ទិដ្ឋភាព​យាន​អវកាស​របស់​​អង្គ​ការ NASA ​ហោះ​ចូល​​ទៅ​យកសំណាក​​ដី​នៃ​អាចម៍​ផ្កាយ​វ័យ​4.5​ពាន់​លាន​ឆ្នាំ នៅ​​លើ​​មេឃា​ (វីដេអូ)

ទិដ្ឋភាពយានអវកាសរបស់ NASA ហោះចូល​ទៅយកដីនៃអាចម៍ផ្កាយវ័យ4.5ពាន់លានឆ្នាំ នៅ​លើ​មេឃា (វីដេអូ)

យានអវកាស OSIRIS-REx របស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានចុះចតក្នុងរយៈពេល16វិនាទី នៅ​លើ​ផ្ទៃរបស់ Bennu ដែលជាអាចម៍ផ្កាយមួយ​​ដែល​បាន​កកើត​តាំងពីសម័យដំបូងនៃការចាប់​កំណើត​របស់ប្រព័ន្ធព្រះអាទិត្យ។

NASA បានទទួលជោគជ័យក្នុងបេសកកម្មបញ្ជូន​យាន​អវកាស​ទៅ​ចុះចតលើអាចម៍ផ្កាយមួយដែលមានចម្ងាយ​322​លាន​គីឡូម៉ែត្រពី​ផែនដី។ យានអវកាស OSIRIS-REx បានប្រមូលយក​សំណាកដីពីផ្ទៃអាចម៍ផ្កាយ Bennu ដោយប្រើដៃយន្តរបស់​វា​។

អាចម៍ផ្កាយ Bennu គឺជាបណ្ដុំនៃបំណែកថ្មនៅ​ទី​អវកាស​ដ៏​សែន​ឆ្ងាយ និងមានកម្ពស់ស្មើនឹងអគារ Empire State នៅ​ទីក្រុង New York នៃសហរដ្ឋអាមេរិក។

អង្គការ NASA បានចែករំលែកឱ្យដឹងអំពីសកម្មភាពដែលបានកើតឡើងនៅក្នុងពេល OSIRIS-REx បានចុះ​ចត និងប្រមូលសំណាកដីនៅលើអាចម៍ផ្កាយ Bennu នេះ​។

ដោយសារតែការបញ្ជូននិងការទទួលទិន្នន័យរវាងឧបករណ៍​នៅ​លើ​ផែនដីជាមួយនឹងយានអវកាស OSIRIS-REx នៅ​លើ​អាចម៍​ផ្កាយ​ Bennu យឺតជាងធម្មតា18.5នាទី ទើបបេសកកម្មនេះត្រូវបានគេកំណត់ឱ្យ OSIRIS-REx ធ្វើការដោយស្វ័យប្រវត្តិ ទៅ​តាម​កម្មវិធី​កុំព្យូទ័រ។

OSIRIS-REx បានចុះចតលើផ្ទៃអាចម៍ផ្កាយនេះក្នុងរយៈពេលត្រឹមតែ16វិនាទីប៉ុណ្ណោះ។ បេសកកម្មនេះ ចំណាយពេល4ម៉ោងកន្លះ ប៉ុន្តែ រហូតដល់ឆ្នាំ2023 ទើបយាន OSIRIS-REx នាំយកដីរបស់អាចម៍ផ្កាយនេះត្រលប់មកកាន់ផែនដី។

សំណាក់ដី​ដែលយកមកពីអាចម៍ផ្កាយ Bennu នឹងជួយឱ្យអ្នកវិទ្យាសាស្ត្រយល់ច្បាស់អំពីដំណើរការនៃការកកើតរបស់​​ភព​នានា និងសភាវ​មាន​ជីវិត៕

ប្រភព៖ CNN

Advertisement