ក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពកុំព្យូទ័រ រកឃើញ 8កម្មវិធី របស់ Android មានបង្កប់មេរោគសាហាវ

កាលពីពេលថ្មីៗនេះ កម្មវិធី Android ទាំង8 ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ រាយការណ៍​ទៅ​ក្រុមហ៊ុន Google នៅ​ថ្ងៃទី28 ខែមករា បន្ទាប់ពី​បាន​រកឃើញ​កម្មវិធី Android ទាំងនោះ មាន​បង្កប់​មកជា​មួយ នូវ​កម្មវិធី​មេរោគ ដែល​អាច​បើកផ្លូវ ឱ្យ​ពួក​ជនខិលខូច ទាញយក​ទិន្នន័យ​ទាក់ទង​នឹង​ធនាគារ ហើយ​ថែមទាំង​អាច​គ្រប់គ្រង​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​បាន​ទៀតផង។

ក្រុម​ជនខិលខូច បាន​ប្រើ​វិធីផ្សេងៗ ដើម្បី​ចៀសវាង​ពី​ការ​ឆែក​មើល និង​តាមដាន​របស់ Google Play Protect មានដូចជា​ការបង្កើត​កម្មវិធី​ក្លែងក្លាយ ដើម្បី​អាចដាក់​ចូលទៅក្នុង Google Play Store បាន ប៉ុន្តែ​ក្រោយមក​ពួកគេ​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នោះ​ដោយ​លួច​បញ្ចូល​កម្មវិធី​មេរោគ។ ខ្លះទៀត​នោះ គឺ​ពួកគេ​បាន​ប្រើ​ប្រព័ន្ធ​អ៊ី​ន​គ្រីប​សិន (encryption) ដើម្បី​លាក់​កូដ​ដែលមាន​មេរោគ​នៅក្នុង​កម្មវិធី ដើម្បី​អាច​បញ្ចូល​ទៅក្នុង Play Store តែម្ដង។

ក្រុមហ៊ុន​ក៏បាន​ធ្វើការ​លុបចោល​ក​ម្ម​វិធី​ទាំងនោះ​ចេញពី Play Store នៅ​ថ្ងៃទី៩ ខែកុម្ភៈ​រួចមកហើយ​ផងដែរ។ កម្មវិធី​ទាំង 8នោះ​រួមមាន Cake VPN, Pacific VPN, eVPN, BeatPlayer, QR/Barcode Scanner MAX, Music Player, tooltipnatorlibrary និង Qrecorder។

ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​ខាងលើ​បានឱ្យដឹងថា ទោះបីជា​ក្រុមហ៊ុន​បាន​លុបចោល​កម្មវិធី​ទាំងនោះ​ចេញពី Play Store ហើយ​ក្ដី ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ទូរស័ព្ទ លោកអ្នក​គួរតែ​លុបចោល​កម្មវិធី​ទាំងនោះ​ចេញពី​ទូរស័ព្ទ​របស់លោក​អ្នក ឱ្យបាន​ឆាប់រហ័ស៕

Advertisement