(វីដេអូ)-យានអវកាសគំរូ Starship SN10 ហោះ​ឡើង និង​ចុះចត​ដោយ​ជោគជ័យ ប៉ុន្តែ​បាន​ផ្ទុះ​ខ្ទេចខ្ទី​ក្រោយពី​ឈរលើ​ដី​បាន 8នាទី

យានអវកាស​គំរូ​សាកល្បង Starship SN10 របស់​មហាសេដ្ឋី​អាមេរិក Elon Musk ដែល​បាន​ផ្ទុះ​ខ្ទេចខ្ទី​នៅលើ​ទីលាន​ចុះចត ក្នុង​តំបន់ Boca Chica នៃ​រដ្ឋ Texas អាច​កើតឡើង​ដោយសារ​បញ្ហា​ហៀរ​ប្រេង។

យានអវកាស Starship SN10 បាន​ចុះចត​ដោយ​ជោគជ័យ​ក្រោយពី​បាន​ហោះ​សាកល្បង​ទៅកាន់​រយៈកម្ពស់​ខ្ពស់​កាលពី​ថ្ងៃទី 3 មីនា ដែលជា​ជោគជ័យ​ដ៏​ធំ​មួយទៀត​របស់​ក្រុមហ៊ុន​អវកាស SpaceX។ ក៏ប៉ុន្តែ យានអវកាស​នេះ​បាន​ផ្ទុះ​ខ្ទេចខ្ទី​គ្មាន​សល់ ក្រោយ​ការ​ចុះចត​ដោយ​ជោគជ័យ​បាន​ប្រហែល 8 នាទី។

យានអវកាស SN10 ដែល​ត្រូវបាន​ច្នៃ​ពី​ដែក​អ៊ី​ណុ​ក​នេះ ត្រូវបាន​បាញ់​បង្ហោះ​ពី​មូលដ្ឋាន​របស់ SpaceX នៅក្នុង​រដ្ឋ Texas ខាងត្បូង នា​វេលា​ម៉ោង 6:15នាទី​យប់​នៃ​ថ្ងៃទី 3 មីនា (ម៉ោង 6:15 នាទី​ព្រឹក ថ្ងៃទី 4 មីនា នៅ​ភ្នំពេញ) និង​បាន​ហោះ​ឡើងដល់​កម្ពស់ 10 គីឡូម៉ែត្រ រួច​ក៏​ទម្លាក់ខ្លួន​ចុះមក​កាន់​ផែនដី​បាន​យ៉ាង​ល្អ ក្រោយ​ហោះ​ឡើង​បាន 6នាទី និង 20វិនាទី។ នេះ​គឺជា​លើក​ទី​បី​ហើយ​ដែល Starship បាន​ហោះ​ឡើងទៅ​កាន់​កម្ពស់​ខ្ពស់​ដូច្នេះ ប៉ុន្តែ​ជា​លើកដំបូង​ដែល​យានអវកាស​នេះ​បាន​ចុះចត​ដោយ​ជោគជ័យ។ ក៏ប៉ុន្តែ ក្រោយពី​បាន​ចុះចត​ដល់​ដី​បាន​ជោគជ័យ អណ្ដាតភ្លើង​ក៏​ឆាបឆេះ​នៅត្រង់​ជើង​យាន SN10 ហើយក៏​បង្កឱ្យមាន​ការ​ផ្ទុះ​យ៉ាងខ្លាំង​ក្លា។

កំណែ​យានអវកាស SN8 និង SN9 ដែលជា​រៀមច្បង​របស់ SN10 ត្រូវបាន​បាញ់​បង្ហោះ​សាកល្បង​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី 9 ធ្នូ 2020 និង​ថ្ងៃទី 2 កុម្ភៈ 2021 សុទ្ធតែ​បាន​ហោះ​ឡើង​ដោយ​ជោគជ័យ ប៉ុន្តែ​បាន​ចុះចត​ដោយ​បរាជ័យ ដោយសារ​ផ្ទុះ​ឆេះ​ជា​បំណែក​ក្នុងពេល​ចុះចត។

SpaceX កំពុង​អភិវឌ្ឍ​យានអវកាស Starship ដើម្បី​ដឹក​មនុស្ស និង​សម្ភារ​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ព្រះ​អង្គារ និង​ទី​អវកាសឆ្ងាយៗផ្សេងទៀត។ ប្រព័ន្ធ​របស់ Starship រួមមាន យានអវកាស​កម្ពស់ 50 ម៉ែត្រ​ដែលមាន​ឈ្មោះ​ថា Starship និង​កាំជ្រួច​រុញច្រាន​ដ៏​ធំ​មួយគ្រឿង ឈ្មោះ Super Heavy។ Starship និង Super Heavy សុទ្ធ​តែ​​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ទាំងស្រុង និង​ឆាប់រហ័ស៕

ប្រភព៖ Space
ប្រែ​សម្រួល៖ បុត្រា

Advertisement