កម្មវិធី​របស់​ចិន ជិត60 ដែល​រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​បិទ​លើក​មុន នឹង​បន្ត​បិទ​ជា​រៀង​ហូត

ដូចដែល​យើងទាំងអស់គ្នា ធ្លាប់​បានដឹងហើយថា កាលពី​ប៉ុន្មាន​ខែ​មុន កម្មវិធី​ដែល​បង្កើតឡើង​ដោយ​ក្រុម​អ្នក​អភិវឌ្ឍន៍​ចិន សរុប​ចំនួន 59កម្មវិធី ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌា ប្រកាស​បិទ​បណ្ដោះអាសន្ន។ មកទល់ពេលនេះ ប្រទេស​ឥណ្ឌា បានប្រកាស​ម្ដងទៀត ដោយបាន​សម្រេច​ថា នឹង​បិទ​ចោល​ជា​រៀងរហូត​តែម្ដង។

កម្មវិធី​ដែល​បិទ នាពេលថ្មីៗនេះ មានដូចជា TikTok, WeChat, Baidu, Alibaba, UC Browser, Xiaomi និង​សរុប​ទាំងអស់ ដែល​រដ្ឋាភិបាល​ឥណ្ឌា បារម្ភ​រឿង data security និង privacy នោះ ត្រូវបាន​បិទ​អស់ 250កម្មវិធី​មកហើយ។

ការបិទ​នេះ មានន័យថា ក្រុមហ៊ុន​ចិន​ដែល​បង្កើត​កម្មវិធី​ទាំងអស់នោះ លែងមាន​សិទ្ធិ អាច​ចរចា ស្នើសុំ​ការអនុគ្រោះ ឬ​ផ្លាស់ប្ដូរ​ទៅប្រើ​វិធីសាស្ដ្រ​ផ្សេង ដើម្បី​ចៀសវាង​ការហាមឃាត់​នេះ ដូច​កាលពី​លើក​មុន​បាន​ទៀតឡើយ។

គួរ​ជម្រាបជូន​ដែរ​ថា រដ្ឋាភិបាល​ឥណ្ឌា ក៏​ធ្លាប់បាន​ផ្ដល់ឱកាស ឱ្យ​កម្មវិធី​ចិន​ទាំងអស់នោះ មក​ចូលខ្លួន​ធ្វើការ​ពន្យល់​ដោយ​ខ្លួនឯង ពី​ហេតុផលផ្សេងៗពាក់ព័ន្ធ​នឹង​ឯកជន​ភាព ដើម្បី​បញ្ជាក់ថា ខ្លួន​ពិតជា​មិនបាន​លួច​ទិន្នន័យ​ទាំង​នោះទេ ប៉ុន្ដែ​ចម្លើយ​ហាក់ដូចជា​មិន​រលូន និង​មិន​ពេញចិត្ត​ចំពោះ​ការឆ្លើយតប ទើបបានជា​រដ្ឋាភិបាល​ឥណ្ឌា ធ្វើការ​សម្រេចចិត្ត ហាមឃាត់​ជា​អចិន្ត្រៃយ៍​តែម្ដង៕

Advertisement