ខ្សែភាព​យន្ត «Avatar 2» ទទួល​បាន​ការ​វាយ​តម្លៃ​ថា ពោរពេញ​ដោយ​ភាព​មហស្ចារ្យ

ក្រុមអ្នកវិភាគ​អន្តរជាតិ​សម្ដែង​ការកោតសរសើរ​ចំពោះ​វគ្គ​ពីរ​នៃ​ខ្សែភាពយន្ត​រឿង «Avatar» ថា ប្រកបដោយ​ភាព​អស្ចារ្យ និង​មាន​ទិដ្ឋភាព​បង្ហាញ​ពី​មនោសញ្ចេតនា​គួរឱ្យ​រំជួលចិត្ត​ច្រើនជាង​វគ្គ​មួយ។

យោងតាម Variety ក្រោយ​ការរង់ចាំ​អស់ 13 ឆ្នាំ អ្នកវិភាគ​ល្បីឈ្មោះ​ជាច្រើនរូប​ក៏ត្រូវ​បាន​ក្រុម​អ្នក​ផលិត​របស់​ខ្សែភាពយន្ត​រឿង Avatar: The Way of Water អញ្ជើញ​ឱ្យចូល​រួម​ព្រឹត្តិការណ៍​បញ្ចាំង និង​រិះគន់​នៅ ក្រុង​ឡុង​ដ៍ កាលពីដើម​សប្ដាហ៍​កន្លង។

លទ្ធផល​នៃ​ការវាយតម្លៃ​ដំបូង​របស់​ក្រុមអ្នកវិភាគ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ភាគច្រើន អ្នកវិភាគ​បាន​វាយតម្លៃ​វិជ្ជមាន​ទៅលើ​ខ្សែភាពយន្ត​នេះ។ អ្នកវិភាគ​ច្រើន​រូប​បាន​កោតសរសើរ​ថា វគ្គ​ថ្មី​នេះ​ពោរពេញ​ដោយ​ការ​ស្រមៃ​ដ៏​អស្ចារ្យ​ដែលជា​ស្នាដៃ​របស់​អ្នកដឹកនាំ James Cameron និង​បច្ចេកទេស​កាត់ត​វីដេអូ​នៅក្នុង​ខ្សែភាពយន្ត។

«នេះ​គឺជា​ចំណុចកំពូល​នៃ​សិល្បៈ​រៀបរាប់​រឿងរ៉ាវ និង​ការផលិត​ភាពយន្ត» អ្នកវិភាគ Erik Davis និយាយ​ដូច្នេះ។ ចំណែក Josh Horowitz ពិធីករ​នៃ​កម្មវិធី Happy Sad Confused និយាយថា «ខ្ញុំ​មិនដែល​មាន​មន្ទិល​ចំពោះ​គាត់ (លោក James Cameron)…។ …ពោរពេញ​ដោយ​មនោសញ្ចេតនា និង​មហស្ចារ្យ»។

វគ្គ​ពីរ​របស់ Avatar ត្រូវបាន​បញ្ចេញ​កាលពី​ពាក់កណ្ដាល​ខែធ្នូ 2022 និង​មាន​គម្លាត​ពី​វគ្គ​មួយ 13 ឆ្នាំ។ ចំណែក 3 វគ្គ​បន្ទាប់​ទៀត​របស់​ខ្សែភាពយន្ត​នេះ​ក៏ត្រូវ​បាន​រៀប​គម្រោង​ផលិត ហើយ​គ្រោង​នឹង​ចាប់​បញ្ចាំង​នៅ​ឆ្នាំ 2024, 2026 និង 2028។

វគ្គ​ដំបូង​របស់ Avatar ដែល​បាន​ចាប់​បញ្ចាំង​កាលពី​ឆ្នាំ 2009 បាន​យកឈ្នះ​លើ Titanic ដែល​ដឹកនាំ​រឿង​ដោយ​លោក Cameron ដូចគ្នា និង​បាន​ក្លាយជា​ខ្សែភាពយន្ត​ដែលមាន​អ្នកទស្សនា​ច្រើនជាងគេបង្អស់​នៅ​គ្រប់​សម័យកាល និង​រកបាន​ចំណូល 2.8 ពាន់​លាន​ដុល្លារ​អាម៉េរិក​នៅក្នុង​រយៈ​ពេល 13 ឆ្នាំ​កន្លង៕

Advertisement