ក្មួយបង្កើតរបស់​ «ស្ដេច​ចម្រៀង​ប៉ប់» សម្ដែង​ជា​តួអង្គឯក​ក្នុង​ភាព​យន្ត​ស្ដីពី​ Michael Jackson

Jaafar Jackson (ឆ្វេង) ជាក្មួយប្រុសរបស់ Michael Jackson

Jaafar Jackson ដែលជា​ក្មួយប្រុស​របស់ Michael Jackson សម្ដែង​ជា​តួអង្គ​ឯក​ក្នុង​ភាពយន្ត​ស្ដីពី​ជីវ​ប្រវត្តិ​​របស់​អតីត​ស្ដេច​ចម្រៀង​ប៉ប់។

កាលពី​ថ្ងៃទី 31 មករា ប្រភពព័ត៌មាន​របស់​ទំព័រ Variety បានឱ្យដឹងថា ក្រុម​បុគ្គលិក​​ធ្វើការ​ក្នុង​គម្រោង​ថត​ភាព​យន្ត​រឿង​ Michael របស់​អ្នកដឹកនាំ​រឿង Antoine Fuqua បានជ្រើសរើស​អ្នក​សម្ដែង​សម្រាប់​តួអង្គ​ម្ចាស់​បទ​ចម្រៀង Thriller រួច​ហើយ។ Jaafar Jackson ជា​កូនប្រុស​របស់ Jermaine Jackson ដែលជា​បងប្រុស​របស់​សព​លោក Michael Jackson នឹង​សម្ដែង​ជា​តួអង្គ​ឯក​ក្នុង​រឿង​នេះ។

អ្នកស្រី Katherine ដែលជា​ម្ដាយ​របស់ Michael Jackson ឱ្យដឹងថា «ចៅ Jaafar ដូច​កូនប្រុស​របស់ខ្ញុំ។ ពិតជា​អស្ចារ្យ​នៅពេល​បានឃើញ​ចៅ​បន្ត​ប្រពៃណី​របស់​គ្រួសារ​នៅក្នុង​វិស័យ​សិល្បៈ»។

គម្រោង​ផលិតភាព​យន្ត​ខាងលើ​ត្រូវបាន​អនុវត្ត​ដោយ​ផលិតកម្ម Liongates និង​អង្គការ​គ្រប់គ្រង​កេរដំណែល Michael Jackson។ នេះ​គឺជា​ភាពយន្ត​ខ្នាត​ធំ​ដំបូង​ដែល Jaafar Jackson សម្ដែង​ជា​តួអង្គ​ឯក។ មុន​នោះ គាត់​ធ្លាប់បាន​ចូលរួម​ថត MV និង​កម្មវិធី​ទូរទស្សន៍​មួយចំនួន។

ផលិតករ​ភាពយន្ត Graham King ដែល​ល្បីឈ្មោះ​ដោយសារ​បទ​ចម្រៀង Bohemian Rhapsody បានឱ្យដឹងថា «ខ្ញុំ​បាន​ជួប Jaafar កាលពី​ជាង​ពីរ​ឆ្នាំមុន និង​ភ្ញាក់ផ្អើល​ណាស់​នៅពេល​បានឃើញ​គាត់​មាន​បុគ្គលិកលក្ខណៈ អា​កប្ប​កិរិយា​ល្អ​ដូច Michael។ យើង​ឃើញថា បើ​ទោះ​ស្វែងរក​ជុំវិញ​ពិភពលោក​ក៏​នៅតែ​រក​មិនឃើញ​មនុស្ស​ដែល​សមស្រប​ជាង Jaafar សម្រាប់​ការ​​សម្ដែង​ជា​តួអង្គ​មួយ​នេះ»។

Michael Jackson

អ្នកដឹកនាំ​រឿង Antoine Fuqua ពេញចិត្ត​ជាមួយនឹង​ការជ្រើសរើស​អ្នក​សម្ដែង​ជា​តួអង្គ​ឯកខាងលើ ៖ «ពិតជា​រំភើប​ណាស់​ពេល​បានឃើញ Jaafar សម្ដែង​ជា Michael នៅលើ​អេក្រង់។ មាន​ការភ្ជាប់​​ទំនាក់​ទំនង​ពិសេស​ស្ដីពី​អារម្មណ៍​រវាង​គាត់ និង​ឪពុកមា​របស់គាត់»។

លោក Michael Jackson កើតឆ្នាំ 1958 និងទទួលមរណភាពក្នុងឆ្នាំ 2009

ភាពយន្ត​រឿង Michael និយាយ​អំពី​ជីវភាព​រស់នៅ​របស់​អតីត​ស្ដេច​ចម្រៀង​ប៉ប់ លោក Michael Jackson។ ក្រុម​ផលិតករ​បានឱ្យដឹងថា នឹង​ផ្ដោត​សំខាន់​ទៅលើ​ការសម្ដែងនានា​​ដែលជា​ឈុត​ឆាក​ពិសេស និង​ជា​និមិត្ត​រូប ដើម្បី​បង្ហាញ​អំពី​ផ្លូវ​ឆ្ពោះទៅរក​ដំណាក់កាល​ក្លាយជា​តារាចម្រៀង និង​សម្ដែង​អស្ចារ្យ​បំផុត​មួយរូប​នៅ​គ្រប់​សម័យកាល​របស់ Michael Jackson។

បទ They Don’t Care About Us (Brazil Version) របស់ Michael Jackson មាន​អ្នក​មាន​ 978 លាន​លើក

លោក Michael Jackson កើត​ឆ្នាំ 1958 និង​ទទួលមរណភាព​ក្នុង​ឆ្នាំ 2009 គឺជា​សិល្បករ​មួយរូប​ក្នុងចំណោម​សិល្បករ​ដែល​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​តន្ត្រី ដោយមាន​​​ចម្រៀង​ចំនួន 350 លាន​ថាស​ត្រូវបាន​លក់ និង​មាន 13 ថាស​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​របស់ Billboard។ អតីត​ស្ដេច​ចម្រៀង​ប៉ប់ Michael Jackson ធ្លាប់​ទទួលបាន​ពានរង្វាន់ Grammy ចំនួន 13 លើក និង​ពាន AMAs សម្រាប់​សិល្បករ​ឆ្នើម​ប្រចាំ​​សតវត្ស​រ៍ និង​ពានរង្វាន់ Bambi សម្រាប់​តារាចម្រៀង​ប៉ប់​ឆ្នើម​ប្រចាំ​​សហស្ស​វត្សរ៍៕

Advertisement