យានអវកាសរបស់ Boeing នឹងដឹកមនុស្សទៅកាន់ទីអវកាសចាប់ពីឆ្នាំ2021

យានអវកាសរបស់ Boeing នឹងដឹកមនុស្សទៅកាន់ទីអវកាសចាប់ពីឆ្នាំ2021
យាន​អវកាស​ Starliner របស់​ក្រុម​ហ៊ុន​ Boeing

យានអវកាស Starliner នឹងដឹកអវកាសចរឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នៅឆ្នាំក្រោយ បើសិនជាការហោះហើរសាកល្បងដែលគ្មានមនុស្សបើកនាពេលខាងមុខ ទទួលបានជោគជ័យ។

ក្រុមហ៊ុនផលិតយន្តហោះ និងយានអវកាស Boeing កាលពីថ្ងៃទី25សីហាបានឱ្យដឹងថា ពួកគេកំពុងរៀបចំគម្រោងសម្រាប់ការហោះហើរសាកល្បងគ្មានមនុស្សបើករបស់យាន Starliner ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្នុងខែធ្នូ2020 ឬខែមករា2021 អាស្រ័យទៅលើពេលវេលាសម្រេចជាស្ថាពរនៃការអភិវឌ្ឍផ្នែកទន់ និងការសាកល្បងផ្នែករឹងនៅលើយាន។ ប្រសិនបើការហោះហើរសាកល្បងទទួលបានជោគជ័យ Boeing និង NASA នឹងធ្វើការហោះហើរដោយមានមនុស្សបើកបរជាមួយនឹងយាន Starliner នេះ នៅក្នុងរដូវក្ដៅឆ្នាំ2021។

Boeing កំពុងតែប្រឹងប្រែងបញ្ជាក់អំពីសមត្ថភាពនៃដំណើរការរបស់យានអវកាស Starliner ក្រោយពីមានបញ្ហាបច្ចេកទេសកន្លងមក ដែលនាំឱ្យក្រុមហ៊ុននេះមានការអន់ថយជាងគូប្រជែង SpaceX ក្នុងការនាំមនុស្សឡើងទៅកាន់ទីអវកាស។ កាលពីខែធ្នូ2019 Boeing បានធ្វើការហោះហើរសាកល្បងដោយគ្មានមនុស្សបើកជាលើកដំបូងទៅកាន់ទីអវកាសម្ដងរួចហើយ ប៉ុន្តែ ដោយសារមានបញ្ហាផ្នែកទន់ និងបញ្ហានៅលើឧបករណ៍កំណត់ម៉ោងស្វ័យប្រវត្ត យាន Starliner ក៏មិនអាចតភ្ជាប់ជាមួយនឹងស្ថានីយអវកាសអន្តរជាតិបាន ហើយត្រូវវិលត្រលប់មកកាន់ផែនដីវិញ មុនកាលកំណត់1សប្ដាហ៍។

កាលពីខែកុម្ភៈ2020 គណៈគ្រប់គ្រងផ្នែកសុវត្ថិភាពរបស់ NASA បានរកឃើញថា Boeing វិះនឹងត្រូវរងការ​ខូចខាតធ្ងន់ធ្ងរនៅក្នុងការសាកល្បង។ កាលណោះ NASA បានស្នើឱ្យមានការពិនិត្យឡើងវិញនូវដំណើរការនៃការត្រួតពិនិត្យលើផ្នែកទន់របស់ក្រុមហ៊ុន Boeing នៅមុនពេលអនុញ្ញាតឱ្យយាន Starliner ដឹកមនុស្សទៅកាន់ទីអវកាស។

យានអវកាសរបស់ Boeing នឹងដឹកមនុស្សទៅកាន់ទីអវកាសចាប់ពីឆ្នាំ2021
Starliner ធ្លាប់​ទទួល​បរាជ័យ​ម្ដង​រួច​ហើយ​នៅក្នុង​ការ​តភ្ជាប់​ជាមួយ​ស្ថានីយ​អវកាស​អន្តរ​ជាតិ​

ក្រុមហ៊ុន Boeing បានចំណាយពេលរាប់ទសវត្សរ៍ដើម្បីអភិវឌ្ឍយានអកវាស Starliner សម្រាប់ដឹកមនុស្សឡើងទៅកាន់ទីអវកាស។ ទីភ្នាក់ងារអវកាសអាមេរិក NASA បានចុះកិច្ចព្រមព្រៀង អនុញ្ញាតឱ្យក្រុមហ៊ុន Boeing អភិវឌ្ឍយានអវកាសដែលអាចដឹកអវកាសចរឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាមួយនឹងខ្ទង់ចំណាយចំនួន4.2ពាន់លានដុល្លារកាលពីឆ្នាំ2014 ក្រោយពីបានបញ្ឈប់កម្មវិធីយានអវកាស Space Shuttle។ តាមគម្រោងដំបូង យាន Starliner នឹងត្រៀមខ្លួនរួចរាល់ក្នុងការបំពេញបេសកកម្មចាប់ពីឆ្នាំ2017 ក៏ប៉ុន្តែ វាត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន ដោយសារតែជួបបញ្ហាច្រើនផ្នែកបច្ចេកទេស៕

ប្រភព៖ Reuters

Advertisement