ខ្សែភាពយន្ត «Avatar 3» នឹង​និយាយ​អំពី​កុលសម្ព័ន្ធភ្លើង Na’vi នៅ​លើ​ពិភព Pandora

កំពូល​អ្នកដឹកនាំ​រឿង «Avatar» លោក James Cameron ឱ្យដឹងថា វគ្គ​បី​នៃ​ខ្សែភាពយន្ត​រឿង «Avatar» នឹង​និយាយ​អំពី​កុលសម្ព័ន្ធ​គោរពបូជា​ចំពោះ​ព្រះ​អគ្គី​នៅឯពិភព Pandora និង​បង្ហើប​អំពី​ជ្រុង​មួយ​នៃ​ភាពអវិជ្ជមាន​របស់​កុល​សម្ព័ន្ធ Na’vi។

យោងតាម Variety កាលពី​ថ្ងៃទី 31 មករា 2023 អ្នក​ផលិត​ភាពយន្ត​ជនជាតិ​កាណាដា លោក Cameron បាន​ប្រាប់​ឱ្យដឹងថា «វគ្គ​បី​នឹង​គាស់កកាយ​អំពី​វប្បធម៌​ថ្មី។ ភ្លើង​នឹង​ត្រូវបាន​តំណាង​ដោយ​កុលសម្ព័ន្ធ Ash (ផេះ)។ ខ្ញុំ​ចង់​ណែនាំ​អំពី​កុលសម្ព័ន្ធ Na’vi នៅក្នុង​ជ្រុង​មួយ​ថ្មី។ មកដល់​បច្ចុប្បន្ន ខ្ញុំ​ទើបតែ​បានបង្ហាញ​នូវ​ចំណុច​វិជ្ជមាន​របស់​ពួកគេ។ នៅក្នុង​វគ្គដំបូងៗ មាន​សកម្មភាព​អវិជ្ជមាន​របស់​មនុស្សជាតិ និង​ផ្នែក​វិជ្ជមាន​របស់ Na’vi។ នៅក្នុង​វគ្គ​បី យើង​នឹងធ្វើ​ផ្ទុយ​ពីនេះ»។

អ្នកដឹកនាំ​រឿង​ក៏បាន​និយាយថា នឹង​បន្ត​ស្វែងយល់​តំបន់​ដី​ថ្មី អភិវឌ្ឍ​រឿងរ៉ាវ​របស់​តួអង្គសំខាន់ៗ។ «ខ្ញុំ​អាច​អះអាងបាន​ថា បណ្ដា​វគ្គ​ចុងក្រោយ​នឹង​ល្អមើល​បំផុត។ វគ្គដំបូងៗគ្រាន់តែ​ជា​ឈុត​ឆាក​ណែនាំ ដូច​ទៅនឹង​របៀប​​ដែល​យើង​រៀបចំ​តុ​អាហារ​មុនពេល​បើក​ពិធីជប់លៀង» លោក Cameron បញ្ជាក់​ដូច្នេះ។

វគ្គ​បី​របស់ Avatar ត្រូវបាន​ធ្វើឡើង​រួចរាល់ ហើយ​គ្រោង​នឹង​បញ្ចាំង​នៅ​រោងកុន​ចាប់ពី​ខែធ្នូ 2024។ មុន​នោះ លោក Cameron ក៏​ធ្លាប់បាន​បង្ហើប​ឱ្យដឹងថា វគ្គ​ប្រាំ នឹង​នាំ​កុលសម្ព័ន្ធ Na’vi មកកាន់​ផែនដី។ យោងតាម Variety វគ្គ​បី​អាចជា​ការប្រឈមមុខ​ដា​ក់​គ្នា​រវាង​បណ្ដា​កុលសម្ព័ន្ធ​ដែល​រស់​នៅលើ​ពិភព Pandora។ តួអង្គ​ឯក Jake Sully ត្រូវបាន​កុលសម្ព័ន្ធ​នានា​ទម្លាក់កំហុស​មកលើ ដោយសារតែ​មហន្តរាយ​ដែល​បង្កឡើង​ដោយ​ពួក Sky People (មនុស្ស​ពី​ផែនដី)។

កំពូលអ្នកដឹកនាំរឿង «Avatar» លោក James Cameron

ប្រាក់ចំណូល​នៅ​ទូទាំង​សកលលោក​របស់ Avatar 2 បច្ចុប្បន្ន​បាន​ឡើងដល់​ប្រហែល 1.44 ពាន់​លាន​ដុល្លារ​អាម៉េរិក។ វា​ត្រូវបាន​ចាត់ទុកថា​ជា​កំពូល​ស្នាដៃ​របស់លោក James Cameron។ Avatar 2 ត្រូវបាន​ចាប់ផ្ដើម​ថត​តាំងពី​ឆ្នាំ 2010 បន្ទាប់ពី​វគ្គ​មួយ​បាន​ក្លាយជា​ភាពយន្ត​ដែល​ទាក់ទាញ​អ្នកមើល​នៅ​រោងកុន​បាន​ច្រើនជាងគេ​គ្រប់​សម័យកាល។

វគ្គបីនៃខ្សែភាពយន្តរឿង «Avatar» នឹងនិយាយអំពីកុលសម្ព័ន្ធគោរពបូជាចំពោះព្រះអគ្គីនៅឯពិភព Pandora

«Avatar: The Way of Water» និយាយ​អំពី Jake Sully (Sam Worthington) និង Neytiri (Zoe Saldana) កសាង​គ្រួសារ​នៅលើ​ពិភព Pandora។ ពួកគេ​មានកូន​ជាមួយគ្នា 4 នាក់។ ប៉ុន្តែ ជីវភាព​សុខសាន្ត​រប​ស់​ពួកគេ​មិនបាន​អូសបន្លាយ​ពេល​យូរ​ឡើយ បន្ទាប់ពី​មនុស្សពី​ផែនដី​​ត្រលប់​ទៅ​សងសឹក៕

Advertisement