ឆ្នាំមុន ក្រុមហ៊ុនបង្កើត TikTok រកប្រាក់ចំណូលបាន $17ពាន់លាន

ក្រុមហ៊ុនមេ ByteDance ដែល​បង្កើត​កម្មវិធី TikTok អាច​រកប្រាក់​ចំណូល​បាន 17ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ2019 កន្លងទៅ។ ពោលគឺ វា​បានការ​កើនឡើង​ជាង 2ដង ធៀប​នឹង​ឆ្នាំ2018 ដែល​រក​បានតែ​ប្រមាណ​ជា 7.4ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Bloomberg។

សម្រាប់​ក្រុមហ៊ុនមេ ByteDance ការរកបាន​ប្រាក់ចំណូល​ដ៏​ច្រើន​មហាសាល​នេះ គឺ​ច្រើនជាង​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនៅ​តំបន់ Silicon Valley របស់​អាមេរិក​ទៅទៀត ដូចជា Twitter រកប្រាក់​ចំណេញ​បាន 1.47ពាន់​លាន​ដុល្លារ និង Snapchat ឆ្នាំមុន​មិនអាច​រកប្រាក់​ចំណេញ​បានឡើយ មានតែ​ខាតបង់​ទៅវិញ។ ប្រជាប្រិយភាព​របស់ TikTok មាន​សម្ទុះ​កើនឡើង​ខ្លាំង ដែល​ការណ៍​នេះ គឺជា​ការគំរាមកំហែង​ដល់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​អាមេរិកធំៗ ដូចជា Facebook និង Twitter ជាដើម។

ការផ្ទុះ​ជំងឺ​កូ​វីដ-19 បានធ្វើឱ្យ​អ្នកប្រើប្រាស់ TikTok កើន​រឹតតែ​ខ្លាំង​ឡើង ដែល​មល​ដល់ពេលនេះ មាន​អ្នក​ប្រើ​លើសពី 2ពាន់​លាន​នាក់​ទៅហើយ៕

Advertisement