Samsung Galaxy S20 Fan Edition ជាស្មាតហ្វូនកម្លាំងខ្លាំង តែតម្លៃទាបជាង S20 ធម្មតា

កាល​ពី​យប់​ថ្ងៃ​ទី24 កញ្ញា​កន្លង​ទៅ ក្រុមហ៊ុន សាមសុង បាន​បង្ហាញ​ចេញ​ផ្លូវការ​នូវ​ស្មាតហ្វូន​ម៉ូដែល​ពិសេស​គឺ Galaxy S20 Fan Edition ដោយ​វា​មាន​បូកបញ្ចូល​លក្ខណសម្បត្តិ​ពិសេសៗ​លើស ​ Galaxy S20 ដែលចេញ​កាល​ពី​ដើម​ឆ្នាំ និង​មាន​តម្លៃ​ទាប​ជាងទៀតផង។

ការ​កុម្ម៉ង់​ទិញ S20 FE លើ​ទីផ្សារ​មួយ​ចំនួន​បាន​បើក​ទទួល​កាលពី​ថ្ងៃ​ទី​23 ខែ​កញ្ញា​ត​ទៅ ហើយ​សម្រាប់​នៅ​អាមេរិក​​មាន​លក់​ផ្ដាច់​មុខ​តែ​ប្រភេទ 5G ក្នុង​តម្លៃ 699​ដុល្លារប៉ុណ្ណោះ ឯ​នៅ​ទីផ្សារ​ចក្រភព​អង់គ្លេស ​មាន​ទាំង​ប្រភេទ 4G និង 5G ដោយ​ប្រភេទ 4G តម្លៃ​ 599​ផោន ( 763ដុល្លារ) និង​ប្រភេទ 5G តម្លៃ​ 699​ផោន (​ 890​ដុល្លារ)។

លក្ខណសម្បតិ្ត​ត្រួសៗ​លើ Galaxy S20 FE គឺ​មាន​ចែក​ចេញ​ជា​ប្រភេទ 4G និង​ប្រភេទ 5G ដែល​ប្រភេទ 4G ប្រើ​ប្រាស់​ឈីប Exynos 990 និង​ប្រភេទ 5G ប្រើ​ប្រាស់​ឈីប​ Snapdragon 865។ ម៉ូដែលទាំង​2​ មាន​ RAM ប្រភេទ LPDDR5 ទំហំ 6GB ដូច​គ្នា និង​ប្រើ​ប្រាស់​អង្គ​ផ្ទុក UFS 3.0 ទំហំ 128GB មាន​រន្ធ​ដោត​មេម៉ូរី​បាន​ទំហំ​ដល់ 1TB។

អេក្រង់​របស់ S20 FE ​មាន​ចោះ​រន្ធ​តូច​ចំ​កណ្ដាល​សម្រាប់​បំពាក់​កាមេរ៉ា​​ទំហំ 32MP ដែល​មាន Aperture f/2.2 ហើយ​វា​មាន​បង្កប់​ទ្រនាប់​ស្គែន​ម្រាម​ដៃ​លើ​អេក្រង់​ ដែលមាន​ទំហំ 6.5អ៊ីញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ ​មាន​ Refresh Rate 120Hz និង​គាំទ្រ​នូវ​ HDR 10+ ហើយ​អេក្រង់​នេះ​ការពារ​ដោយ​កញ្ចក់​ Gorilla Glass 3។

កាមេរ៉ា​ខាង​ក្រោយ​​ 3​គ្រាប់​ ដែល​កាមេរ៉ា​មេ​ទំហំ 12MP មាន​បច្ចេកវិទ្យា​ Dual-Pixel ​និង​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS ហើយ​មាន​ Aperture f/1.8។ កាមេរ៉ា​បន្ទាប់​ជា​ Ultrawide ទំហំ 12MP ដែល​មាន​ Aperture f/2.2 និង​ចុង​ក្រោយ​ជា​កាមេរ៉ា​ Telephoto ទំហំ 8MP ដែល​អាច​ Zoom Optical 3ដង និង Zoom Digital បាន 30ដង ហើយ​មាន​ Aperture f/2.4។ វា​មាន​ថ្ម​ទំហំ 4500mAh អាចសាក​ថ្ម​បាន​ 25វ៉ាត់ និង​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​បាន​​កម្លាំង 15វ៉ាត់ និង​មាន​មុខងារ Wireless PowerShare ទុក​សាក​ថ្ម​ឱ្យ​ឧបករណ៍​ដទៃ​បាន​​ដែរ។

ក្នុង​ប្រអប់​មាន​ដុំ​សាក​កម្លាំង​ត្រឹម​ 15វ៉ាត់​ប៉ុណ្ណោះ និងនៅ​មាន​ចំណុច​ពិសេស​ផ្សេង​ទៀត​​ ដូច​ជា​រន្ធ​បំពង​សំឡេង​ស្ទេរីអូ​ AKG ជា​មួយ​បច្ចេកវិទ្យា​សំឡេង Dolby, សមត្ថភាព​​ធន់​នឹង​ទឹក ​និង​ធូលី​ដី​កម្រិត IP68 និង​ប្រើ​ប្រាស់​ USB-C ជា​មួយ​ USB 3.2 ជា​ដើមទៀតផង៕

Advertisement