តារាចម្រៀង ឡាំយ៉ៃហៃថងខាំ ចូលសិល្បៈមិនទាន់បានមួយឆ្នាំផង ទិញផ្ទះវីឡាហើយ

ការធ្វើការសន្សំលុយ ពិតជាមិនមែនងាយស្រួលដូចការគិតឡើយ ក៏ប៉ុន្ដែតារាចម្រៀង Original Song នាង ឡាំយ៉ៃហៃថងខាំ​ ជាម្ចាស់បទ «ភូសាវខាឡក់» បានចូលប្រឡូកនៅក្នុងចង្កោមសិល្បៈចម្រៀងមិនទាន់បានមួយឆ្នាំស្រួលបួលផង ពេលនេះនាងមានសមត្ថភាពទិញបានផ្ទះវីឡាថ្មី ព្រមទាំងរុះផ្ទះចាស់នៅស្រុកកំណើតចោលទៀតផង។

តាមរយៈ Facebook Page របស់នាង ឡាំយ៉ៃហៃថងខាំ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រនាងគ្រប់រូបដោយការបង្ហោះរូបភាពរុះរើផ្ទះចាស់ ហើយសរសេរថា “ឡាំយ៉ៃ រុះរើផ្ទះចាស់ ត្រៀមធ្វើផ្ទះថ្មី” ។ តែយ៉ាងណាក៏ដោយ តារាស្រីរូបនេះក៏បានបង្ហោះរូបផ្ទះវីឡាថ្មីរបស់នាងដែលទើបនឹងទិញ នឹងគ្រោងទៅរស់នៅទីនោះផងដែរ។

គួរបញ្ជាក់ផងដែរថា ដំបូងឡើយនៅពេលបានឃើញនាងបង្ហោះរូបផ្ទះមានសភាពចាស់ទ្រុឌទ្រោម និងមានដំបូលប្រក់មេឃផងនោះ អ្នកគាំទ្រនាងខំនាំគ្នាចូលទៅលើកទឹកចិត្តដល់រូបនាង តែនៅពេលនាងបង្ហោះរូបផ្ទះវីឡាថ្មី និងផ្ទះចាស់ជាច្រើនសន្លឹកថែមទៀតនេះ ទើបគ្រប់គ្នាភ្ញាក់ផ្អើលរកនិយាយអ្វីលែងចេញតែម្តង៕

Advertisement