Bross La ជោគជ័យបើកហាង មីហិរ 7កម្រិត

បន្ទាប់ពីជោគជ័យនៅលើវិថីសិល្បៈយ៉ាងខ្លាំងរួចមក តារាចម្រៀងរ៉េប Bross La បានបើកអាជីវកម្មផ្ទាល់ខ្លួនធំមួយទៀត គឺ ហាងមីហិរ 7កម្រិត ដែលមានសាខាដំបូងគេនៅខេត្តបាត់ដំបង។ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងជាអតិថិជនរបស់លោក ថ្មីៗនេះលោកក៏បានសម្រេចចិត្តបើកសាខាថ្មីបន្ដទៀតនៅក្នុងខេត្តកំពង់ចាម និង ទីក្រុងប៉ោយប៉ែត។

បើតាមសម្ដីប្រុសឡា បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែន ឱ្យដឹងថា ហាង មីហិរ 7 កម្រិត នេះគឺលោកបានទិញ Franchise មកបើកបន្ដពីសាខារាជធានីភ្នំពេញទៅបើកនៅតាមបណ្ដាខេត្តនានា ដូចជា កំពង់ចាម បាត់ដំបង  ជាដើម។ ហើយថ្មីៗនេះលោកថា លោកមានភាពមមាញឹកច្រើនក្នុងការរៀបចំហាងនៅជិតច្រកតំបន់សេដ្ឋកិច្ចអន្តរជាតិខ្មែរ -ថៃ ក្នុងទីក្រុងប៉ោយប៉ែតដែលជាសាខាថ្មីមួយទៀត ដែលគ្រោងនឹងសម្ពោធនាថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដូច្នេះហើយទើបការចេញបទចម្រៀងថ្មីត្រូវបានផ្អាកមួយរយៈសិន។

ជាចុងក្រោយ តារាចម្រៀងរូបនេះក៏បានផ្ដាំផ្ញើទៅកាន់ប្រិយមិត្តអ្នកគាំទ្រគ្រប់រូបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឱ្យធ្វើដំណើរទៅលេងស្រុកកំណើតប្រកបដោយសេចក្ដីសុខសុវត្ថិភាព និងមានសុខភាពល្អ​ ហើយជាពិសេស ប្រសិនបើបងប្អូនណាដែលបានទៅលេងនៅទីក្រុងប៉ោយប៉ែត សូមកុំភ្លេចចូលទៅភ្លក្សរសជាតិមីហិរ នឹងជួយគាំទ្រហាងរបស់លោកទាំងអស់គ្នាផង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement