វិធីការពារមេរោគ ឆ្លងចូលកុំព្យូទ័រ នៅលើ Windows ដែលអ្នកគួរតែដឹង

ប្រព័ន្ធ​សុវត្ថិភាព​គ្រប់​ឧបករណ៍ប្រើប្រាស់ ជា​កត្តាចាំបាច់​ដែល​អ្នក​រាល់គ្នា​ត្រូវ​ខ្វាយខ្វល់​ជាប្រចាំ ដើម្បី​បញ្ចៀស​ការវាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត រហូត​ឈានដល់​ការបាត់បង់​ទិន្នន័យ ឬ​ទង្វើ​គំរាមកំហែង​បែបណា​មួយ។ ខាងក្រោម​នេះ គឺជា​ចំណុចងាយៗ ដែល​អ្នក​អាចអនុវត្ត​បាន ដើម្បី​ទប់ស្កាត់​ការឆ្លង Malware ចូល​កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ Windows។

1.ដំឡើង និង Update កម្មវិធី​សម្លាប់​មេរោគ

ដើម្បី​ទប់ស្កាត់ Malware កុំឱ្យ​ឆ្លង​ចូល​កុំព្យូទ័រ អ្នកប្រើប្រាស់​មាន​ជម្រើស​ច្រើន​ក្នុង​ការដំឡើង​កម្មវិធី Anti-virus ប្រភេទ​ណាមួយ ប៉ុន្តែ Microsoft បានផ្តល់​ជម្រើស​ឥតគិតថ្លៃ គឺ Windows Defender Security។ យ៉ាងណាមិញ អ្នកប្រើប្រាស់​ក៏ត្រូវ​តែ​ធ្វើការ Update ជាប្រចាំ​ដែរ ដើម្បី​ទទួលបាន​ការបន្ថែម​មុខងារ​ថ្មី និង​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ឱ្យ​កាន់តែ​ខ្ពស់​ពី​សំណាក់ Developers។

2.Update ជំនាន់ Windows ជាប្រចាំ

Hacker រមែង​រុករក​មធ្យោបាយ​ថ្មី ក្នុងការ​បំបែក​ចន្លោះប្រហោង​សុវត្ថិភាព​នៃ​ប្រព័ន្ធ Windows នេះ​ជា​មូលហេតុ​ដែល Microsoft ព្យាយាម​ទប់ស្កាត់​តាម​ការបញ្ចេញ​ជំនាន់ Update តូចៗរៀងរាល់ថ្ងៃ​អង្គារ ក៏ដូចជា​ការ Update ធំ​រៀងរាល់ 1 ឬ2ដង ក្នុង 1ឆ្នាំ។ សូម​ចុច​ស្វែងរក Windows Update ត្រង់​ទីតាំង Start Menu និង​បើក Check for updates ដើម្បី​ដំឡើង​ជំនាន់​ថ្មី។

3.បើកមុខ​ងារ Windows Firewall

មុខងារ​មាន​ស្រាប់​មកពី​នាយ Firewall នេះ អាច​ការពារ PC របស់​អ្នក​ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន ដូច្នេះ​ដើម្បី​បើក​ដំណើរការ​សូម​ចូលទៅ​កាន់ Windows Firewall ហើយ​បើក Turn On ប្រសិនបើ​ឃើញ​ពណ៌​បៃតង នោះ​មានន័យថា ដំណើរការ​ធម្មតា។

4.ប្រើប្រាស់ Browser ជំនាន់​ចុងក្រោយបង្អស់

កុំ​ថា​តែ​អ្វី​នោះ Browserក៏មាន​ផ្ទុក Bugs ដូចគ្នា ចំណុច​នេះហើយ​អ្នក​ត្រូវ​ជ្រើសរើស​កម្មវិធី​ណា​ដែល​គួរឱ្យ​ទុកចិត្តបាន។ អាច​ថា Google Chrome ឬ Firefox ប៉ុន្តែ​កុំ​ភ្លេច​ស្វែងរក​ជំនាន់​ថ្មី​ចុងក្រោយ ព្រោះ​វា​មាន​មុខងារ​ការពារ​សុវត្ថិភាព​ខ្ពស់ ឬ​បើក​មុខងារ Automatically Update បាន​កាន់តែ​ប្រសើរ។

5.កុំ​ធ្លាក់​ក្នុង​ល្បិចកល​ឱ្យ​វាយ​បញ្ចូល Email

ការ​សួរ​ឱ្យ​អ្នក​វាយ​បញ្ចូល Login គណនី Email ចូលទៅ​កាន់​គេហទំព័រ​ណាមួយ ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​នោះ សុទ្ធសឹងតែ​ជា​ល្បិចកល​បោក​បញ្ឆោត​របស់ Hacker ទាំងអស់។ ចំណុច​នេះ Website ដែល​មិន​ប្រាកដប្រជា​មួយចំនួន ក៏​នឹងត្រូវ​ចាប់បាន​ពី Browser ភ្លាមៗ ប្រសិន​ណា​ជា​ប្រភេទ Spam Link ជាហេតុ​ដែល​អ្នក​ត្រូវអនុវត្ត​ចំណុច​ទី4 បាន​ល្អិតល្អន់។

6.ប្រើប្រាស់ Windows Malicious Software Removal Tool

ក្រៅពី Windows Defender អ្នក​ក៏មាន​ជម្រើស​សាមញ្ញ​មួយទៀត មានឈ្មោះ Malicious Software Removal Tool របស់​ក្រុមហ៊ុន Microsoft ដូចគ្នា។ ជា​កម្មវិធី​ដែល​ត្រួតពិនិត្យ និង​ចាប់បានភ្លាមៗនូវ​ប្រភេទ Malware មួយចំនួន ពោលគឺ​ងាយស្រួល​ប្រើ ប៉ុន្តែ​មិនបាន​ពេញលេញ​ដូច​កម្មវិធី Anti-virus ធំៗឡើយ៕

Advertisement