Britney Spears ស្នើ​តុលាការ ស៊ើបអង្កេត​លើ​ឪពុក

សហរដ្ឋអាមេរិក៖ តារាចម្រៀង​ស្រី នាង Britney Spears ចង់ឱ្យ​តុលា​ការបើក​ការស៊ើបអង្កេត​លើ​ឪពុក​របស់ខ្លួន​គឺ លោក Jamie Spears ដោយ​ចោទថា បាន​រំលោភសិទ្ធិ​អាណាព្យាបាល​ក្នុង​រយៈពេល 13 ឆ្នាំ​កន្លង។

នៅក្នុង​សវនាការ​កាលពី​ថ្ងៃទី 14 ខែកក្កដា នៅ Los Angeles តារាចម្រៀង Britney Spears បន្ត​រិះគន់​លើ​លោក Jamie Spears ៖ «ថ្ងៃនេះ ខ្ញុំ​ស្នើឱ្យ​មានការ​ស៊ើបអង្កេត​លើ​ឪពុក​ខ្ញុំ អំ​ពីបទ​រំលោភសិទ្ធិ​អាណាព្យាបាល»។ នាង​ថែមទាំង​បាន​​រៀប​រាប់​​នូវ​ទង្វើ​អាក្រក់ ដែល​លោក Jamie ប្រើប្រាស់​ក្នុងការ​គ្រប់គ្រង​នាង។ សូម្បីតែ​កាហ្វេ ក៏​នាង​មិនមាន​សិទ្ធិ​ផឹក។ «បើ​​មិន​មែន​​ជា​ការ​ធ្វើបាប នោះ​ខ្ញុំ​មិន​ច្បាស់​ថា វា​ជា​អ្វី​ដែរ» Britney រៀបរាប់​តាម​ទូរស័ព្ទ​ដូច្នេះ។

Britney អះអាងថា ខ្លួន​ពិតជា​ខ្លាច​ឪពុក និង​បាន​រិះគន់​ទៅលើ​សិទ្ធិ​អាណាព្យាបាល ដែល​បាន​អនុញ្ញាតឱ្យ​ឪពុក​នាង បំផ្លាញ​ជីវិត​របស់​នា​ង។ តារាចម្រៀង​ល្បីឈ្មោះ​រូបនេះ បាន​និយាយថា នាង​ត្រូវ​ឪពុក​គ្រប់គ្រង​ទាំង​ម៉ោង​ធ្វើការ ដោយ​បង្ខំ​ឱ្យចំ​ណាយ 70 ម៉ោង/សប្ដាហ៍ សម្រាប់​ការងារ។

ក្នុង​សវនាការ ចៅក្រម​បាន​យល់ព្រម​លើ​សំណើ​របស់ Britney ដោយ​តែងតាំង​មេធាវី​ថ្មី ឈ្មោះ Mathew Rosengart បន្ទាប់ពី​លោក Samuel Ingham III បាន​លាលែង​ពី​តំណែង។ នេះ​គឺជា​លើកដំបូង​ហើយ ដែល Britney មាន​សិទ្ធិ​ជ្រើសរើស​អ្នកតំណាង​របស់ខ្លួន នៅ​ចំពោះមុខ​តុលាការ ក្នុង​រយៈពេល 13 ឆ្នាំ​កន្លង។ មុននេះ តុលាការ​បានតែងតាំង​លោក Ingham ជា​មេធាវី​របស់​នាង ចាប់ពី​ឆ្នាំ 2008 ដល់​បច្ចុប្បន្ន។ ការផ្លាស់ប្ដូរ​នេះ កើត​ឡើង​ដោយ​សារលិខិត​រប​ស់ Jodi Montgomery (ដែលជា​អ្នក​កាន់​តួនាទី​ជា​សហ​អាណាព្យាបាល​ជាមួយនឹង​ឪពុក​របស់ Britney) ដែល​បានស្នើ​តុលាការ ផ្ដល់​សិទ្ធិ​ជ្រើសរើស​មេធាវី ដល់ Britney។

លោក Jamie Spears មាន​តួនាទី​ជា​អាណាព្យាបាល​របស់ Britney Spears តាំងពី​ឆ្នាំ 2008 បន្ទាប់ពី​តារាចម្រៀង​រូបនេះ មាន​សតិ​មិន​ប្រក្រតី។ លោក Jamie Spears ទទួលបាន​ប្រាក់​ប្រហែល 130,000 ដុល្លារ ជា​រៀងរាល់ឆ្នាំ ពី​ការងារ​ជា​អាណាព្យាបាល។ ច្រើន​ឆ្នាំ​កន្លងទៅនេះ Britney បានស្នើ​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​តុលាការ​លុបចោល​សិទ្ធិ​អាណាព្យាបាល​ពី​ឪពុក ប៉ុន្តែ មិនបាន​ជោគជ័យ។ នៅក្នុង​វ័យ 40 ឆ្នាំ Britney មិនមាន​សិទ្ធិ​បោះឆ្នោត ឬ​ជួបកូនៗដោយ​សេរី​នោះឡើយ។ នាង​ថែមទាំង ត្រូវគេ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​កា​រស​ម្ពា​ស។ល។

ប្រភព៖ People
ប្រែ​សម្រួល៖ បុត្រា

Advertisement