ភាពយន្ត​រន្ធត់ «M3GAN» និង​ «Avatar 2» ជា​សញ្ញា​វិជ្ជមាន​សម្រាប់​បន្ទប់​លក់​សំបុត្រ​

(សហរដ្ឋ​អាម៉េរិក)- ភាពយន្ត​រន្ធត់ «M3GAN» បង្ក​ការចាប់អារម្មណ៍​​ក្រោយ​ពី​រក​បាន​ប្រាក់ចំណូល 30.2 លាន​ដុល្លារ​អាម៉េរិក កាលពី​សប្ដាហ៍​កន្លង ក្នុងពេលដែល​កំពូល​ខ្សែភាពយន្ត​រឿង «Avatar 2» បន្ត​នាំមុខគេ​នៅ​បន្ទប់​លក់​សំបុត្រ។

យោងតាម Variety ភាពយន្ត​ប្រភេទ​រន្ធត់​របស់ Blumbouse រកចំណូលបាន​ច្រើនជាង​ការរំពឹងទុក​របស់​ក្រុម​អ្នកជំនាញ បន្ទាប់ពី​បញ្ចាំង​បាន​ជាង 3,500 លើក​ក្នុង​​រោងកុន​នៅ​អាម៉េរិក​ខាងជើង។ នៅក្នុង​ទីផ្សារ​អន្តរជាតិ M3GAN (ពាក្យកាត់​របស់ Model 3 Generative Android) រក​ចំណូល​បន្ថែម​បាន 14.8 លាន​ដុល្លារ ជួយ​ឱ្យ​ប្រាក់ចំណូល​ទូទាំង​ពិភពលោក​ឡើងដល់ 45 លាន​ដុល្លារ។

មុន​នោះ បណ្ដា​ស្ថាប័ន​តាមដាន​ការលក់​សំបុត្រ​ចូល​ទស្សនា​ភាពយន្ត​បាន​ព្យាករ​ថា M3GAN នឹង​រកបាន​តែ​ពី 17 ទៅ 20 លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ អាម៉េរិក​ខាងជើង។ ក៏ប៉ុន្តែ ដោយសារ​មានមតិ​វិជ្ជមាន​ពី​ទស្សនិកជន និង​ពី​ក្រុមអ្នកវិភាគ M3GAN ក៏​ទាក់ទាញ​អ្នក​ចូល​មើល​បាន​កាន់តែច្រើន។ បញ្ចប់​ការលក់​សំបុត្រ​ក្នុង​សប្ដាហ៍​ទីមួយ M3GAN ក៏​រកបាន​ប្រាក់ចំណេញ​ទៅហើយ ដោយសារតែ​ការចំណាយ​លើ​ការផលិត​គឺ​ត្រឹមតែ​ប្រហែល 12 លាន​ដុល្លារ​ប៉ុណ្ណោះ។

ខ្សែភាពយន្ត Model 3 Generative Android និយាយ​អំពី​រ៉ូ​បូត M3GAN ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​វិស្វករ Gemma ដើម្បី​ជួយ​មើលថែកូនៗជំនួស​អាណាព្យាបាល។ ដើម្បី​សាកល្បង​បច្ចេកវិទ្យា Gemma ក៏បាន​ឱ្យ M3GAN ធ្វើជា​មិត្ត​ជាមួយនឹង​ក្មួយ​ស្រី​អាយុ 8 ឆ្នាំ​របស់ខ្លួន។ ក៏ប៉ុន្តែ ការសម្រេចចិត្ត​នេះ​បាន​នាំឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង។

ភាពយន្ត​នេះ​ទទួលបាន​ការសរសើរ​យ៉ាងច្រើន​ពី​ក្រុមអ្នកវិភាគ។ ក៏ប៉ុន្តែ ភាព​ទាក់ទាញ​របស់ M3GAN មិន​អស្ចារ្យ​គ្រប់គ្រាន់​ដើម្បី​ដណ្ដើមបាន​តំណែង​នាំមុខគេ​នៅ​បន្ទប់​លក់​សំបុត្រ​របស់ Avatar: The Way of Water ដែល​ដឹកនាំ​សម្ដែង​ដោយ James Cameron នោះ​ទេ​។ ដោយ​រកចំណូលបាន​ជា​ង 1.7 ពាន់​លាន​ដុល្លារ បច្ចុប្បន្ន​វគ្គ​ពីរ​របស់ Avatar ឈរ​លំដាប់​ទី 7 ក្នុងចំណោម​ភាពយន្ត​ដែលមាន​ទស្សនិកជនគាំទ្រ​​ច្រើនជាងគេបង្អស់​​នៅ​គ្រប់​សម័យកាល។

ជោគជ័យ​របស់ M3GAN និង Avatar 2 ត្រូវបាន​វាយតម្លៃថា ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​បន្ទប់​លក់​សំបុត្រ​នៅ​អាម៉េរិក​ខាងជើង នា​ដើម​ឆ្នាំនេះ៕

Advertisement