយន្ត​ដែល​​យកតាម​ទិដ្ឋភាព​ក្រោយ​មហាសង្គ្រាម​ជាមួយ Thanos ក្នុង​រឿង Avengers: Endgame (2019) Scott Lang (សម្ដែង​ដោយ Paul Rudd) បណ្ដែតបណ្ដោយ​ការងារ​ជា​មហា​វីរបុរស ហើយ​ផ្ដោត​លើ​ការអភិវឌ្ឍ​អាជីព​សរសេរ​សៀវភៅ និយាយ​អំពី​ស្នាដៃ​របស់ខ្លួន​ក្នុង​អតីតកាល។ ចំណែក Cassie ដែលជា​កូនស្រី​របស់គាត់ ក្លាយជា​សកម្មជន​សង្គម​ដែល​ជួប​បញ្ហា​ជា​ញឹកញាប់។

ក្នុងពេល​មួយ​ដែល​បាន​ទៅ​ជួប​កូនស្រី Scott Lang ក៏​បានដឹងថា Cassie កំពុង​អភិវឌ្ឍ​ឧបករណ៍​មួយ​ដែល​អា​ចត​ភ្ជាប់​ជាមួយនឹង​ពិភព​ល្អិត Quantum Realm។ ក្នុងពេលនោះ បញ្ហា​មួយ​បានកើត​ឡើង និង​ធ្វើឱ្យ​ក្រុម Scott Lang, Cassie, Hope, ប្ដី​ប្រពន្ធ Hank – Janet (ឪពុកម្ដាយ​របស់ Hope) ធ្លាក់​ទៅក្នុង​ពិភព​ល្អិត​របស់ ចក្រវាល​ភាពយន្ត Marvel (Marvel Cinematic Universe)។ ពួកគេ​ត្រូវបាន​បំបែក​ជា​ពីរ​ក្រុម។ ឪពុក និង​កូន​មនុស្ស​ស្រមោច​ត្រូវបាន​អ្នកស្រុក​មួយក្រុម​ចាប់​យកទៅ​សួរចម្លើយ។ ចំណែក Janet (អ្នក​ដែល​ធ្លាប់បាន​ជាប់គាំង​ច្រើន​ឆ្នាំ​ក្នុង​ពិភព​ល្អិត Quantum Realm) នាំ​ស្វាមី និង​កូន Hope ស្វែងរក​មិត្ត​ចាស់​នៅទីនេះ​ដើម្បី​សុំ​ជំនួយ។

«Ant-Man 3» ពង្រីក​ចក្រវាល​ភាពយន្ត Marvel នាំ​ទស្សនិកជន​ទៅកាន់​ពិភព​ល្អិត ជា​តំបន់​ដែល​មិនទាន់​ត្រូវបាន​បង្ហាញ​ច្រើន​ក្នុង​វគ្គមុនៗ។

នេះ​គឺជា​ពិភព​ដោយឡែក​ដែលមាន​សត្វ និង​អរិយធម៌​ច្រើន​ប្រភេទ។ ក៏ប៉ុន្តែ គ្រប់យ៉ាង​បាន​កែប្រែ​នៅពេល​កំណែ​មួយ​របស់ Kang the Conqueror (សម្ដែង​ដោយ Janathan Majors) ត្រូវបាន​និរទេស​មកដល់​ទីនេះ។ ជននេះ​បាន​យក​កម្លាំង​មកវិញបន្តិច​ម្ដងៗ និង​ដណ្ដើមបាន​​ពិភព​ល្អិត​ទាំងមូល ហើយ​រង់ចាំ​ត្រលប់​ទៅកាន់​ពិភព​ធម្មតា​ដើម្បី​បន្ត​សង្គ្រាម​ឈ្លានពាន បំផ្លាញ​ពេលវេលា។

ឈុត​ដកស្រង់​សំខាន់ៗ​របស់​ខ្សែភាពយន្ត​រឿង Ant-Man and the Wasp: Quantumania (Ant-Man 3)

Kang អាច​ផ្លាស់​ទី​ទៅកាន់​បន្ទាត់​ពេលវេលាផ្សេងៗគ្នា​ដើម្បី​បង្កើត​ឡើងវិញ​នូវ​ផែនការ​គ្រប់គ្រង​ពិភពលោក​របស់ខ្លួន។ តួអង្គ​នេះ​បានបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​អេក្រង់​ទូរទស្សន៍​នៅក្នុង​រដូវ​ទីមួយ ស៊េរី Loki (2021) ដែល​សម្ដែង​ដោយ Jonathan Majors។ Kang ក៏​គ្រោង​នឹង​បង្ហាញខ្លួន​ជាថ្មី​នៅក្នុង​វគ្គ Avengers: The Kang Dynasty (2025) និង Avengers: Secret Wars (2026)។ Kang ប្រហែល​នឹង​ក្លាយជា​តួអង្គ​អាក្រក់​សំខាន់បំផុត​របស់ Marvel Cinematic Universe (MCU) នៅក្នុង​ដំណាក់កាល​បន្ទា​ប់ ក្រោយពី​ការចាកចេញ​របស់ Thanos។

វត្តមាន​របស់ Kang និង​តំបន់ Quantum Realm គឺជា​ទិដ្ឋភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នកគាំទ្រ​របស់ Marvel នៅក្នុង​រឿង Ant-Man and the Wasp: Quantumania (Ant-Man 3)។ Ant-Man 3 ខ្សែភាពយន្ត​នេះ​ក្លាយជា​គ្រឹះ​សំខាន់​ដើម្បី​អភិវឌ្ឍ​សាច់រឿង​របស់​យីហោ​ភាពយន្ត​នេះ ហើយក៏​ជា​ស្នាដៃ​ដំបូង​នៅក្នុង​ដំណាក់កាល​ទី 5 របស់ MCU។

ទិដ្ឋភាព​ប្រយុទ្ធ​រវាង​ក្រុម Scott Lang និង​ក្រុម​កំណាច Kang ត្រូវបាន​ទំព័រសារព័ត៌មាន​ភាព​យន្ត Variety និង Rotten Tomatoes ជាដើម ​បញ្ចេញមតិ​ថា ធ្វើឱ្យ​ទស្សនិកជន​ស្រមៃ​ដល់​​ខ្សែភាពយន្ត​មួយចំនួន​របស់​យីហោ Star Wars។

ក៏ប៉ុន្តែ «Ant-Man and the Wasp: Quantumania» ទទួលបាន​ពិន្ទុ «ស្រស់» ត្រឹម 48% ប៉ុណ្ណោះ ក្នុងចំណោម​អត្ថបទ​វាយតម្លៃ​ចំនួន 289 នេះ​បើតាម Rotten Tomatoes។ ទំព័រ BBC បាន​ហៅ Ant-Man 3 ថា​ជា​គម្រោង​អន់​បំផុត​របស់ Marvel គិត​ត្រឹម​បច្ចុប្បន្ន។ យ៉ាងណាក៏ដោយ ខ្សែភាពយន្ត​នេះ​ក៏​ទទួលបាន​ការសរសើរ​ច្រើន​ផងដែរ ពិសេស​គឺ​តារា​សម្ដែង​ជា​តួអង្គ​ចិត្តអាក្រក់ Janathan Majors៕

Advertisement