សម្រស់​របស់​ភរិយា​កីឡាករ​បាល់ទាត់​កូរ៉េខាងត្បូង​នៅ World Cup 2022

Soyeon ដែលជា​អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង T-ara គឺជា​ភរិយា​របស់​កីឡាករ​ខ្សែបម្រើ Cho Yu Min នៃ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង ដែល​ទៅ​ប្រកួត​នៅ World Cup 2022។

បច្ចុប្បន្ន Soyeon កំពុង​ស្ថិតនៅ ប្រទេស​កាតា ដើម្បី​គាំទ្រ លើកទឹកចិត្ត​ដល់​ស្វាមី។ នៅពេល Cho Yu Min ហាត់​ស៊ាំ ស្រី​ស្អាត​រូបនេះ បាន​នាំ​ម្ដាយបង្កើត និង​ម្ដាយក្មេក​ដើរ​ទស្សនា​ប្រទេស​កាតា។

Soyeon និង Cho Yu Min បាន​ចុះឈ្មោះ​រៀបការ​នៅ​ដើមខែ​វិច្ឆិកា ហើយ​គ្រោង​នឹង​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​នៅក្នុង​ខែវិច្ឆិកា ប៉ុន្តែ ត្រូវ​ប្ដូរ​ទៅ​ឆ្នាំក្រោយ ដោយសារតែ Cho Yu Min ត្រូវបាន​ជ្រើសរើស​ទៅក្នុង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ដែល​ត្រូវ​ទៅ​ប្រកួត​នៅ World Cup 2022។

តារាចម្រៀង Soyeon អាយុ 35 ឆ្នាំ បង Yu Min រហូតដល់ 9 ឆ្នាំ ប៉ុន្តែ ត្រូវបាន​អ្នកគាំទ្រ​សរសើរ​ថា សម​គ្នា។ ពួកគេ​បានចាប់ផ្ដើម​ស្រលាញ់គ្នា​តាំងពី​ឆ្នាំ 2019 និង​ទទួលបាន​ការគាំទ្រ​ពី​គ្រួសារ​ទាំងសងខាង។

Soyeon កើត​ឆ្នាំ 1987 មាន​តួនាទី​ជា​សំឡេង​ចម្បង​គេ​របស់ T-ara កាលពី​ឆ្នាំ 2009 និង​ល្បីឈ្មោះ​ដោយសារ​បទ​ចម្រៀង​មួយចំនួន​ដូចជា «Bo Peep Bo Peep», «Roly Poly», «Day bay day» ជាដើម។ មុនពេល​មានឈ្មោះ​ល្បី​នៅ T-ara ស្រី​ស្អាត Soyeon គឺជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន SM Entertainment និង​ធ្លាប់ជា​ប្រធាន​ក្រុម SNSD ប៉ុន្តែ ក្រោយមក​នាង​បាន​ចាក​ចេញពី​ក្រុមហ៊ុន​នេះ​ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន។

ក្រោយពី​បាន​ចាក​ចេញពី​ក្រុម T-ara ក្នុង​ឆ្នាំ 2017 នាង Soyeon ក៏បាន​បញ្ចេញ MV ជាច្រើន ក្នុងនោះ​មាន «They Are All The Same», «Interview»។ល។ ហើយ​នាង​ក៏បាន​ចូលរួម​ច្រៀង​បទ​ចម្រៀង​សម្រាប់​ភាពយន្ត «Death Bell 2», «Gisaeng Ryeong» និង «Coffee House» របស់​ទូរទស្សន៍ SBS ផងដែរ។

ក្រៅពីនេះ Soyeon ក៏​ធ្លាប់បាន​សម្ដែង​ជា​តួអង្គ​ក្នុង​ភាពយន្ត​រឿង «Haeundae Lovers» របស់​ទូរទស្សន៍ KBS2 ឆ្នាំ 2012 និង «Sweet Temptation» ឆ្នាំ 2015៕

Advertisement