ឌួង ហ្សូរីដា សុខចិត្តទៅបើកសម្ពោធហាងថ្មីចោលក្តីប្រាថ្នាទិញផ្ទះថ្មី

ភ្នំពេញ: ទោះបីទោះប​តែ​​​ផ្ទុះ​រឿង​កូនចៅ​តារា​ម៉ូដែល​ខ្លះ​ដុះ​ស្លាប​រត់ចោល​ក្រុម​ទាំងមេ​ដំបូល​អះអាង​ថា​ធ្លាប់​បាន​លើក​ស្ទួយ​ជួយ​សង្គ្រោះ​គ្រា​​លំបាក​នោះ​ក្តី​ ក៏​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​ខេម​បូ​ឌា​​ស៊ូ​ភើរ​ម៉ូ​​ដែល និង​ពិធី​ការិនី​ SEATV កញ្ញា ឌួង ហ្សូរីដា ​បាន​បង្ហាញ​ទឹកមុខ​ស្រស់​ស្រាយ​​ស្ដែង​​ជំនឿ​ចិត្ត​លើ​ការ​សម្ពោធ​ជំនួញ​ថ្មី មាន​ទាំង​ព្រះសង្ឃ​មក​ប្រោះ​ព្រំ​ពរ​ជ័យ និង​តារា​ល្បីៗ​មក​អបអរសាទរ​យ៉ាង​អ៊រូ​អរ​។

 

ការបើក​​អាជីវ​កម្មនេះ​លក់​ផលិតផល​ថែរក្សា​សម្ផស្ស និង​សុខភាព នៅ​ហាង មុទិ​តា Beauty-Mart ទីតាំង​​ជាប់​​ហាង​កាត់ដេរ​របស់​កញ្ញា ឌួង ហ្សូរីដា ផ្ទាល់​តែម្ដង​នោះ ក៏​ត្រូវ​បាន​ពិធីការិនី​វ័យ​សាម​ប្លាយ​​ទម្លាយ​​ថា នាង​ត្រូ​វ​លះបង់​ក្ដី​ស្រមៃ​ធំមួយ ទើប​អាច​ប្រមែ​ប្រមូល​ទុន​ជា ញើស​ឈាម​របស់​នាង​មក​បើក​ហាង​ថ្មី​នេះ។ នៅ​មុន​ថ្ងៃ​សម្ពោធ ពិធី​ការិនី​សម្បូរ​វោហារ​កញ្ញា ឌួង ហ្សូរីដា និង​អ្នកនាង ចន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​រូប​ថត​នៅ បុរី​អ័រគី​ដេ និង​បាន​ពោល​ថា៖ «មើល​មួយ​ភ្លែត ស្មាន​តែ​ទៅ​ទិញ​ផ្ទះ​មែន ? ស្រដៀងៗ​ដែរ​ហ្នឹង​ណា..! តែ​អត់​ទេ»។ កញ្ញា ឌួង ហ្សូរីដា បាន​បង្ហើរ​សំណេរ​ទៀត​ថា៖ «ស្រឡាញ់​អើយ សែន​ស្រឡាញ់ តែ​លុយ​មិនទាន់​សន្សំ​បាន​អាច​ទិញ​នៅ​ឡើយ​ទេ រវល់​តែ​សន្សំ លុយ​យក​ទៅ​រកស៊ី​លក់​ចាប់ហួយ​បន្ថែម​មួយមុខ​ទៀត»។

យ៉ា​ងណាមិញ របរ​ចាប់ហួយ​ដែល​ពិធីការិនី​រូបនេះ​លើក​ឡើង​គឺ​សំដៅ​លើ​ហាង​លក់ដុំ និងរាយ នូវ​ផលិតផល​ថែរក្សា ការពារ ព្យាបាល សុខ​ភាព សម្ផស្ស ដែល​នាំចូល​ពី​ប្រទេស​កូរ៉េ ថៃ ជប៉ុន អាមេរិក បារាំង និង​អ៊ីតាលី បន្ថែម​​លើ​អាជីវកម្ម​លក់​សម្បុក និង​ទឹកមាត់​ត្រចៀក​កាំ​​ផលិត​ក្នុង​ស្រុក ពាក់​ស្លាកយីហោ «មុទិតា» ដូចគ្នា​នោះ។ ក្នុង​ពិធី​សូត្រមន្ត​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​នេះ ក៏មាន​វត្តមាន​មិត្ត​រួម​អាជីព​ដូចជា​តារា​សម្ដែង​អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញ​មុខ​អបអរសាទរ​ដែរ ហើយ​កញ្ញា ឌួង ហ្សូរីដា បាន​សម្ដែង​អារម្មណ៍​រីករាយ​ផងដែរ​ថា៖ «អរគុណ​អតិថិជន​ចាស់​ដែល​មក​កៅ​ឆាយ​ទាំង​ព្រឹក គ្រាន់តែ​សូត្រមន្ត​ហើយ​គឺថា​ហេង ហេង ហេង»។ ពិធីការិនី​ដែល​តែង​លាន់​មាត់​ត្អូញ​ថា៖ «ទាល់តែ​ប្រឹង​ទាំងថ្ងៃ និង​យប់​ទើប​អាច​បំពេញ​តម្រូវការ​ក្នុង​គ្រួសារ និង​ជីវិត​ខ្លួនឯង​បាន» រូបនេះ​ក៏ធ្លាប់​ពន្យល់ពី​ឈ្មោះ មុទិតា ដែល​នាង​ប្រើជា​ស្លាក​ឈ្មោះ​ហាង និង​ផលិតផល​របស់​នាង​នោះ។

កញ្ញា ឌួង ហ្សូរីដា មុននេះ​ក៏​ធ្លាប់​​រំលេច​ជំនួញ​ផលិត​ស៊ឹង​ខ្មែរ​មិន​បាន​ប៉ុន្មាន ក៏​សម្រុក​បើក​ហាង​ទៀត​នោះ នាង​ក៏បាន​រំឭក​ផងដែរ​ថា៖ «មុទិតា ជា​ឈ្មោះ​ដែល​ឪពុក​ខ្ញុំដាក់​ឲ្យ ហើយ​ទឹកចិត្ត​របស់​ខ្ញុំ​តែងតែ​លើកលែង​ជានិច្ច​ចំពោះ​មនុស្ស​បាប​ទាំងឡាយ ដែល​តែងតែ​មុសា ដោយសារ​កុសលផល​បុណ្យ​ពិតប្រាកដ​របស់ខ្ញុំ ដែល​តែងតែ​ធ្វើ​បុណ្យ ដាក់​បាត្រ​រាល់ថ្ងៃ​ជាមួយ​ឪពុក​ខ្ញុំ​តាំង​ពីតូច​កាល​លោក​នៅមាន​ជីវិត។ លោក​ធ្លាប់​ធ្វើជា​ក្មេង​ស្នាក់​នៅក្នុង​វត្ត​ដើម្បី​រៀន លោក​តែងតែ​អប់រំ​កូន​ជានិច្ច​អំពី​កម្មផល បើ​កូនខឹង បើកូន​អន់ចិត្ត កូន​ត្រូវតែ​នៅ​ស្ងៀម ហើយ​អធិ​ដ្ឋាន ថ្លែង​ទៅកាន់​វត្ថុ​ស័ក្ដិសិទ្ធិ ព្រះពុទ្ធ​ជា​ម្ចាស់​កម្មផល​ឲ្យ​លោក​បាន​ដឹង ខ្ញុំ​ជឿ ខ្ញុំ​ប្រតិបត្តិ ហើយ​តែងតែ​លើកលែង​បណ្ដោយ​តាម​កម្ម​ផល​ជានិច្ច»៕

 

Advertisement