SpaceX បាញ់​បង្ហោះ​យាន​ដឹកទំនិញ​ជិត 3,000គីឡូក្រាម​ឡើងទៅ​កាន់ ISS

រ៉ុ​ក​កែ​ត​ពីរ​ជាន់ Falcon 9 ដែលមាន​ភ្ជាប់​យានអវកាស Dragon បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស Kennedy រដ្ឋ Florida នៃ​សហរដ្ឋអាមេរិក នៅវេលា​ម៉ោង 11និង17នាទី ថ្ងៃទី 6ធ្នូ ឆ្នាំ2020។

ក្រុមហ៊ុន SpaceX ធ្វើការ​ដឹកជញ្ជូន​ទំនិញ​ឱ្យ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) លើក​ទី 21 ដោយ​ជោគជ័យ។ នេះ​គឺជា​ការបាញ់​បង្ហោះ​លើក​ទី 24 របស់ SpaceX នៅក្នុង​ឆ្នាំនេះ ហើយ​វា​ក៏​ជាការ​បាញ់​បង្ហោះ​លើក​ទី 101 របស់​រ៉ុ​ក​កែ​ត Falcon 9 ផងដែរ។ បញ្ហា​អាកាសធាតុ​បាន​បណ្ដាលឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ពន្យារពេល​បាញ់​បង្ហោះ​មួយថ្ងៃ​ធៀប​នឹង​កាលបរិច្ឆេទ​ដំបូង។

ប្រហែលជា 9នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ ជាន់​ទីមួយ​របស់​រ៉ុ​ក​កែ​ត Falcon 9 ដែលមាន​ឈ្មោះថា B1058 បាន​ត្រលប់​មកកាន់​ផែនដី និង​ចុះចត​នៅលើ​ស្រឡាង “Of Course I Still Love You” របស់ SpaceX ដែល​ស្ថិតនៅលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ ដូច្នេះ B1058 ត្រូវបាន​ប្រើប្រាស់​ជា​លើក​ទី4 ដោយ​សុវត្ថិភាព។ មុននេះ B1058 ក៏​ធ្លាប់​ចូលរួម​ក្នុង​បេសកកម្ម Demo-2 ដែល​នាំយក​អវកាស​ចរ 2រូប ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ការបាញ់​បង្ហោះ​ផ្កាយរណប​ព័ត៌មាន​របស់​កងទ័ព​កូរ៉េខាងត្បូង និង​ការបាញ់​បង្ហោះ​ផ្កាយរណប Starlink របស់ SpaceX ផងដែរ។

នៅក្នុង​ភារកិច្ច​ថ្មី​នេះ យាន Dragon បាន​នាំយក​ទំនិញ 2,903គីឡូក្រាម​ទៅកាន់​ស្ថានីយ ISS។ ទំនិញ​ទាំងនេះ រួមមាន ឧបករណ៍​វិទ្យាសាស្ត្រ និង​សម្ភារ​មួយចំនួន​សម្រាប់​រដូវ​បុណ្យ​ណូអែល។

យាន Dragon នឹង​ត​ភ្ជាប់​ជាមួយ​ស្ថានីយ ISS ក្រោយពី​បាន​បាញ់​បង្ហោះ​ជាង 24ម៉ោង។ ខណៈនោះ គឺជា​លើកដំបូង​ហើយ​ដែល ISS នឹង​ត​ភ្ជាប់​ជាមួយនឹង​យានអវកាស Dragon ចំនួន 2 ក្នុងពេល​តែមួយ។ ក្រៅពីនេះ​ក៏​នៅមាន Crew Dragon Resilience ដែលជា​យាន​ដឹក​អ្នក​អវកាស 4រូប ឡើងទៅ​កាន់ ISS កាលពី​ថ្ងៃទី 15វិច្ឆិកា។

នៅពេល​ត្រលប់​មកកាន់​ផែនដី យាន Dragon នឹង​ចុះចត​លើ​ស្រឡាង​ដែល​ស្ថិតនៅលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជំនួស​ឱ្យ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​សម្រាប់​ក្រុមការងារ​របស់ SpaceX៕

ប្រភព៖ Space

Advertisement