Google បញ្ចេញគោលនយោបាយថ្មី អនុញ្ញាតឱ្យកំណត់បន្ថយ Ads ទាក់ទងគ្រឿងស្រវឹង និងល្បែង

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី10 ធ្នូ ក្រុមហ៊ុន Google បាន​បញ្ចេញ​កំណែ​អាប់​ឌែ​ត ក៏ដូចជា គោលនយោបាយ​ថ្មី ទាក់ទង​នឹង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​របស់ខ្លួន។ ចំពោះ​អ្នកប្រើប្រាស់​ទាំងអស់ ដែលមាន​ការរំខាន ដោយសារតែ Ads ពី ល្បែងស៊ីសង ក៏ដូចជា​គ្រឿង​ស្រវឹង​ផង​នោះ នឹងមាន​ឱកាស​ធ្វើការ​កាត់បន្ថយ ឱ្យ​វា​លោត​ចេញមក តិចជាង​មុន​បាន ដោយ​នឹង​ចាប់ផ្ដើម ពី​ដើមឆ្នាំ 2021 ខាងមុខ​តទៅ។

Google បាន​បន្ថែមទៀតថា អ្នកប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក គឺអាច​កំណត់​បាន ជាបណ្ដើរៗហើយ ដោយឡែក អ្នកប្រើប្រាស់​នៅលើ​ទីផ្សារ​សកល គឺ​ត្រូវមាន​ការរង់ចាំ​បន្ដិចទៀត សម្រាប់​ការផ្ដល់ជូន​សិទ្ធិ​អនុញ្ញាត​មួយ​នេះ។

បច្ចុប្បន្ននេះ  អ្នកប្រើប្រាស់​ទាំងអស់ មានតែ​សិទ្ធិ​ក្នុង​ការបិទ​មុខងារ Ad Personalization ប៉ុណ្ណោះ ដែល​មុខងារ​នេះ លោកអ្នក​គ្រាន់តែ​ធ្វើ​ការដាក់​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម ទាក់ទង​ទៅនឹង​សកម្មភាព​ទាំងឡាយណា​បាន​ចុច Search ស្វែង​រកមើល។ ការដែល​វា​លោត​បង្ហាញ​មក​នោះ ត្រូវបាន​គេ​គិតថា រំលោភសិទ្ធិ​ឯកជន។

បើទោះបីជា​មិនអាច​បិទ​បាន​ទាំងស្រុង​ក៏ដោយ យ៉ាងហោចណាស់ អ្នកប្រើប្រាស់​នឹង​អាច​ឃើញ​ពួកវា​តិចជាង​មុន ហើយក៏​លែង​សូវ​មានការ​រំខាន ក៏ដូចជា​ជំរុញ​បង្ខំ​ឱ្យចូល​រួម​តាម​ផងដែរ។ ការបើក​មុខងារ​កាត់​បន្ថយ Ads របស់​ល្បែងស៊ីសង និង​គ្រឿង​ស្រវឹង ក៏​នឹង​ជួយ​ហាមឃាត់ក្មេងៗ មិនឱ្យ​ចូលរួម​តាមដាន​ទៀតផង​ដែរ ដោយសារ​ភាគច្រើន ពួកគេ​ងាយ​នឹងធ្វើ​ទៅតាម ការផ្សព្វផ្សាយ​ទាំងអស់នោះ​ខ្លាំងណាស់។

Advertisement