ឌុច សោភា លេចមុខជាថ្មី​ក្រោយបាត់មុខអស់ 3ឆ្នាំហើយ

ការបង្ហាញវត្តមានជាថ្មីរបស់តារាសម្ដែង ឌុច សោភា តាមរយៈវីដេអូចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ បើតាមគណនី Youtube របស់រស្មីហង្សមាសបានបញ្ចេញនូវបទចម្រៀងដែលមានចំណងជើងថា “ចង់ចាកចេញពីទីនេះ” ដែលជាការបកស្រាយដោយកំពូលតារាចម្រៀង ឱក សុគ្ធកញ្ញា និងនិពន្ធដោយកវីល្បីឈ្មោះ សុខ ចាន់ផល ជាពិសេសមានវត្តមានសម្ដែងដោយអ្នកនាង ឌុច សោភា ផងដែរ។

ការបាត់មុខពីវិដេអូចម្រៀងរបស់រស្មីហង្សមាស អស់រយៈពេល 3 ឆ្នាំមកនេះ អ្នកនាង ឌុច សោភា ក៏ហាក់បីដូចជាបាត់មុខពីពិភពសិល្បៈខ្មែរដូចគ្នាដែរ ដោយគេសង្កេតឃើញថា អ្នកនាងមិនមានសម្ដែងរឿង ឬវីដេអូចម្រៀង MV ណាមួយឡើយ។ គួបញ្ជាក់ផងដែរថា បទចម្រៀងដែលតារាស្រីរូបនេះបានសម្ដែងចុងក្រោយគេមុនពេលបាត់មុខនោះ គឺបទ “Call មកបង ម្ដេចសុំលេខគេ” របស់ផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ 2014 ដែលជាច្រៀងដោយលោក ព្រាប សុវត្ថិ ហើយក៏ជាបទដែលនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល ដដែល។

យ៉ាងក៏ដោយ ទើបតែនៅថ្ងៃទី14 ខែកញ្ញាម្សិលមិញនេះទេ គេឃើញមានវត្តមានជាថ្មីរបស់តារាស្រីខាងលើនេះនៅក្នុងបទចម្រៀង “ចង់ចាកចេញពីទីនេះ” របស់ផលិតកម្មរស្មីហង្សមាស ដូច្នោះហើយទើបធ្វើឱ្យមហាជនកាន់តែមានចម្ងល់ទៀតថា តើ ឌុច សោភា អាចនឹងបាត់មុខសាជាថ្មីទៀតទេ បន្ទាប់ពីសម្ដែងបទចម្រៀងដែលសរសេរដោយលោក សុខ ចាន់ផលលើកនេះរួច ?៕

Advertisement