ទូច ស្រីល័ក្ខ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះ

នៅថ្ងៃទី25 ខែតុលា ឆ្នាំ2017 វេលាម៉ោង 1 : 20 នាទី រំលងអធ្រាត តារាចម្រៀង និងសម្ដែង ទូច ស្រីល័ក្ខ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានបុកម៉ូតូហុងដាឌ្រីម125 CC សេរ៊ីឆ្នាំ2012 ពណ៌ខ្មៅ ក្នុងទិសដៅបញ្ច្រាសគ្នា ដោយអូសម៉ូតូជនរងគ្រោះទៅឆ្ងាយជិត 1 គីឡូម៉ែត្រ ទើបឈប់រថយន្ដដោះស្រាយភ្លាមៗ។

ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានឱ្យដឹងថា អ្នកនាង ទូច ស្រីល័ក្ខ បានចេញដំណើរពីពិធីខួបកំណើតរបស់ខ្លួននៅលើបណ្ដោយផ្លូវ 217 (ផ្លូវព្រះមុនីរ៉េត) ក្នុងល្បឿនលឿនល្មមក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចផ្លូវកោងច្រមុះជ្រូកស្ទឹងមានជ័យ អ្នកនាងក៏បានបត់ឡើងមកផ្លូវវេងស្រេង ស្របពេលគ្នានោះស្រាប់តែម៉ូតូរបស់ជនរងគ្រោះបានបត់ចេញមកយ៉ាងលឿន ហើយមកវាក់អ៊ើនឹងរថយន្ដរបស់អ្នកនាង ទើបបណ្ដាលឱ្យដួលកៀបជាប់នឹងរថយន្ដរបស់អ្នកនាង ហើយអូសទៅមុខឡើងជិត 1 គីឡូម៉ែត្រ ទើបអាចបញ្ឈប់រថយន្ដបាន។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកើតហេតុការណ៍ភ្លាមៗ លោក ប៉ែន ចំរ៉ុង បានមកដល់កន្លែងកើតហេតុ និងសូមធ្វើជាតំណាងដោះស្រាយបញ្ហាជូនអ្នកនាង ទូច ស្រីល័ក្ខ ព្រមទាំងជូនជនរងគ្រោះដែលមានរបួសស្រាលទៅមន្ទីរពេទ្យ ហើយទទួលជួសជុលម៉ូតូជនរងគ្រោះឱ្យស្អាតឡើងវិញ ព្រោះមិនចង់បន្ដរឿងវែងឆ្ងាយនាំតែរំខានសមត្ថកិច្ចដោះស្រាយ៕

 

Advertisement