Telegram ក្លាយជា​កម្មវិធី ដែលមាន​អ្នក​ទាញយក​ប្រើ ច្រើនជាងគេ​លំដាប់​ទី2 នៅ​សហរដ្ឋអាមេរិក

បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump ត្រូវបាន​ផ្អាក​ពី​ការប្រើប្រាស់​គណនី Twitter និង Facebook ក្រោយ​ការ​លុកលុយ​វិមាន​កា​ពី​តូ​ល ហ៊ីល​ល៍ ដ៏​សាហាវ​ដោយ​អ្នកគាំទ្រ​របស់លោក ដែល​ប្រដាប់​ដោយ​អាវុធ និង​ហានិភ័យ​នៃ​ការ​ញុះញង់​ឱ្យមាន​អំពើហិង្សា​រួចមក កាលពី​ថ្ងៃ​ចន្ទ ប្រជាជន​ប្រហែល 545,000នាក់​នៅ​សហរដ្ឋអាមេរិក បាន​ទាញយក​កម្មវិធី Telegram នៅ​ចន្លោះ​ថ្ងៃ​ពុធ (ទី6មករា) និង​ថ្ងៃអាទិត្យ(ទី10មករា) ដែលមាន​ចំនួន​ជិត 3ដង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​សប្តាហ៍​មុន​ហ្នឹង។

អ្នកប្រើប្រាស់ WhatsApp ជាច្រើន​លាន​នាក់ ក៏បាន​ធ្វើការ​បោះបង់ចោល​កម្មវិធី​ផ្ញើ​សារ​មួយ​នេះ មុន​ការ​អាប់​ឌែ​ត គោលការណ៍​ថ្មី ដែល​បង្ខំ​ឱ្យ​អ្នកប្រើប្រាស់​ចែករំលែក​ព័ត៌មាន របស់​ពួកគេ​ជាមួយ Facebook។ ការ​អាប់​ឌែ​ត​ថ្មី របស់ WhatsApp ដែល​នឹង​មកដល់​នៅ​ថ្ងៃទី8 ខែកុម្ភៈ​ខាងមុខនេះ នឹង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ទាំង​អស់ ដែល​មិនមែន​រស់នៅក្នុង​តំបន់​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ដែល​តំបន់ 2នេះ មានច្បាប់​តឹងរ៉ឹង​ការពារ​ព័ត៌មាន​របស់​អ្នកប្រើប្រាស់។

អ្នកប្រើប្រាស់​នៅក្រៅ​ពី​តំបន់​ទាំង 2ខាងលើ នឹង​តម្រូវ​ផ្ដល់​សិទ្ធ​សម្រាប់​ឱ្យ Facebook ចូល​យក​ព័ត៌មាន​របស់​ពួកគេ មាន​រួមបញ្ចូល​លេខ​ទូរស័ព្ទ និង​ព័ត៌មាន​អំពី​ការទំនាក់ទំនង​របស់​ពួកគេ ជាមួយ​អ្នកដទៃ។ ទាល់តែ​ព្រម​ផ្ដល់​សិទ្ធិ ទើប​ពួកគេ​អាច​បន្ត​ប្រើប្រាស់ WhatsApp បាន​តទៅទៀត។ ការទាមទារ​នេះ នឹងត្រូវ​អនុវត្ត​លើ​គ្រប់​អ្នកប្រើប្រាស់​ទាំងអស់ ទោះបីជា​ពួកគេ​មិនមាន​គណនី Facebook ក្ដី។

ពេល WhatsApp ប្រកាស​អំពី​ផែនការ នៃ​ការផ្លាស់ប្ដូរ​នេះ​ភ្លាម បានធ្វើឱ្យ Telegram មាន​កំណើន​ចំនួន​ទាញយក​ជិត 1.7លាន​ដងភ្លាមៗ ហើយ​កម្មវិធី Signal (ជា​កម្មវិធី​ផ្ញើ​សារ​ដែល​លោក Elon Musk ណែនាំ​ឱ្យប្រើ​ប្រាស់) មាន​កំណើន​ចំនួន​ទាញយក 1.2លាន​ដង។

ដោយឡែក​ចំនួន​ទាញយក​កម្មវិធី WhatsApp ក្នុង​រយៈពេល 7ថ្ងៃ​ដំបូង នៃ​ឆ្នាំ2021 មានការ​ធ្លាក់ចុះ​ចំនួន 13% មក​នៅត្រឹម 10.3លាន​ដង ប្រសិនបើ​ធៀប​នឹង​អំឡុងពេល 7ថ្ងៃមុន។ ការសម្រេចចិត្ត​របស់ WhatsApp នាពេលនេះ គឺ​ខុសគ្នា​ទាំងស្រុង ប្រៀប​នឹង​ពេលដែល Facebook ទើប​ទិញ WhatsApp ដំបូង​ក្នុង​ឆ្នាំ2014 ក្នុង​ទំហំ​ទឹកប្រាក់ 19ពាន់​លាន​ដុល្លារ។

ពេលនោះ WhatsApp បាន​ធានាថា ទិន្នន័យ​របស់​អ្នកប្រើប្រាស់ នឹង​បន្ត​នៅ​ជា​ឯកជន ហើយ​មិន​ចែករំលែក​ជាមួយ Facebook នោះទេ។ ការផ្លាស់ប្ដូរ​គោលការណ៍​នេះ បានចាប់ផ្ដើម​លេចចេញ​ដំបូង​កាលពី​ឆ្នាំ2016 ពេលដែល WhatsApp ចាប់ផ្ដើម​ចែករំលែក​ទិន្នន័យ​ជាមួយ Facebook ជា​លក្ខណៈ Default ដែល​ពេលនោះ​អ្នកប្រើប្រាស់ អាចមាន​សិទ្ធ​បិទ​មិនឱ្យ​មានការ​ចែករំលែក​បាន។

នៅ​ថ្ងៃទី8 ខែកុម្ភៈ​ខាងមុខនេះ អ្នកប្រើប្រាស់ WhatsApp នឹង​មិនមាន​ជម្រើស​អ្វី​ឡើយ គឺ​ត្រូវតែ​ទទួលយក​ការផ្លាស់ប្ដូរ ដែល​តម្រូវឱ្យ​មានការ​ចែករំលែក​ទិន្នន័យ​របស់ខ្លួន​ជាមួយ Facebook ប្រសិនបើ​ពួកគេ​ចង់​ប្រើប្រាស់ WhatsApp ជា​បន្ត៕

Advertisement