ម្ដាយ នី មុន្នីនាថ ធ្វើឱ្យ​កាន់តែ​មាន​មន្ទិល​ដោយ​ពាក្យ​ថា «ពួកគេ​ទាំងពីរ​នៅតែ​ស្រឡាញ់គ្នា»

មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ជុំវិញ​ការ​បង្ហោះ​សារ​ថា នី មុន្នីនាថ បាន​បោកប្រាស់​គូ​ដណ្ដឹង​ដោយ​នាង​មិន​ត្រឹមតែ​ពួ​កែ​សម្ដែង​ក្នុង​សាច់រឿង​ប៉ុណ្ណោះ​ទេ សូម្បីតែ​ក្រៅ​សាច់រឿង​ក៏​ប៉ិនប្រសប់​រហូត​ទទួលបាន​ពី​គូ​ដណ្ដឹង​នូវ​លុយកាក់ គ្រឿងអលង្ការ​មាស​ពេជ្រ​ជាច្រើន រួចហើយ​សុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង​តែម្តង​ក្រោយពី​បោកប្រាស់​បានសម្រេច​ហើយ។

ការលើក​ឡើងជា​រឿង​ជា​រ៉ាវ​នេះ ត្រូវបាន​ម្ដាយ​កញ្ញា​នី មុន្នីនាថ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដោយ​ច្រានចោល​នូវ​ពាក្យ​ចោទប្រកាន់​ទាំងនោះ និង​ចាត់ទុកថា ការសរសេរ​បែបនេះ​ជាការ​បង្កាច់​បង្ខូចកេរ្តិ៍​ឈ្មោះ​កូនស្រី​គាត់។ អ្នកស្រី​បន្ដថា វា​មិនមែនជា​ការពិត​ទេ ព្រោះ​កូន​របស់​អ្នកស្រី​មិនបាន​ទៅ​បោកប្រាស់​គូ​ដណ្ដឹង ដើម្បី​ចង់បាន​ផលប្រយោជន៍ ឬ​ទ្រព្យសម្បត្ដិ​ដូច​អ្វីដែល​គេ​បានលើកឡើង​នោះឡើយ។

ជាមួយគ្នានេះ​អ្នកស្រី​បាន​បញ្ជាក់ថា ចំពោះ​ពាក្យ​ដែល​គេ​លើកឡើងថា ក្រោយពី​មុន្នីនាថ បោកប្រាស់​គូ​ដណ្ដឹង​បានសម្រេច​ហើយ នាង​សុំ​ផ្ដាច់​ពាក្យ​នោះ វា​មិនអាច​ទៅរួច​ទេ។ ពិសេស​អ្នកស្រី​បាន​សង្កត់ធ្ងន់ថា៖ “ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅពេល​ឃើញ​ហ្វេ​ស​ប៊ុ​កមួយ​បង្ខូចឈ្មោះ​កូនស្រី​ខ្ញុំ​បែប​ហ្នឹង ចេះ​ទៅរួច​ដែរ​ដែលថា កូន​ខ្ញុំ​សុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង​ក្រោយពី​បោក​បានសម្រេច​ហើយ។ ផ្ដាច់​ពាក្យ​យ៉ាងម៉េច​បើ​ពួកគេ​ទាំងពីរ​នៅតែ​ស្រឡាញ់គ្នា​ហ្នឹង!?”។

ការលើកឡើង​របស់​ម្ដាយ​កញ្ញា​នី មុន្នីនាថ​តាមរយៈ​ពាក្យសម្ដី​ខាងលើ គឺ​កាន់តែ​ធ្វើឱ្យ​មហាជន​វង្វេងវង្វាន់​អស់ហើយ ដោយសារតែ​ពាក្យសំដី​ដែល​អ្នកស្រី​បាន​អះអាង​នោះ​គឺថា កូនស្រី​របស់​អ្នកស្រី​នៅតែ​ស្រឡាញ់គ្នា​ជា​មួយគូ​ដណ្ដឹង។ តែ​ផ្ទុយទៅវិញ គូ​ដណ្ដឹង​របស់​កញ្ញា​នី មុន្នីនាថ បែរជា​បាន​សរសេរ​សារ​នៅក្នុង​បណ្ដាញ​សង្គម​ដោយបាន​បង្ហាញ​ពី​អារម្មណ៍​ស្ដាយក្រោយ​ចំពោះ​ការចំណាយ​ចិ​ត្ដ​ស្រឡាញ់​របស់លោក​ទៅលើ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ទៅវិញ។ ទោះយ៉ាងណា​យើង​មិនដឹងថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Solang Ung ជា​គណនី​ពិត ឬក៏​ក្លែងក្លាយ​នោះទេ។

យើង​បាន​ស្នើសុំ​ការបកស្រាយ​ពី​ម្ដាយ​របស់​កញ្ញា​នី មុន្នីនាថ​ដែរ តែ​ពុំបាន​សម្រេច ហើយ​យើង​នៅតែ​ស្វាគមន៍​ចំពោះ​ការបកស្រាយ​ពី​សាមីខ្លួន ពិសេស​អ្នកពាក់ព័ន្ធ​ជុំវិញ​រឿងនេះ​ដើម្បី​ឈានទៅដល់​ការបញ្ចប់​ក្តី​មន្ទិល​របស់​មហាជន៕

 

Advertisement