Samsung ឈរលេខ1 លើទីផ្សារលក់ស្មាតហ្វូន ឯ Huawei លេខ2 ប្រចាំត្រីមាសទី3 ឆ្នាំ2020

ថ្មីៗនេះ របាយការណ៍​ពី​ក្រុម​អ្នកស្រាវជ្រាវ និង​ព្យាករ​ចរន្ត​លក់​ចេញ​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក Canalys បានឱ្យដឹងថា ត្រីមាស​ទី3 ឆ្នាំ2020 នេះ ហាក់​មាន​ភាពខុសប្លែក​ពី​ត្រីមាសមុន។

ក្រុមហ៊ុន Samsung គឺជា​ក្រុមហ៊ុន​ដែលមាន​ចំនួន​លក់បាន​ច្រើនជាងគេ ក្នុង​ទីផ្សារ​ទូរស័ព្ទ​ឆ្លាត​វៃ​ដោយមាន​ចំណែក​ទីផ្សារ​ប្រមាណ 23% ហើយ​បើ​គិត​ជា​ចំនួន​ទូរស័ព្ទ​ឆ្លាត​ទាំងអស់ ដែល​គេ​បាន​នាំចេញ​នោះ គឺ​ប្រមាណ​ជា​ខ្ទង់ 80.2លាន​គ្រឿង។ ចំនួន​នេះ បាន​កើនឡើង​ប្រមាណ 2% បើ​ធៀប​នឹង​ត្រីមាស​ទី3 ឆ្នាំមុន។

ក្រុមហ៊ុន Huawei ឈរ​ចំណាត់ថ្នាក់​លេខ2 ប៉ុន្តែ​ចំណែក​ទីផ្សារ​វិញ បើ​ធៀប​ជាមួយ Samsung គឺ​ខុសគ្នា។ ក្រុមហ៊ុន​ចិន​មួយ​នេះ មាន​ចំណែក​ទីផ្សារ​ប្រមាណ 14.9% ធ្លាក់ចុះ​ប្រមាណ 23% គិត​ជា​ចំនួន គឺ​ប្រមាណ​ជា​ខ្ទង់ 51.7លាន​គ្រឿង បើ​ធៀប​នឹង​ត្រីមាស​ទី3 ឆ្នាំមុន។

សម្រាប់​ត្រីមាស​នេះ Xiaomi បាន​ឈរលើ​លេខ3 ជំនួស Apple វិញ​ម្ដង។ Xiaomi មាន​ចំណែក​ទីផ្សារ 13.5% ឬ​ប្រមាណ​ជា 47.1លាន​គ្រឿង ដោយ​ចំនួន​លក់បាន​របស់ Xiaomi ក៏មាន​ការកើនឡើង​ខ្ពស់​ដែរ បើ​ធៀប​នឹង​ឆ្នាំមុន ពោលគឺ កើនឡើង​ប្រមាណ 45%។

ចំណាត់ថ្នាក់​ទី4 គឺ Apple មាន​ចំណែក​ទីផ្សារ​ប្រមាណ 12.4% ឬ​មាន​ចំនួន​លក់​ប្រមាណ​ជា 43.2 លាន​គ្រឿង។ ចំនួន​លក់បាន​របស់ Apple ស្ទើរតែ​គ្មាន​ការប្រែប្រួល​ទេ តែ​ថយចុះ 1%  បើ​ធៀប​នឹង​ឆ្នាំមុន។

សរុបមក ស្ថិតិ​នៃ​ចំនួន​លក់បាន ក្នុង​ត្រីមាស​ទី3 មានតែ Huawei មួយ​ប៉ុណ្ណោះ ដែលមាន​ការធ្លាក់ចុះ​ច្រើនជាងគេ បើ​ធៀប​នឹង​ឆ្នាំមុន៕

Advertisement