បុគ្គលិក​ម្នាក់​ៗ​របស់​​ Facebook ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​​1,000​ដុល្លារ​ ដើម្បី​ទិញ​ឧបករណ៍​​សម្រាប់​បន្ត​ធ្វើការ​ពីចម្ងាយ​

បុគ្គលិក​ម្នាក់​ៗ​របស់​​ Facebook ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​​1,000​ដុល្លារ​ ដើម្បី​ទិញ​ឧបករណ៍​​សម្រាប់​បន្ត​ធ្វើការ​ពីចម្ងាយ​

Facebook អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ពី​ចម្ងាយ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​2021​ ព្រម​ទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក​ម្នាក់​ៗ​ចំនួន​1,000​ដុល្លារ​ដើម្បី​ទិញ​សម្ភារៈ​សម្រាប់​ធ្វើ​ការ​នៅ​ឯផ្ទះ​ ក្នុង​គ្រា​ដែល​រលក​ទី2​របស់​COVID-19បាន​​បង្ហាញ​ខ្លួន​។

យោង​តាម​ Reuters ព័ត៌មាន​ខាង​លើ​នេះ​ត្រូវ​បាន​អ្នកនាំ​ពាក្យ​របស់​ Facebook ទទួល​ស្គាល់​កាល​ពី​ថ្ងៃទី​6​សីហា​​ថា៖ “បន្ទាប់​ពី​បាន​ពិនិត្យ​ទៅ​លើ​ការ​ណែ​នាំ​របស់​អ្នក​ជំនាញ​ការ​ផ្នែក​សុខាភិបាល​​ និង​រដ្ឋាភិបាល​ ក៏ដូច​ជា​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​អំពី​បញ្ហា​នេះ យើង​​ក៏​សម្រេច​អនុញ្ញាត​ឱ្យ​បុគ្គលិក​បន្ត​ធ្វើ​ការ​ពី​ផ្ទះ​ដោយ​ស្ម័គ្រ​ចិត្ត​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​”។

មុន​នោះ បុគ្គលិក​របស់​ Facebook ចំនួន​45,000​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ពីចម្ងាយ​តាំង​ពី​ខែ​មីនា ប៉ុន្តែ​មិន​ទាន់​បានកំណត់​ច្បាស់​លាស់​ថា ពេល​ណា​ទើប​អាច​ត្រលប់​មក​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​វិញ​នោះ​ទេ​។ ពួក​គេ​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​ពេញ​លេញ​ ព្រម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​1,000​ដុល្លារ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​សម័យ​COVID-19នេះ​។

កាល​ពី​ចុង​ខែកក្កដា Google ក៏ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំដំបូង​គេ​​នៅ​ជ្រលង​ភ្នំ​Silicon បាន​ប្រកាស​បន្ត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ចំនួន​ជិត​200,000​នាក់​នៅ​ទូទាំង​ពិភពលោក​ បំពេញ​ការ​ងារ​ពី​ចម្ងាយ​​រហូត​ដល់​ខែ​មីថុនា​ឆ្នាំ​2021​។

លោក​ Sundar Pichai ដែលជា​ CEO របស់​ Alphabet (Google) បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ដែល​ផ្ញើ​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​ថា “ខ្ញុំ​ដឹង​ថាប្រការ​នេះ​មិន​ងាយ​ស្រួល​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា ការ​សម្រេច​ចិត្ត​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​​ មាន​​ភាព​ម្ចាស់​ការ​ជាង​មុន​ក្នុងការ​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​រវាង​ការ​ងារ​ក្រុម​ហ៊ុន​និង​ការ​ថែរក្សា​សុខ​ភាព​ផ្ទាល់ខ្លួន​​ រួម​នឹង​គ្រួ​សារ​ក្នុង​រយៈ​ពេល​12​ខែ​ទៅមុខ​ទៀត​”។

ចំណែក​ក្រុម​ហ៊ុន​ Microsoft មក​​ដល់​បច្ចុប្បន្ន​មិន​ទាន់​បាន​ចេញ​សេចក្ដី​​កែ​ប្រែ​លើ​ការ​ប្រកាស​​កាល​ពី​ពេល​កន្លង​ទៅ​ដែល​ថា​នឹង​អនុញ្ញាត​ឱ្យ​បុគ្គលិក​ចូល​ធ្វើការ​ក្នុង​ក្រុម​ហ៊ុន​វិញ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ឡើយ​។ រីឯ​ក្រុម​ហ៊ុន​ Apple ឯណោះ ក៏​បាន​ធ្វើ​សកម្ម​ភាព​ទៅ​តាម​កាលៈ​ទេសៈ​ ដោយ​បើក-បិទ​ហាង​របស់​ខ្លួន​ទៅ​តាម​ការ​ប្រែ​ប្រួល​នៃ​ស្ថាន​ភាព​របស់​COVID-19៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement