ចិន នឹងក្លាយជាប្រទេសទី3 បើជោគជ័យក្នុងការបាញ់បង្ហោះ យានអវកាសទៅយកសំណាកថ្ម ពីស្ថានព្រះចន្ទ មកផែនដី

ចិន បាន​បញ្ចេញ​បេសកកម្ម​ថ្មី​មួយទៀត ដោយបាន បាញ់​បង្ហោះ​យានអវកាស ទៅ​ពិភព​ស្ថាន​ព្រះ​ចន្ទ​ដើម្បី​ប្រមូលយក​ដុំថ្ម និង​សំណាក​គំរូ​នានា ពី​ផ្ទៃដី​លើ​ពិភព​នោះ មក​ផែនដី កាលពី​ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ។ បើ​បានសម្រេច​នោះ ចិន នឹង​ក្លាយជា​ប្រទេស​ទី3 បន្ទាប់ពី​អាមេរិក និង​អតីត​សហភាពសូវៀត ដែល​បាន​យក​ដុំថ្ម ពី​ស្ថាន​ព្រះ​ចន្ទ មកកាន់​ផែនដី​បានសម្រេច។

យានអវកាស​នេះ​មានឈ្មោះ Chang’e 5(ឆាង​អ៊ើ៥) ត្រូវបាន​បាញ់​បង្ហោះ​តាមរយៈ​គ្រាប់​រ៉ុក្កែត Long March-5Y ចេញពី​ទីតាំង Wenchang ក្នុង​ខេត្ត​ហៃ​ណាន់។

ចិន នឹងដាក់​យានអវកាស​នេះ ឱ្យ​ចុះចត​លើ​ផ្ទៃដី​ភព​ព្រះ​ចន្ទ ត្រង់ចំណុច​មួយ ហៅថា Oceanus Procellarum ដោយ​ប្រមូល​វត្ថុ​ធាតុ​ពី​ភព​ស្ថាន​ព្រះ​ចន្ទ តាមរយៈ​ការ​ខួង​ដី​ជម្រៅ 7ហ្វី​ត ពោលគឺ នឹង​យក​ថ្ម និង​ស្រទាប់ដី ប្រហែល 2គីឡូក្រាម មកកាន់​ផែនដី។ គំរូ​ដែល​យក​ពី​ភព​ស្ថាន​ព្រះ​ចន្ទ​នេះ នឹង​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ យល់ដឹង​កាន់តែ​ស៊ីជម្រៅ អំពី​ប្រភព​កកើត​ដំបូង​នៃ​ភព​ស្ថាន​ព្រះ​ចន្ទ និង​ប្រព័ន្ធ​ព្រះអាទិត្យ៕

Advertisement