សារព័ត៌មានថៃភ្ញាក់ផ្អើលចំពោះមរណភាពអ្នកនាង សាន ស្រីឡៃ

នៅព្រឹកថ្ងៃទី17 ខែតុលា ឆ្នាំ2017 សារព័ត៌មានថៃ Teenee បានចេញផ្សាយឱ្យដឹងថា តារាចម្រៀងល្បីនៅក្នុងប្រទេសកម្ពុជា ដែលជាអតីតបេក្ខភាពប្រឡងកម្មវិធីលំដាប់អន្ដរជាតិ The Voice Cambodia រដូវកាលទី2 គឺអ្នកនាង សាន ស្រីឡៃ មានវ័យ 23 ឆ្នាំ បានទទួលមរណភាពក្នុងហេតុការណ៍ដ៏គួរឱ្យរន្ធត់នៅកណ្ដាលរាជធានីភ្នំពេញ។

សារព័ត៌មានថៃដដែលនេះបានរៀបរាប់ និងអះអាងពីមរណភាពរបស់តារាស្រីរូបនេះថា “តាមរយៈឃ្លីបវីដេអូដែលបានថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញថា ការបាញ់សម្លាប់តារាស្រីរូបនេះ គឺស្ថិតនៅក្នុងបរិវេណគ្លីនិកកែសម្ផស្ស Vita Longa Clinic។ ចាប់ផ្ដើមចេញពីបុរសម្នាក់( អតីស្វាមីរបស់ស្រីឡៃ) បានដើរចូលមកខាងមុខហាង ហើយមានស្ត្រីម្នាក់ទៀតនៅក្នុងហាងបានដើរថយចូលទៅក្នុងហាង ខណៈដែលគេមើលឃើញអ្នកទាំងពីរកំពុងនិយាយតទល់គ្នា ភ្លាមៗបុរសនោះក៏បានដកកាំភ្លើងបាញ់តារាស្រីរូបនេះ1 គ្រាប់ដំបូង រួចហើយក៏តាមចូលទៅបន្ដបាញ់ 2 គ្រាប់ទៀត រួចហើយក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយភ្លាមៗនោះដែរ”។

យ៉ាងណាមិញ មរណភាពរបស់អ្នកនាង សាន ស្រីឡៃ គឺជាសោកនាដកម្មមួយដ៏គួរឱ្យរន្ធត់ ព្រមទាំងបានធ្វើឱ្យបណ្ដាប្រទេសជិតខាង និងជុំវិញពិភពលោកមានក្ដីសោកសង្រេង សង្វេគ និងភ័យខ្លាចយ៉ាងខ្លាំងចំពោះអំពើឃាតកម្មបែបនេះ៕

Advertisement