រឿងវិកលចរិតចំណាយអស់15,000ដុល្លាស្វែងរកទីផ្សារ5ប្រទេស តែបានត្រឹមបទពិសោធ

រយៈពេលជាង8ខែ បន្ទាប់ពីរឿង “វិកលចរិត” បញ្ចាំងចប់ក្នុងស្រុកបានត្រឹមតែថ្លៃដើម តែទឹកចិត្តអ្នកផលិតរឿងនេះ នៅតែចង់សាកល្បងសម្លឹងទៅទីផ្សាក្រៅស្រុកដដែល ព្រោះថា​ រឿងរបស់ខ្លួនបានទទួលស្គាល់ដោយអន្តរជាតិ និងទទួលពានពីប្រទេសចិន ទើបធ្វើឱ្យលោក ហ៊ុយ យ៉ាឡេង កាន់តែមានកម្លាំងចិត្តហើយវិនិយោគបន្ថែមទៅលើទីផ្សារលក់ភាពយន្តដ៏ធំនៅហុងកុង។

បើទោះបីជាទីបញ្ចប់ពុំបានលទ្ធផលល្អមែន តែបទពិសោធកន្លងមក លោកមិនទាន់អស់ចិត្តឡើយ លោកបានបន្តដំណើរចេញចូលប្រទេសថៃ និងឡាវបន្តទៀត ហើយទំនាក់ទំនងយ៉ាងយូរទម្រាំបានបញ្ចាំង។

គួរកត់សម្គាល់ដែរថា នេះជាលើកទីមួយហើយដែលភាពយន្តរបស់លោកបានដាក់បញ្ចាំងនៅប្រទេសថៃ និងឡាវ ហើយទទួលបានកម្រៃដើមមកវិញ តែក្នុងចេតនាដែលចង់សងគុណដល់សង្គមដែលជួយលោកកន្លងមកនោះ លោកក៏បង្កើតកម្មវិធីមនុស្សធម៌ គឺរាល់ថវិកាដែលបានមកពីការដាក់បញ្ចាំងទាំងបីប្រទេសនោះ នឹងដកមួយ1ដុល្លាក្នុង1សំបុត្រជួយដល់កុមារកំព្រាដោយរំពឹងថា នឹងមានអ្នកគាំទ្រច្រើនគួរសមចូលទស្សនារឿងមួយនេះ តែផ្ទុយទៅវិញចំនួនអ្នកទស្សនាកម្ពុជា បានប្រមាណជា781នាក់ ប្រទេសឡាវបានត្រឹម 267នាក់ និងថៃចំនួន11នាក់ប៉ុណ្ណោះ បើបូកសរុបទាំងបីប្រទេសបានត្រឹមតែអ្នកទស្សនា1059 នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា អ្នកដឹកនាំរូបនេះក៏មិនភ្លេចការងារមនុស្សធម៌ដែលលោកបានបង្កើតឡើងដែរ បើទោះបីសរុបចំណូលចំណាយមិនទទួលបានដូចក្ដីរំពឹងទុក និងថែមទាំងត្រូវសងចំណាយទៅលើសេវាផ្សព្វផ្សាយរបស់ក្រុមហ៊ុនចែកចាយកុន ពូព្រហ្ម ទៀតក៏ដោយ។ លោកថា បើចំនួនអ្នកមើល1059នាក់ដែលត្រូវស្មើនឹង1059ដុល្លា លោកដាច់ខាតត្រូវតែធ្វើតាមពាក្យសន្យាដែលបានធ្វើនៅចំពោះមុខទស្សនិកជនកន្លងមក ដោយស្វែងរកថវិកាជូនមណ្ឌលកុមារកំព្រាកម្ពុជាឱ្យបាន តែលោកសូមឱ្យប្រធានមណ្ឌលអនុគ្រោះពន្យារពេលបន្តិចដើម្បីស្វែងរកថវិកាជូន។

ទន្ទឹមនឹងនេះផងដែរ លោកក៏សូមអំពាវនាវដល់អ្នកដែលមានចិត្តសប្បុរសចូលរួមការងារមនុស្សធម៌នេះ ព្រមទាំងបញ្ជាក់នៅលើ Facebook Page របស់លោកនៅពេលក្រោយ៕

Advertisement