បែកធ្លាយរូបនាងខ្ញុងសែនព្រេនជាមួយគូស្នេហ៍

នៅថ្ងៃទី27 ខែកញ្ញា ឆ្នាំ2017 នេះគេហទំព័រសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា អ្នកនាង ស្រេង សុគន្ធដា ហៅខ្ញុង ​បាន​សម្រេច​ចិត្ត​សែន​ព្រេន ក្រាបផ្ទឹម​ជាមួយគូស្នេហ៍សុំ​គ្នា​ធ្វើ​ជា​ប្ដី​ប្រពន្ធនៅ​មុខ​ចាស់ទុំ​ទាំង​សង​ខាង តាំង​ពី​ថ្ងៃ​ទី30 ខែសីហា ឆ្នាំ2017 កន្លងមកយ៉ាងស្ងាត់ៗ មិនឱ្យមហាជនបានដឹងឡើយ។

តែដោយឡែក ថ្មីៗនេះ ស្រាប់តែលេចចេញនូវរូបភាពប៉ុន្មានសន្លឹកដែលអ្នកនាងខ្ញុងបានក្រាបសំពះផ្ទឹមជាមួយ​តារា​កំប្លែង​ នាយ​កៃដ ដោយអ្នកនាងបានអះអាងប្រាប់សារព័ត៌មានខាងលើថា “នាយ​​កៃដធ្លាប់​មាន​ប្រពន្ធ និង​មាន​កូន​ប្រុស​ម្នាក់​អាយុប្រហែល​4ឆ្នាំ”។ ហើយបើតាម​ការ​​រៀបរាប់​របស់​តារាកំប្លែងស្រីរូបនេះ បានឱ្យដឹងទៀតថា «នាយ​កៃដទើបតែ​លែងលះ​ប្រពន្ធដាច់ស្រេច​ជាង​5ខែ​នេះ​ទេ ដោយ​នាយ​កៃដតាម​ស្រឡាញ់​រូបនាង​យូរហើយ និង​ដោយឃើញ​ថា នាយបាន​លែង​លះ​ប្រពន្ធ​ដាច់ស្រេចហើយ និង​មិន​ជំពាក់ជំពិននឹង​ស្រី​ណា​ផ្សេង​ទៀត គួបផ្សំនឹង​​ខ្លួនក៏​​មិន​ចង់​នៅ​មេម៉ាយ​យូរ​ពេក ត្បិត​អី​​​ទ្រាំ​​ធ្វើ​ជា​ស្ត្រី​មេម៉ាយ​៧ឆ្នាំ​មក​ហើយផងដែរនោះ ក៏​សម្រេច​ចិត្ត​ជ្រើសរើស​នាយ​កៃដ​ជាគូអនាគត​តែ​ម្ដង​ទៅ»។

គួរបញ្ជាក់ផងដែរ អ្នកនាងខ្ញុង និង នាយកៃដ បានទាក់ទងស្នេហាគ្នាអស់រយៈពេលជាង 2 ឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានក្លាយជាតារាកំប្លែងរបស់ក្រុមកំប្លែង CTN ហើយដែលបានជួបគ្នា ព្រមទាំងកាន់តែមានទំនាក់ទំនងស៊ីជម្រៅនោះ ដោយសារតែខណៈនោះមានការបង្កើត និងពង្រីកក្រុមកំប្លែងថ្មី ដោយបានកោះហៅអតីតក្រុមអ្នកមានសមត្ថភាពដែលធ្លាប់បានឆ្លងកាត់ការប្រឡងកាលពីពេលមុនៗ មកចូលរួមក្នុងក្រុមថ្មីនោះហ្នឹងឯង៕

Advertisement