Galaxy S21 Ultra នឹងមាន​បំពាក់​ដោយ​បច្ចេកវិទ្យា Wi-Fi 6E ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បំផុត

បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត​មួយ​គឺ Wi-Fi 6E ដែលជា​បច្ចេកវិទ្យា Wi-Fi ជំនាន់​ថ្មី ល្បឿន​លឿន​ជាង​មុន អាច​នឹង​ត្រូវបាន​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់ Samsung គឺ Galaxy S21 Ultra។

ទាក់ទង​នឹង Wi-Fi 6E នេះដែរ បើ​ផ្អែក​តាម​ឯកសារ​របស់​គណៈកម្មកា​រ​សហព័ន្ធ​ទំនាក់ទំនង របស់​អាមេរិក ឬ​ហៅ​កាត់ FCC បានឱ្យដឹងថា Galaxy S21 Ultra នឹងមាន​បំពាក់​ដោយ​បច្ចេកវិទ្យា Wi-Fi 6E ជា​ស្មា​ត​ហ្វូ​នដំបូងៗគេ ដែលមាន​បំពាក់​បច្ចេកវិទ្យា​នេះ។

ចំណុច​សំខាន់​មួយទៀត​នៃ Galaxy S21 Ultra ដែលមាន​នៅក្នុង​ឯកសារ​របស់ FCC គឺមាន​បញ្ជាក់ អំពី​ការគាំទ្រ​ការប្រើប្រាស់​ប៊ិច S Pen តែ​គេ​នៅតែ​សន្និដ្ឋានថា ប៊ិច S Pen នេះ នឹងមាន​លក់ដាច់​ដោយឡែក មិន​មានមក​ជាមួយ​ស្មា​ត​ហ្វូ​ន​ឡើយ។

ក្រៅពី​បញ្ជាក់​អំពី​មុខងារ Wi-Fi 6E ហើយ ក៏មាន​ការបញ្ជាក់​អំពី​មុខងារ UWB, NFC និង​អាច​សាក​ថ្ម​ឱ្យ​ឧបករណ៍​ផ្សេង ដោយ​មិន​ប្រើ​ខ្សែ​បាន​ផងដែរ។ អ្នកវិភាគ​ដ៏​ជំនាញ របស់​ស្ថាប័ន Barclays បានឱ្យដឹងថា iPhone ដែល​ត្រៀម​ប្រកាស​ចេញ នា​ឆ្នាំ​ក្រោយនេះ ត្រូវបាន​គេ​រំពឹងថា នឹង​បំពាក់​បច្ចេកវិទ្យា​ខាងលើនេះ​ដូចគ្នា៕

Advertisement