ត្រឹមតែ 7ខែ នៃឆ្នាំ2020នេះ ចិននាំចេញស្មាតហ្វូន 5G បានជាង 140លានគ្រឿង

​ថ្មីៗ​នេះ​របាយ​ការណ៍​ពី Counterpoint Research បាន​ប្រកាសឱ្យដឹង ពីចំនួន​នាំ​ចេញ​ស្មាតហ្វូនរបស់ប្រទេសផលិតស្មាតហ្វូនទាំងអស់នៅទូទាំងពិភពលោក។ ក្នុង​នោះ​គេ​​ដឹង​ថា ប្រទេសចិន ដែល​ជា​ប្រទេសផលិត​ស្មាតហ្វូន​ធំ​ជាង​គេ​លើ​ពិភពលោក បាន​នាំ​ចេញស្មាតហ្វូន5G ជាង​​ 140លាន​គ្រឿង​ទៅ​ក្រៅ​ប្រទេស ​ត្រឹម​តែរយៈពេល 7​ខែ​ នៃ​ឆ្នាំ2020 ប៉ុណ្ណោះ។

​តួលេខនាំចេញស្មាតហ្វូន​មាន​5G ដ៏​ច្រើន​សម្បើម​បែប​នេះ មិន​ទាន់​រាប់​បញ្ចូល​ឧបករណ៍​​អេឡិចត្រូនិច​ផ្សេងៗទៀត​ផង។ ​យោង​តាម​ប្រភព​ដដែល​បាន​ឱ្យដឹង​ថា Huawei, Xiaomi, Oppo, Realme និង ​OnePLus ​សុទ្ធ​តែ​ជាក្រុមហ៊ុន​ខ្នាត​យក្ស​ ដែលទទួលបានការ​បញ្ជា​ទិញ​ស្មាតហ្វូន​ទាំងក្នុង និងក្រៅប្រទេសទាំងអស់។ ​លើស​ពី​នេះ​ទៀត ​បច្ចុប្បន្ន​ក្នុង​ប្រទេស​ចិនផ្ទាល់​ ​កំពុងមានការ​សាងសង់​ស្ថានីយ​ផ្គត់ផ្គង់ ​និង​ចែកចាយ​ដែន​សេវា 5G ​បាន​ចំនួន​ច្រើន​ជាង 600,000ទីតាំង​​ហើយ។

សម្រាប់ Apple ​ដែល​គ្រោង​នឹង​បញ្ចេញ iPhone 12 5G ​ក៏​អាច​នឹង​ធ្វើ​ឱ្យចំនួនសរុបនៃការនាំចេញ​ខាង​លើ​នេះ កើន​ឡើង​បន្ថែម​ទៀត​ផង​ដែរ នាដំណាច់​ឆ្នាំ2020 ខាង​មុខ​នេះ៕

Advertisement