សាលា​ស្រណោះ​តន្ត្រី​ត្រូវការ​យុវជន 30នាក់ បង្ហាត់ ​Free លើ​ជំនាញ​តន្ដ្រី និង​ចម្រៀង

ភ្នំពេញ- លោក សូរ ស្រណោះ បណ្ឌិត​ឧបករណ៍​តន្ត្រី​ព្យ៉ា​ណូ​ដ៏​មាន​ទេពកោសល្យ និង​មានកេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​សង្គម​សិល្បៈ​បានប្រកាស​ស្វែងរក​កុមារ និង​សិស្ស​ជំទង់​សម្រាប់ធ្វើ​ការប្រឡង​សមត្ថភាព​ដើម្បី​បង្រៀន​ជំនាញ​ព្យ៉ា​ណូ​ក្នុង​សាលា​ស្រណោះ​តន្ត្រី​ដោយ​ពុំ​គិតថ្លៃ។

លោក សូរ ស្រណោះ នាយក​សាលា និង​ជា​គ្រូ​ Piano បាន​ឲ្យ​ដឹងថា សាលា​ស្រណោះ​តន្ត្រី​រៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ចំនួន 30នាក់​ ដោយ​មិន​ប្រកាន់​ឋានៈ​អ្វី​ទាំងអស់​ឲ្យ​តែ​ជា​សញ្ជាតិ​ខ្មែរ​មាន​អាយុ​ពី 13ឆ្នាំ ដល់25ឆ្នាំ​ ដែល​យើង​បាន​ផ្តោតជាសំខាន់។

លោក​បន្ដថា ការប្រកាស​ស្វែងរក​សិស្សថ្មីៗមក​ធ្វើការ​ហ្វឹកហាត់​បណ្តុះបណ្តាល​ដើម្បី​បណ្ដុះ​គំនិត​យុវជន​សម័យ​ទំនើប​ឱ្យ​កាន់តែ​ពេញចិត្ត និង​លើកតម្កើង​វិស័យ​ព្យ៉ា​ណូ។ អ្វីដែល​ពិសេស​ជាង​នេះ​គឺ​ចង់​ឲ្យ​កូន​ខ្មែរ​អាចមាន​សមត្ថភាព​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ដូច​ពេលកន្លងមក​ដែល​កុមារ​កម្ពុជា​បាន​ចេញទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​សិស្សសាលា​ស្រណោះ​តន្ត្រី​ជាច្រើន​នាក់​ដណ្តើមបាន​មេដាយ និង​បង្ហាញ​នូវ​ភាព​លេចធ្លោ​នាំ​ឲ្យ​កម្ពុជា​មានមុខមាត់​ល្បី។

ក្រៅពី​បង្ហាត់​ជំនាញ​ព្យ៉ា​ណូ​ហើយ​នោះ​សាលា​ក៏​នឹង​ផ្ដល់​ការបង្ហាត់​ទៅលើ​ផ្នែក​ចម្រៀង​ផងដែរ​ដោយមាន​គ្រូ​មាន​បទពិសោធ​ក្នុងការ​បង្ហាត់​ដើម្បី​រង់ចាំ​ផ្ទេរ​ចំណេះដឹង។

បណ្ឌិត​ជំនាញ​ព្យ៉ា​ណូ​រូបនេះ​បញ្ជាក់ថា យើង​ចង់​ជួយ​ប្រជាជន​ខ្មែរ​ពិសេស​អ្នក​ខ្វះខាត​ថវិកា សំខាន់​នៅពេល​ធ្វើតេស្ដ​ឲ្យ​តែ​បុគ្គល​នោះ​មាន​សំឡេង​ល្អ​ទៅលើ​បច្ចេកទេស​ច្រៀង។ ក្រៅពី​មាន​សំឡេង​ល្អ​ហើយ​ត្រូវ​ច្រៀង​ឲ្យ​ត្រូវ​តុង និង​ចេះ​ប្រើ​មនោសញ្ចេតនា​ដាក់​ឲ្យ​ចំ​បទ​នៅពេល​ច្រៀង​ទៀតផង។ ចំពោះ​ការទទួល​ពាក្យ​គឺ​ចាប់ពី​ថ្ងៃទី29 ខែសីហា ឆ្នាំ2017 ដល់​ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2017 នៅ​សាខា​ទួលគោក និង​បឹង​កេងកង។ បេក្ខជន​ដែល​អាចដាក់​ពាក្យ​បាន​គឺ​ត្រូវ​ចេះ​ច្រៀង1បទ​បើ​អាចជា​ភាសា​អង់គ្លេស​រឹតតែ​ប្រសើរ​ដើម្បី​កត់សម្គាល់​សំឡេង។ មាន​វគ្គ​ជម្រុះ​មួយទៀត​បេក្ខជន​ត្រូវ​ស្តាប់​សំឡេង​ព្យ៉ា​ណូ​ហើយ​ស្រែក​តាម​សំនៀង​ព្យ៉ា​ណូ ដើម្បី​កំណត់​កម្ពស់​សំឡេង និង​ចង្វាក់៕

Advertisement