មូលហេតុដែលអ្នកគាំទ្រកូរ៉េស្អប់តារាស្រី Tiffany SNSD ខ្លាំងមិនអាចលើកលែងបាន

អ្នកគាំទ្រកូរ៉េភាគច្រើនស្អប់តារាស្រីដែលមានឈ្មោះថា Tiffany ជាសមាជិកស្រីក្នុងក្រុមចម្រៀងSNSD ហើយនាងជាតារាកូនកាត់កូរ៉េ-អាមេរិក ដែលកន្លងមកនាងបានធ្វើរឿងមួយប៉ះពាល់ដល់ថ្ងៃឯករាជ្យជាតិរបស់ប្រទេសកូរ៉េ ដែលជាមូលហេតុមួយបណ្ដាលឱ្យអ្នកគាំទ្រកូរ៉េស្អប់រូបនាងដល់ឆ្អឹងតែម្ដង។

គួររំឭកផងដែរថា តាមរយៈសារព័ត៌មាន Koreanboo ដែលធ្លាប់បានចេញផ្សាយបានឱ្យដឹងថា តារាស្រីរូបនេះបានធ្វើដំណើរទៅចូលរួមការប្រគំតន្ត្រីនៅទីក្រុងតូក្យូ ដែលមានឈ្មោះថា “SM TOWN Live World Tour V” ក្នុងប្រទេសជប៉ុន។ ជាអកុសល នាងបានបង្ហោះរូបភាពមួយសន្លឹកដែលជាការជូនដំណឹងដល់អ្នកគាំទ្រជប៉ុនឱ្យបានដឹង ក៏ប៉ុន្ដែរូបភាពនេះបានស្ដែងពីសញ្ញានៃទង់ជាតិជប៉ុ​ន រូបរស្មីពន្លឺព្រះអាទិត្យរះពណ៌ក្រហម ដែលប្រទេសជប៉ុនបានប្រើប្រាស់ទង់ជាតិមួយនេះនៅក្នុងសម័យសង្គ្រាមលោកលើកទី2 ហើយបានបង្កសង្រ្គាមជាមួយបណ្ដាប្រទេសជិតខាងខ្លួន ដែលរួមមានកូរ៉េខាងត្បូងផងដែរ ហើយតារាស្រីរូបបានបែរជាបង្ហោះរូបភាពនៃសញ្ញាសង្គ្រាមបែបនេះនៅក្នុងថ្ងៃបុណ្យឯករាជ្យរបស់កូរ៉េខាងត្បូងទៅវិញ បណ្ដាលឱ្យអ្នកគាំទ្រជនជាតិកូរ៉េផ្ទុះកំហឹង និងស្អប់រូបនាងរហូតដល់សព្វថ្ងៃមិនអាចបំភ្លេចបានឡើយ។

គួរបញ្ជាក់ផងដែរថា រហូតមកទល់បច្ចុប្បន្ននេះ ភ្លើងកំហឹងរបស់ជនជាតិកូរ៉េចំពោះតារាស្រីមួយដួងនេះ នៅតែមិនទាន់ពន្លត់់បាននៅឡើយទេ បើទោះបីជានាងបានព្យាយាមចេញសារសូមទោសហើយក្ដី៕

 

Advertisement