សាន ផានិត​ ៖ “ស្រីឡៃមានចរិតល្អ មិនសូវរវល់រឿងប្រុសឈ្មោល អីទេ”

ពីធីបុណ្យសពតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ បានបញ្ចប់ទៅមិនទាន់បានប៉ុន្មានផង ភ្លាមៗ អតីតតារាចម្រៀងដែលធ្លាប់មានកេរ្តិ៍ឈ្មោះបោះសំឡេងមួយរូប និងជាម្ចាស់បទ “ជាប់រវល់” លោក សាន ផានិត បានទម្លាយរឿងទំនាក់ទំនងស្និទ្ធស្នាល និងអត្តចរិតពិតរបស់តារាស្រីរូបនេះ នៅលើ Facebook Page របស់លោកផ្ទាល់។

លោក សាន ផានិត បានរៀបរាប់ពីអារម្មណ៍ពិតជាសារដ៏វែងអន្លាយមួយថា “ថ្ងៃនេះខ្ញុំសូមបកស្រាយតាម page ផ្លូវការរបស់ខ្ញុំ ដើម្បីឱ្យវិញ្ញាណក្ខន្ធ ស្រីឡៃ ទៅឱ្យបានស្ងប់ចំពោះព័ត៌មានមិនពិតពីកាបែកធ្លាយផ្សេងៗប៉ះពាល់ដល់កិត្តិយសគ្នាដែលបានស្លាប់ទៅហើយនោះ។ តាមពិតរូបភាពទាំងខ្ញុំ និងបញ្ញា សិទ្វស្រដៀងៗគ្នា (ស្និទ្ធស្នាល) ដោយសារតែស្រីឡៃចូលចិត្ត Drama លេង ភាគច្រើនធ្វើតួកម្សត់រហូតស្រក់ទឹកភ្នែកក៏មាន និងលេងតែជាមួយបងប្អូនក្នុងបន្ទប់អ្នកចម្រៀងពេលម៉ោងសម្រាកថតតែប៉ុណ្ណោះ មិនដូចព័ត៌មានថា ដោយសារតែមានប្រុសក្មេងអីនោះទេ។ ស្រីឡៃតែងតែប្រាប់បងប្អូនឱ្យជួយផ្ដល់កម្លាំងចិត្តកាងាររហូត ព្រោះមានបន្ទុកគ្រួសារដ៏ច្រើន និងបញ្ហាសេដ្ឋកិច្ចខ្លាំង នាងចង់ឱ្យខ្ញុំជួយទម្លាក់ original song ល្អៗ តាមរយៈក្រុមនិពន្វរបស់ខ្ញុំ ដោយសារនៅក្រុមហ៊ុនពុំសូវមានបទឱ្យកន្លងមក និងឱ្យអាទិភាពផលិតបទពីក្រៅដោយខ្លួនឯងផងនោះ”។

ការបកស្រាយបានក្បោះក្បាយហូរហែមកនេះ បានធ្វើឱ្យមជ្ឈដ្ឋានមហាជនកាន់តែបានដឹងរឿងរ៉ាវជាច្រើនថែមទៀតអំពីតារាចម្រៀង សាន ស្រីឡៃ ។ ក្នុងនោះដែរ តារាប្រុសដែលស្អិតល្មួតរូបនេះក៏បានបន្ដអះអាងថា “ស្រីឡៃមានចរិតល្អ មិនសូវរវល់រឿងប្រុសឈ្មោលអ្វីនោះទេ គ្រប់ពេលគិតតែរឿងកាងារ បទចម្រៀង ជីវភាពគ្រួសារ និងមានជីវិតកម្សត់ ។ សុំជម្រាបផងចុះ ហ៊ឺ! មិនសរសើរទាំងអស់ទេ ស្រីឡៃក៏មានគុណវិបត្តិខ្លះដែរ គឺធ្វើការមិនទៀងទាត់ ប្រហែលជាដោយសារផ្ទះនៅឆ្ងាយក្រោយវត្តសែនសុខ ពិបាកទៅផ្ទះវិញពាក់កណ្តាលយប់ពីបឹងកេងកងទៅ”។

ជាចុងក្រោយ លោក សាន ផានិត ក៏បានអំពាវនាវថា “ឯការបែកធ្លាយរូបអាក្រាត សូមឱ្យសមត្ថកិច្ចដាក់ទោសទណ្ឌជនល្មើសឱ្យធ្ងន់ទ្វេដង និងជួយទៅបុណ្យ៧ថ្ងៃឱ្យបានគ្រប់ៗគ្នាផង ជាពិសេសអ្នកសិល្បៈរួមអាជីព”៕

Advertisement