លោក បារ៉ាក់ អូបាម៉ា និងភរិយា ទាមទារយុត្តិធម៌ដល់ស្ត្រីរងគ្រោះពីផលិតករ Harvey Weinstein

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា និងភរិយាលោកស្រី Michelle បាននិយាយថា ពួកយើងស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់អ្នកផលិតខ្សែភាពយន្ត និងអ្នកផលិតកម្មវិធីលោក Harvey Weinstein ដែលបានបំពានផ្លូវភេទរបស់តារាស្រីៗ។

កាលពីថ្ងៃអង្គារ ទី10 ខែតុលា ឆ្នាំ2017 សារព័ត៌មាន New Yorker បានចេញផ្សាយថា មន្ត្រីពាក់ព័ន្ធចំពោះបញ្ហាមួយនេះ នឹងបើកការស៊ើបអង្កេតលើករណីតារាស្រី 3 ដួង ដែលបានចេញមុខអះអាងថា ពួកនាងត្រូវបានរងការរំលោភបំពានផ្លូវភេទពីលោក Harvey Weinstein ក្នុងអំឡុងពេល 10 ខែខាងមុខ។

ហើយថ្មីៗនេះ បើតាមសារព័ត៌មាន independent បានផ្សាយថា លោកបារ៉ាក់ អូបាម៉ា និងភរិយាបានចេញមុខយ៉ាងពេញទំហឹងនៅក្នុងរឿងនេះ ដោយបានលើកឡើងថា “ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់មានការខ្ពើមរអើមចំពោះទង្វើដ៏អាក្រក់របស់ Harvey Weinstein នេះណាស់។ បុរសនេះបានបន្ទាបបន្ថោក និងធ្វើឱ្យខូចខាតតម្លៃស្រ្តី  ហេតុនេះគាត់ត្រូវតែបានថ្កោលទោស និងទទួលខុសត្រូវចំពោះមុខច្បាប់ដោយមិនគិតពីទ្រព្យសម្បត្តិ ឬឋានៈគាត់ទេ”។

គួបញ្ជាក់ផងដែរថា លោក អូបាម៉ា បានទាមទាររកយុតិ្តធម៌ និងទទូចបន្ថែមថា “យើងគួរសាទរចំពោះភាពក្លាហានរបស់នារីដែលបានចេញមុខមកនិយាយរឿងនេះទាំងក្ដីឈឺចាប់លាក់ទុកនៅក្នុងចិត្តយ៉ាងគ្រាំគ្រា ហើយយើងទាំងអស់គ្នាត្រូវតែកសាងវប្បធម៌មួយ ដែលជាការរួមចំណែកផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងការបង្រៀនកូនចៅរបស់យើង ឱ្យមានការគោរព និងឱ្យតម្លៃដល់ស្ត្រីឱ្យបានខ្លាំង” ៕

 

Advertisement