រកឃើញបវរកញ្ញា Miss Cambodia 2017 ហើយ យប់មិញនេះ

ឆ្លងកាត់វគ្គជម្រុះជាច្រើនវគ្គ អស់រយៈពេលជាច្រើនខែ ​នៅទីបញ្ចប់វេទិកាជ្រើសរើសបេក្ខនារីសម្រស់ឯកប្រចាំកម្ពុជា ប្រចាំឆ្នាំ2017 Miss Cambodia 2017ត្រូវបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី1 ខែកញ្ញា ឆ្នាំ2017 នៅក្នុងបរិវេណសាលប្រជុំសណ្ឋាគារ Naga World  ដោយក្នុងចំណោមបេក្ខនារី 5 រូបដែលត្រូវបានជ្រើសរើសក្នុងវគ្គផ្តាច់ព្រ័ត្រនោះ បេក្ខនារីដែលជាប់ចំណាត់ថ្នាក់លេខ1គឺបេក្ខនារីពាក់ស្លាកលេខ 10 មានវាសនាទទួលបានមកុដមកគ្រង ដែលមានឈ្មោះ កញ្ញា រឿន ណាត អាយុ 18 ឆ្នាំ មក​ពី​ខេត្ត​កំពង់​ចាម​។

ក្រោយពីបានគ្រងមកុដរួច កញ្ញា រឿន ណាត បាន​ថ្លែងទាំងអារម្មណ៍ដ៏រំភើប​ថា “នាងខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​​ខ្លាំង​ណាស់ ព្រោះ​មិន​នឹក​ស្មាន​ថា ​ខ្លួនឯង​មាន​ឱកាស​បាន​គ្រង​មកុដ​កញ្ញា​ឯក​កម្ពុជា​សម្រាប់​ឆ្នាំ​2017នេះ​ឡើយ”។

ទាំងអារម្មណ៍ត្រេកអរ លាយឡំជាមួយទឹកនេត្រាបន្ដិចបន្ដួចផងនោះ កញ្ញាក៏បានថ្លែងបញ្ជាក់បន្ថែមថា “ចំពោះ​ការ​ប្រឡង​​បវរកញ្ញា​គឺ​ជា​ក្ដី​ស្រមៃ​មួយ​របស់នាង​ខ្ញុំ​តាំង​ពី​នៅ​តូច​។ ពេល​នេះ​នាងខ្ញុំ​បាន​សម្រេច​ក្ដី​ស្រមៃ​ហើយ ដូច្នេះ​នាងខ្ញុំ​នឹង​យក​អ្វី​ដែលនាង​ខ្ញុំ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឲ្យ​ពិភពលោកបាន​ស្គាល់​ពី​វប្បធម៌​ប្រពៃណី​ដ៏ល្អ​ផូរផង់​របស់​កម្ពុជា​”។

គួរបញ្ជាក់ផងដែរថា ការ​ប្រឡង​កញ្ញា​ឯក​កម្ពុជា​សម្រាប់​ឆ្នាំ​2017 នេះពិតជាទទួលបានការ​ដាក់​ពិន្ទុ​យ៉ាង​សុក្រឹត​ពី​គណៈកម្មការ​​ និងច្បាស់លាស់ណាស់ទម្រាំ​រក​ឃើញ​ម្ចាស់​ជយលាភី​លេខ​1នេះ៕

Advertisement