អ្នកនាង អ៊ុំ គន្ធា បកស្រាយរឿងសមត្ថកិច្ចចាប់ ពាក់ព័ន្ធរឿងសេពគ្រឿងញៀន

ថ្មីៗនេះ អតីតតារាចម្រៀងយេយេក្នុងអំឡុងទសវត្សរ៍ 90 អ្នកនាង អ៊ុំ គន្ធា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយសង្ស័យថា អ្នកនាងកំពុងសម្ងំប្រើប្រាស់គ្រឿងញៀន។ ដោយឡែក បន្ទាប់ពីត្រូវបានចាប់ខ្លូនរួចមក តារាស្រីរូបនេះបានចេញមុខបកស្រាយតាមរយៈវីដេអូ Live របស់ Facebook Page មួយកាលពីយប់មិញនេះ។

អ្នកនាង អ៊ុំ គន្ធា បានអះអាងថា ដំបូងឡើងអ្នកនាងចង់ផឹកស្រាមួយកែវ ហើយក៏ត្រូវកូនប្រុសយកស្រាមួយកែវនោះចាក់ចោល ធ្វើឱ្យអ្នកនាងខឹងសម្បាយ៉ាងខ្លាំង ក៏រត់ចេញពីផ្ទះ។ នៅពេលនោះអ្នកនាងចង់ផឹកស្រាខ្លាំងណាស់  អ្នកនាងក៏បានជួបនឹងបុរសម្នាក់ដែលជាអ្នកដើររើសកំប៉ុងអេតចាយ និងបានសួរនាំគ្នា និយាយត្រូវគ្នា ក៏បាននាំគ្នាទៅផឹកស្រានៅក្នុងផ្ទះគាត់នៅម្ដុំចំណុចក្រោមលូទឹកស្អុយតែម្ដង។ អ្នកនាងបានបន្ដទៀតថា ខណៈដែលអ្នកនាងកំពុងសម្រាកនៅក្រោមលូនោះ  អ្នកនាងមិនដឹងថា នៅខាងលើផ្ទះនោះមានអ្នកណាធ្វើសកម្មភាពអ្វីឡើយ លុះដល់ឮសំឡេងក្ឌុងក្ឌាំងនៅខាងលើ ទើបផ្អើលឈូឆរឡើងតែម្ដង។

គួរបញ្ជាក់ផងដែរថា អតីតារាចម្រៀងសិចស៊ីរូបនេះ បាននិយាយថា អ្នកនាងមិនបានពាក់ព័ន្ធជាមួយគ្រឿងញៀនអ្វីទេ តែដោយសារពេលសមត្ថកិច្ចចុះរុករក ហើយប្រទះឃើញអ្នកនាងនៅក្រោមលូនោះតែម្ដង។ អ្នកនាងបានបញ្ជាក់ថា អ្នកនាងមិនពាក់ព័ន្ធអ្វីនឹងគ្រឿងញៀននោះទេ។ អ្នកនាងនិយាយថា ដោយសារខ្លួនមានជំងឺឈឺឆ្អឹងខ្នង និងមានបំណងរត់ចោលកូនៗ ព្រោះមិនចង់ឱ្យកូនលំបាក និងមករងទុក្ខវេទនាក្នុងការមើលថែទាំ និងរស់នៅជាមួយអ្នកនាងតែប៉ុណ្ណោះ៕

Advertisement